ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី២៨ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ (អភ ១,១១-១៤)
បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់តម្រូវយើងទុកជាមុន ឱ្យបានទៅជាប្រជារាស្រ្ដរបស់ព្រះអង្គ ហើយទ្រង់សម្រេចគ្រប់កិច្ចការតាមព្រះហប្ញទ័យព្រះអង្គ។ យើងក៏សង្ឃឹមលើព្រះគ្រីស្ដជាមុន ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ។ ដោយបងប្អូនរួមក្នុងអង្គព្រះគ្រីស្ដ បងប្អូនបានស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រីស្ដ បងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាផងដែរ។ ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណនេះ មកបញ្ចាំចិត្តយើងឱ្យដឹងថា យើងនឹងទទួកមត៌កនៅពេលព្រះអង្គលោះប្រជារាស្រ្ដព្រះអង្គបានជាសម្រេច ដើម្បីកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ។
ទំនុកតម្កើងលេខ ៣៣ (៣២) ,១-២.៤-៥.១២-១៣ បទព្រហ្មគីតិ
| ១ | មនុស្សដែលសុចរិត | អបអរពិតលើកតម្កើង | |
| មានតែមនុស្សទៀងត្រង់ | ដែលចិត្តចង់កោតសរសើរ | ។ | |
| ២ | ដេញពិណលើកតម្កើង | ព្រះនៃយើងគ្មានអ្វីស្មើ | |
| លេងចាប៉ីបណ្ដើរ | ដេញបង្ហើរខ្សែដប់ថ្វាយ | ។ | |
| ៤ | ដ្បិតព្រះជាអម្ចាស់ | បន្ទូលច្បាប់ពិតទៀងត្រង់ | |
| ព្រះអង្គតែងផ្ចិតផ្ចង់ | ហើយតម្រង់តាមសន្យា | ។ | |
| ៥ | ព្រះអង្គសព្វព្រះទ័យ | នឹងសេចក្ដីពិតសត្យា | |
| សុចរិតគ្រប់ប្រការ | ហើយរក្សាយុត្ដិធម៌ | ។ | |
| ផែនដីទាំងមូលថ្លែង | ខំសម្ដែងដោយអំណរ | ||
| ពីហប្ញទ័យបវរ | ករុណាល្អព្រះជាម្ចាស់ | ។ | |
| ១២ | ប្រជាដែលគោរព | បម្រើគ្រប់គ្មានទំនេរ | |
| ទុកជាព្រះឥតប្រែ | នោះជួបតែសុខគ្រប់គ្រា | ។ | |
| ជនដែលព្រះអង្គជ្រើស | ឥតមានឃ្នើសជាទ្រព្យា | ||
| ជារាស្រ្ដផ្ទាល់អង្គា | នោះមុខជារួចផុតទុក្ខ | ។ | |
| ១៣ | ព្រះម្ចាស់ទតមកពី | ស្ថានរមណីបរមសុខ | |
| ទតមើលពីលើមក | ឃើញមនុស្សយើងទាំងអស់ | ។ |
ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម ទន៣៣,២២
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំ ដ្បិតយើងខ្ញុំជឿសង្ឃឹមតែលើព្រះអម្ចាស់មួយព្រះអង្គគត់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១២,១-៧)
នៅគ្រានោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា៖«ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។ ការលាក់កំបាំងទាំងអស់នឹងត្រូវលាតត្រដាងឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឱ្យគេដឹងដែរ។ ហេតុនេះហើយ បានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកគេនៅក្នុងបន្ទប់ មុខជាគេយកទៅប្រកាសយ៉ាងខ្លាំង នៅពីលើផ្ទះជាមិនខាន។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។ ខ្ញុំសូមប្រាប់ឱ្យដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅក្នុងភើ្លងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។ ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នាក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត»។