ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី៣៣ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន (វវ ១,១-៥;២,១-៥)
នេះជាហេតុការណ៍ដែលព្រះយេស៊ូគ្រីស្ដបានសម្ដែងឱ្យឃើញ គឺព្រះជាម្ចាស់ប្រទានឱ្យព្រះអង្គបង្ហាញព្រឹត្តិការណ៍ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះឱ្យពួកអ្នកបម្រើរបស់ព្រះអង្គដឹង។ ព្រះយេស៊ូបានចាត់ទេវទូតរបស់ព្រះអង្គឱ្យមកប្រាប់លោកយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ លោកយ៉ូហានបានធ្វើជាបន្ទាល់អំពីហេតុការណ៍ទាំងប៉ុន្មានដែលលោកបានឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាសក្ខីភាពរបស់ព្រះយេស៊ូគ្រីស្ដ។ អ្នកណាអានសៀវភៅនេះ អ្នកនោះមានសុភមង្គលហើយ! អស់អ្នកដែលស្ដាប់ពាក្យលោកថ្លែងក្នុងនាមព្រះជាម្ចាស់ ហើយប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកមកនេះ ក៏មានសុភមង្គលដែរ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។ ខ្ញុំយ៉ូហាន សូមជម្រាបមកព្រះសហគមន៍ទាំងប្រាំពីរនៅស្រុកអាស៊ី។ សូមព្រះអង្គដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក មេត្តាប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន។ សូមព្រះវិញ្ញាណទាំងប្រាំពីរដែលស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងព្រះយេស៊ូគ្រីស្ដ ប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្តដល់បងប្អូនដែរ! ព្រះយេស៊ូជាបន្ទាល់ដ៏ស្មោះត្រង់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឱ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ «ចូរសរសេរទៅកាន់ទេវទូតរបស់ព្រះសហគមន៍ នៅក្រុងអេភេសូដូចតទៅ៖ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដាំ ហើយដែលយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ ព្រះអង្គមានព្រះបន្ទូលថាៈ “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ត ហើយក៏ស្គាល់ការនឿយហត់ និងការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាគ្រីស្ដទូត ហើយឃើញថា ពួកនោះមិនមែនជាគ្រីស្ដទូតទេ គឺជាអ្នកកុហក។ អ្នកមានចិត្តព្យាយាម អ្នកបានរងទុក្ខលំបាក ព្រោះតែនាមយើងឥតបាក់ទឹកចិត្តសោះឡើយ។ ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកលែងមានចិត្តស្រឡាញ់ដូចអ្នកមាន កាលពីដើមដំបូង។ ដូច្នេះ ចូរនឹកគិតឡើងវិញថា តើអ្នកបានធ្លាក់ចុះពីណាមក ចូរកែប្រែចិត្តគំនិត ហើយប្រព្រឹត្តអំពើដែលអ្នកធ្លាប់ប្រព្រឹត្ត កាលពីដើមនោះឡើងវិញ។
ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ
| ១ | អ្នកមិនប្រព្រឹត្ត | តាមមនុស្សទុច្ចរិត | មិនស្គាល់ទូន្មាន |
| ហើយមិនចូលចិត្ត | ដើរតាមស្នាមដាន | អ្នកនោះនឹងមាន | |
| មង្គលពេកក្រៃ | ។ | ||
| ២ | តែតាមការពិត | ពួកគេចូលចិត្ត | នឹងធម្មវិន័យ |
| របស់ព្រះជាម្ចាស់ | ទាំងយប់ទាំងថ្ងៃ | សញ្ជឹងរំពៃ | |
| ឥតមានភ្លេចភ្លឹង | ។ | ||
| ៣ | អ្នកនោះប្រៀបបាន | ដើមឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក |
| មិនស្លោកស្រពោន | ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក | |
| តាមកាលរដូវ | ។ | ||
| ៤ | រីមនុស្សអាក្រក់ | មានចិត្តគម្រក់ | កេរ្ដិ៍ឈ្មោះអាស្រូវ |
| ពួកគេប្រៀបបាន | អង្គាមដែលត្រូវ | ខ្យល់ផាត់ប៉ើងទៅ | |
| បាចសាចខ្ចាត់ខ្ចាយ | ។ | ||
| ៥ | ថ្ងៃព្រះអម្ចាស់ | វិន័ច្ឆ័យទោស | ជនពោលទាំងឡាយ |
| ព្រមទាំងមនុស្សបាប | មិនស្ថិតស្ថេរឡើយ | ត្រូវតែឃ្លាតឆ្ងាយ | |
| ពីអ្នកសុចរិត | ។ | ||
| ៦ | ដ្បិតព្រះអម្ចាស់ | ស្គាល់ប្រាកដណាស់ | មាគ៌ាប្រណីត |
| នៃមនុស្សល្អ | ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ | |
| នាំខ្លួនអន្ដរាយ | ។ |
ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (យហ៨,១២)
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ដ! ព្រះអង្គពិតជាពន្លឺបំភ្លឺពិភពលោកមែន! អ្នកណាទៅតាមព្រះអង្គ អ្នកនោះមានពន្លឺដែលនាំគេទៅកាន់ជីវិត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១៨, ៣៥-៤៣)
កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរីខូ មានមនុស្សខ្វាក់ម្នាក់អង្គុយសុំទាននៅតាមផ្លូវ។ ពេលគាត់ឮស្នូរបណ្ដាជនដើរតាមនោះ គាត់សួរគេថាមានរឿងអ្វី គេប្រាប់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងមកតាមផ្លូវនោះ។ មនុស្សខ្វាក់ក៏ស្រែកឡើងថា៖«ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។ ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់ឱ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖«ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង!»។ ព្រះយេស៊ូក៏ឈប់ ហើយបញ្ជាគេឱ្យនាំគាត់ចូលមកជិតព្រះអង្គ។ លុះមនុស្សខ្វាក់ដើរចូលមក ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖«តើអ្នកចង់ឱ្យខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសឱ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរឱ្យភ្នែកអ្នកបានភ្លឺឡើងវិញចុះ»។ រំពេចនោះ គាត់មើលឃើញវិញភ្លាម ហើយគាត់ក៏តាមព្រះយេស៊ូទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងព្រះជាម្ចាស់ទាំងអស់គ្នា។