១០ វិច្ឆិកា ២០២៦

Written on 24/02/2026
Catholic Faith Cambodia

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី៣២ ឆ្នាំ«គូ»
ពណ៌ស

បុណ្យរម្លឹក
សន្តឡែអូ ជាជណដ៏ប្រសើរឧត្តម
ជាសម្តេចប៉ាប និងជាគ្រូបាធ្យាយ

សូមចុចទីនេះ

លោកឡេអូ (ប្រ. ៣៩៥-៤៦១) ទទួលមុខងារធ្វើជាអភិបាលក្រុងរ៉ូមនៅ គ.ស ៤៤០។ លោកពូកែពន្យល់គម្ពីរយ៉ាងច្បាស់ ជាពិសេសលោកបញ្ជាក់លទ្ធិគ្រីស្តសាសនាអំពីឋានៈរបស់ព្រះយេស៊ូដែលពិតជាមនុស្សផង និងពិតជាព្រះជាម្ចាស់ផង។ អស់លោកអភិបាលដែលជួបជុំគ្នាជាមហាសន្និបាទក្រុងកាលសេដូននៅឆ្នាំ ៤៥១ ទទួលស្គាល់សេចក្តីដែលលោកតែងបង្រៀននោះ ទុកជំនឿរបស់ព្រះសហគមន៍។ លោកចាត់ចែងក្បួនពិធីជាច្រើនសម្រាប់ព្រះសហគមន៍អនុវត្ត។ លោកក៏មានចិត្ដក្លាហានធ្វើអន្តរាគមន៍ការពារក្រុងរ៉ូម ឱ្យរួចពីខ្មាំងដែលបម្រុងវាយសម្រុកក្រុងនោះ។ ឈ្មោះ “ឡេអូ” ប្រែថា “តោ”។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកទីតុស (ទត ២,១-៨.១១-១៤)

ចំពោះ​អ្នក​វិញ ត្រូវ​និយាយ​តែ​សេចក្ដី​ណាដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ។ ចូរ​ជម្រាប​លោក​តា​ចាស់ៗកុំ​ឱ្យស្រវឹង​ស្រា ត្រូវ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មាន​ចិត្ត​ធ្ងន់ មាន​ជំនឿ​ស្អាត‌ស្អំ មាន​ចិត្ត​ស្រឡាញ់ និង​ចេះ​ស៊ូ‌ទ្រាំ។ រីឯ​លោក​យាយ​ចាស់ៗ​វិញ ក៏​ដូច្នោះ​ដែរ ចូរ​ជម្រាប​គាត់ឱ្យ​កាន់​កិរិយា​មារយាទ សម​ជា​អ្នក​ដែល​មាន​ជីវិត​ដ៏‌វិសុទ្ធ កុំឱ្យ​និយាយ​មួល​បង្កាច់​គេ ឬ​ចំណូល​ស្រា​ឡើយ។ គាត់​ត្រូវ​ចេះ​ផ្ដល់​យោបល់​ល្អៗ ដើម្បី​ជួយ​អប់រំ​ស្ត្រីៗ​ដែល​នៅ​ក្មេង​ឱ្យចេះ​ស្រឡាញ់​ស្វាមី និង​ស្រឡាញ់​កូន​របស់​ខ្លួន ឱ្យ​មាន​ចិត្ត​ធ្ងន់ មាន​ចរិយា​បរិសុទ្ធ យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ច‌ការ​ក្នុង​ផ្ទះ​សំបែង មាន​ចិត្ត​ល្អ គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន។ ធ្វើ​ដូច្នេះ គ្មាន​នរណា​អាច​មួល​បង្កាច់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឡើយ។ រីឯ​ពួក​យុវជន​វិញ ចូរ​ដាស់‌តឿន​គេ​ឱ្យ​មាន​ចិត្ត​ធ្ងន់​គ្រប់​វិស័យ​ទាំង​អស់។ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ធ្វើ​ជា​គំរូ​ដល់​គេ គឺ​បង្រៀន​គេ​យ៉ាង​ស្អាត‌ស្អំ និង​ថ្លៃ‌ថ្នូរ និយាយ​ពាក្យ​សម្ដី​ត្រឹម​ត្រូវ ដែល​រក​រិះគន់​មិន​កើត។ ធ្វើ​ដូច្នេះ ពួក​អ្នក​ប្រឆាំង​នឹង​បាក់​មុខ ព្រោះ​គេ​រក​អ្វី​និយាយ​អាក្រក់​ពី​យើង​មិន​បាន។ ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​មក ដើម្បី​សង្គ្រោះ​មនុស្ស​ទាំអស់ ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​នេះ អប់រំ​យើង​ឱ្យលះ‌បង់​ចិត្តដែល​មិន​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ចោល ឱ្យ​លះ‌បង់​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​លោកីយ៍ ដើម្បី​ឱ្យ​យើង​រស់​នៅ​ក្នុង​លោក​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត និង​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ ទាំង​ទន្ទឹង​រង់‌ចាំ​សុភមង្គលតាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​រង់‌ចាំ​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង យាង​មក​ប្រកប​ដោយ​សិរី‌រុង​រឿង។ ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឱ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌​រាស្ដ្រ​មួយ​ទុក​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ជា​ប្រជា‌រាស្ដ្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ។

