០៥ កុម្ភៈ ២០២៦

Written on 12/09/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី០៤ ឆ្នាំ«គូ» 
ពណ៌ក្រហម 

បុណ្យរម្លឹក
សន្តីអាហ្គាថ ជាព្រហ្មចារិនី និងជាមរណសាក្សី
សូមចុចទីនេះ

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី១ (១ពង្ស ២,១-៤.១០-១២)

ព្រះបាទដាវីឌជ្រាបថា ទ្រង់ជិតចូលទិវង្គហើយ ទ្រង់ហៅសាឡូម៉ូនជាបុត្រមក​​ផ្តែផ្តាំថា៖«បិតាជិតលាចាកលោកនេះហើយ ចូរបុត្រមានចិត្តក្លាហាន ឱ្យសមជា​មនុស្សពេញលក្ខណៈ! ចូរមានចិត្តស្មោះត្រង់នឹងព្រះអម្ចាស់ ជាព្រះរបស់បុត្រ។ ចូរប្រព្រឹត្តតាមព្រះហប្ញទ័យរបស់ព្រះអង្គជានិច្ច ហើយកាន់តាមវិន័យ តាមបញ្ជា តាមច្បាប់ និងតាមដំបូន្មានដែលមានចែងទុកក្នុងធម្មវិន័យរបស់លោកម៉ូសេ ដើម្បីឱ្យបុត្រមានជោគជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទីកន្លែងដែលបុត្រទៅ។ ពេលបុត្រ​ប្រព្រឹត្តដូច្នេះ ព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបិតាថា «បើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ាដែលខ្លួនដើរ ហើយមានចិត្ត​ភក្តីចំពោះយើង ព្រមទាំងប្រតិបត្តិតាមយើងដោយស្មោះ និងគ្មានចិត្តវៀចវេរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច»។  ព្រះបាទ​ដាវីឌសោយទិវង្គត ហើយគេបញ្ចុះសពស្តេចនៅបុរីព្រះបាទដាវីឌ។ ព្រះបាទដាវីឌគ្រងរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុង​​ហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។ ព្រះបាទសាឡូម៉ូនជាបុត្រ ឡើស្នងរាជ្យព្រះបាទដាវីឌ ហើយរាជ្យរបស់ព្រះបាទសាឡូម៉ូនរឹងមាំណាស់។

ទំនុកតម្កើងរបាក្សត្រ ភាគទី១ ២៩,១០-១២ បទកាកគតិ

១០
ឥឡូវនេះខ្ញុំ
មានបំណងធំ
ចង់ចងសម្ពន្ធ

មេត្រីជាមួយ
ព្រះអង្គបន្ទាន់
ជាព្រះនៃជន


ជាតិអ៊ីស្រាអែល

ខ្ញុំសូមអង្វរ
ព្រះម្ចាស់បវរ
បារមីក្រាស់ក្រែល

សូមទ្រង់ពង្វាង
ព្រះពិរោធដែល
គ្រប់គ្រងក្រវែល


លើយើងគ្រប់គ្នា
១១
ពេលនេះកូនចៅ
ទាំងអស់គ្នាត្រូវ
ឈប់ធ្វើខ្ជីខ្ជា

ដ្បិតព្រះអម្ចាស់
ជ្រើសអ្នករាល់គ្នា
បំពេញមុខងារ


បម្រើព្រះអង្គ

ទ្រង់សព្វហប្ញទ័យ
លើអ្នកពេកក្រៃ
ឈរពីមុខទ្រង់

បម្រើកិច្ចការ
តាមព្រះបំណង
គ្រឿងក្រអូបផង


ដាក់ថ្វាយគ្មានទាស់
១២
ពេលនោះកូនចៅ
លេវីមិននៅ​
ក្រោកឡើងទាំងអស់

ជម្រះដំណាក់
វិសុទ្ធឥតទាស់
ថែមទាំងជម្រះ


ខ្លួនពួកគេផង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មក ១,១៥)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយ​ចូរនាំគ្នាជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៦,៧-១៣)

ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កទាំងដប់ពីរនាក់មក រួចទ្រង់ចាត់គេពីរនាក់ៗឱ្យទៅជាលើកទីមួយ ទាំងប្រទានឱ្យគេមានអំណាចដេញខ្មោចផង។ ព្រះអង្គផ្តែផ្តាំគេមិនឱ្យ​យកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន ចូរពាក់ស្បែកជើង តែមិនត្រូវយក​អាវពីរបន្លាស់ទៅជាមួយឡើយ»។ ព្រះអង្គមានព្រះបន្ទូល​ថា៖ «បើអ្នក​រាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ​ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែង​នោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ ក្រុមសាវ័កក៏ចេញទៅប្រកាស ឱ្យមនុស្សម្នាកែប្រែចិត្ដគំនិត។ គេដេញអារក្ស​ជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសគេ​ឱ្យបានជាសះស្បើយ។