១២ តុលា ២០២៦

Written on 17/02/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី២៨ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី (កាឡ ៤,២២-២៤.២៦-២៧.៣១-៥,១)

បងប្អូនជាទីស្រលាញ់!
ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហាំមានកូនប្រុស​ពីរនាក់ គឺម្នាក់ជាកូនរបស់ស្រ្តីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្រ្តីអ្នកជា។ ក៏ប៉ុន្តែ កូន​របស់ស្រ្តីអ្នកងារនោះ ជាកូនកើតមកតាមធម្មតា រីឯកូនរបស់ស្ដ្រីអ្នកជាវិញ កើតមក​តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ យើងអាចចាត់ទុករឿងនេះជានិមិត្តរូមមួយ​ដែរ ដ្បិតស្រ្តីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រីពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែល​ចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបម្រើ។ រីឯក្រុងយេរូសាឡឹមនៅ​ស្ថានលើវិញ គឺស្រ្តីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ ដ្បិតមានចែងទុកមកថា «នាងជាស្រ្តីអារ នាងជាស្រ្តីមិនបានបង្កើតកូនអើយ! ចូរអរសប្បាយឡើង! នាងពុំធ្លាប់​ឈឺផ្ទៃអើយ! ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង! ដ្បិតកូនរបស់ស្រ្តីដែលប្តីបោះបង់​ចោលនោះ នឹងមានចំនួនច្រើនជាងកូនរបស់ស្រ្តីដែលមានប្តីទៅ​ទៀត»។ ហេតុនេះ យើងមិនមែនជាកូនរបស់ស្រ្តីអ្នកងារទេ គឺជាកូនរបស់ស្រ្តីអ្នកជា។ ព្រះគ្រីស្តបានរំដោះ​យើង ដើម្បីឱ្យយើងមានសេរីភាពពិតប្រាកដហើយ! ហេតុនេះ ចូររក្សាសេរីភាពនេះ​ឱ្យបានខ្ជាប់ខ្ជួន កុំបណ្តោយខ្លួនឱ្យធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ!។

ទំនុកតម្កើងលេខ ១១៣ (១១២),១-៧ បទព្រហ្មគីតិ

អស់អ្នកបម្រើព្រះ ជាអម្ចាស់ចូរនាំគ្នា  
  សរសើរកុំរួញរា ថ្កើងនាមានៃព្រះម្ចាស់
ចូរតម្កើងព្រះនាម ព្រះម្ចាស់ភ្លាមកុំក្រឡះ  
  កុំភ្លេចព្រះអម្ចាស់ ពីពេលនេះរហូតទៅ
តាំងពីអារុណរះ ភ្លឺស្រឡះមានកម្ដៅ  
  ទល់ពេលថ្ងៃលិចទៅ សរសើរនៅយ៉ាងស្ម័គ្រស្មោះ
ព្រះអម្ចាស់គង់ស្ថិត លើប្រជាជាតិទាំងអស់  
  សិរីរុងរឿងខ្ពស់ ព្រះម្ចាស់ហួសផុតអាកាស
តើមាននរណាមួយ អាចធ្វើឱ្យដូចព្រះម្ចាស់  
  ព្រះអង្គគង់ខ្ពស់ណាស់ លើអាកាសវិសុទ្ធក្រៃ
ព្រះអង្គត្រួតពិនិត្យ យ៉ាងល្អន់ល្អិតមកផែនដី  
  លើមេឃមិនសល់អ្វី សព្វផែនដីមិនកំបាំង
ទ្រង់លើកអ្នកទន់ខ្សោយ មិនបណ្តោយឱ្យឈឺស្លាំង  
  លើកផុតពីភក់ជ្រាំ ផុតអស់ទាំងធូលីដី

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (ទន៩៥,៨)

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១១,២៩-៣២) 

ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់​មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។ លោក​យ៉ូណាសបានធ្វើជាទីសម្គាល់ឱ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើ​ជាទីសម្គាល់ឱ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ នៅថ្ងៃដែលព្រះជាម្ចាស់​វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងយាងមកពី​តំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្តាប់ព្រះបន្ទូលរបស់ស្តេចសាឡូម៉ូនដែលប្រកប​ដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្តេចសាឡូម៉ូនទៅទៀត។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើង​ជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម អ្នក​ក្រុងនីនីវេបានកែប្រែចិត្តគំនិតនៅពេលឮសេចក្តីដែលព្យាការីយ៉ូណាសប្រកាស។​ រីឯ​នៅទីនេះ មានម្នាក់ប្រសើរលើសព្យាការីយ៉ូណាសទៅទៀត!»។