ទំនុកតម្កើងលេខ ៣៧(៣៦),៣-៤.១៨.២៣.២៧.២៩ បទព្រហ្មគីតិ

ចូរធ្វើអំពើល្អ ចិត្តស្មោះសរផ្ញើជីវិត  
  លើព្រះដ៏សក្ដិសិទ្ធ នោះអ្នកពិតជាសុខសាន្ដ
ចូរស្វែងរកមង្គល កុំបីខ្វល់ឬខកខាន  
  ព្រះអង្គនឹងប្រទាន ឱ្យអ្នកមានតាមបំណង
១៨ ព្រះម្ចាស់យកព្រះទ័យ ទុកដាក់ក្រៃនឹងជីវិត  
  រក្សាមិនឱ្យបាត់ នៅស្ថេរស្ថិតជាកេរកោះ
២៣ ព្រះម្ចាស់បានពង្រឹង ជំហរនឹងមនុស្សសុចរិត  
  ឱ្យបានមាំមួនពិត រួចទ្រង់គិតសព្វព្រះទ័យ
២៧ ចូរកុំធ្វើអាក្រក់ រឿងគម្រក់កុំទៅក្បែរ  
  នោះអ្នកនឹងស្ថិតស្ថេរ លើដីកេរតរៀងទៅ
២៩ អ្នកត្រង់នឹងទទួល ដីនិមលជាកេរកោះ  
  ជិវិតគេនឹងរស់ លើដីនោះរហូតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន១២៨,១)

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលកោតខ្លាចព្រះជាម្ចាស់ និងដើរតាមមាគ៌ារបស់ព្រះអង្គពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១៧,៧-១០) 

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា នរណា​ម្នាក់​មាន​អ្នក​បម្រើ​ទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ហ្វូង​សត្វ។ ពេល​អ្នក​បម្រើ​នោះ​វិល​ត្រឡប់​មក​ពី​ស្រែ​វិញ ម្ចាស់​មិន​ដែល​និយាយ​ថា “សូម​អញ្ជើញ​មក​ពិសា​បាយ” ទេ។ ផ្ទុយ​ទៅ​វិញ ម្ចាស់​តែង‌តែ​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ចូរ​រៀប‌ចំ​បាយ​ទឹកឱ្យខ្ញុំ រួច​ទៅ​ផ្លាស់​ខោ‌អាវ​មក​បម្រើ​ខ្ញុំ ពេល​ខ្ញុំ​បរិភោគ ចាំ​ខ្ញុំ​បរិភោគ​រួច សឹម​អ្នក​បរិភោគ​តាម​ក្រោយ”។ ម្ចាស់​មិន​ដែល​អរ‌គុណ​អ្នក​បម្រើដែល​បាន​ធ្វើ​តាម​បង្គាប់​ខ្លួន​នោះ​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់​សព្វ​គ្រប់​ហើយ ចូរ​ពោល​ថា “យើង​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ធម្មតា​ប៉ុណ្ណោះ គឺ​យើង​ខ្ញុំ​បាន​បំពេញ​កិច្ច‌ការ​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើ”»។