១១ តុលា ២០២៦

Written on 17/02/2026
Sokhorn Oem

បុណ្យឧទិ្ទសដល់មរណបុគ្គលទាំងឡាយ
ពណ៌ស្វាយ

នៅថ្ងៃនេះ គ្រីស្តបរិស័ទនាំគ្នានឹកដល់វិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលចែកស្ថានទៅហើយ សូមអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់មរណបុគ្គលទាំងនោះ សូមលើកលែងទោសឱ្យគេ និងទទួលគេនៅស្ថានបរមសុខផង។ អ្នកចូលទៅកាន់ជិវិតដ៏ពេញលក្ខណៈ ត្រូវតែរួមស្លាប់ជាមួយព្រះយេស៊ូគ្រីស្ត ។ នៅថ្ងៃនេះ គ្រីស្តបរិស័ទប្រកាសជំនឿ និងសេចក្តីសង្ឃឹមរបស់ខ្លួនទៅលើព្រះគ្រីស្ត ដែលមានព្រះបន្ទូលថា៖ “ខ្ញុំនឹងផ្តល់ឱ្យអ្នក រស់ឡើយវិញ និងឱ្យគេមានជីវិតផង អ្នកជឿសង្ឃឹមលើខ្ញុំ ទោះបីស្លាប់ទៅហើយក្តីក៏នឹងមានជីវិតមិនខានដែរ”។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ!​ មានតែព្រះអង្គទេដែលអាចប្រទានជីវិតថ្មីឱ្យមនុស្សលោកបាន។ ព្រះបុត្រាព្រះអង្គក៏បានរំដោះមនុស្សលោកឱ្យរួចពីបាបដែរ សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់វិញ្ញាណក្ខន្ធអស់បុគ្គលដែលចែកស្ថានទៅហើយផង សូមប្រោសទទួលវិញ្ញាណក្ខន្ធទាំងនោះនៅស្ថានបរមសុខ សូមឱ្យគេបានជីវិតរស់នៅអស់កល្បជានិច្ចរួមជាមួយព្រះអង្គផង។

អត្ថបទទី១ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ២៥,៦-៩)

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ជប់‌លៀងប្រជាជន​ទាំង​អស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន គឺ​មាន​ម្ហូប​ដ៏​ឆ្ងាញ់​ពិសា និង​ស្រា​ទំពាំង‌បាយ‌ជូរ​ដ៏​មាន​ឱជា‌រស​បំផុត មាន​សាច់​ចំឡក និង​ស្រា​ទំពាំង‌បាយ‌ជូរដែល​គេ​សម្រាំង​យ៉ាង​ល្អ។ នៅ​លើ​ភ្នំ​នោះ ព្រះ‌អង្គ​នឹង​ដក​ស្បៃ​កាន់​ទុក្ខ​ចេញ​ពី​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​ដក​វាំងនន​ទុក្ខ​ព្រួយ​ចេញ​ពីប្រជា‌ជាតិ​ទាំង​អស់​ដែរ។ ព្រះ‌អង្គ​នឹង​បំបាត់​សេចក្ដី​ស្លាប់​រហូត​ត​ទៅ ព្រះ‌ជា‌អម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​ពី​មុខរបស់​មនុស្ស​ទាំង​អស់។ ព្រះ‌អង្គ​ក៏​ដក​ការ​អាម៉ាស់​នៃ​ប្រជា‌រាស្ដ្ររបស់​ព្រះ‌អង្គ ចេញ​ពី​ទឹក​ដី​ទាំង​មូល​ដែរ។ – នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖«ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ ហើយ​ព្រះ‌​អង្គ​សង្គ្រោះ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​មែន! ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង ដ្បិត​ព្រះ‌អង្គ​សង្គ្រោះ​យើង!»។

ទំនុកតម្កើងលេខ ៣១ (៣០),២.៦.៨-៩.១៥-១៧.២៣ បទកាកគតិ

ឱព្រះអម្ចាស់ ខ្ញុំសូមប្រកាស សូមជ្រកក្រោមម្លប់
  ជារៀងរហូត ឥតមានឈរឈប់ ទាំងថ្ងៃទាំងយប់
    សូមរំដោះផង
ខ្ញុំសូមប្រគល់ វិញ្ញាណនិមល ថ្វាយអង្គក្សត្រា
  ទៅក្នុងព្រះហស្ត ព្រះម្ចាស់ហើយណា ព្រោះព្រះអង្គជា
    ព្រះទុកចិត្តបាន
ចិត្តខ្ញុំស្រស់ថ្លា អរឥតឧបមា រីករាយសប្បាយ
  ដោយសារព្រះអង្គ ទ្រង់មានព្រះទ័យ ករុណាប្រណី
    ពេលខ្ញុំវេទនា
ទ្រង់មិនបណ្តោយ ឱ្យរូបខ្ញុំធ្លោយ ខ្លោចផ្សាគ្រាំគ្រា
  ធ្លាក់ទៅក្នុងដៃ របស់បច្ចា សូមទ្រង់ករុណា
    មេត្តាប្រណី
១៥ បពិត្រព្រះម្ចាស់ ទូលបង្គំភ័យណាស់ សូមផ្ញើជីវ៉ា
  ទៅលើព្រះអង្គ ហើយសូមពោលថា ព្រះអង្គពិតជា
    ព្រះរបស់ខ្ញុំ
១៦ អាយុជីវិត របស់ខ្ញុំស្ថិត ដោយក្តីសុខដុម
  នៅក្នុងព្រះហស្ត ព្រះម្ចាស់ឧត្តម សូមរំដោះខ្ញុំ
    ផុតពីដៃខ្មាំង
១៧ សូមបែរព្រះភក្ត្រ ទតមកមើលអ្នក បម្រើព្រះអង្គ
  មេត្តាសង្គ្រោះ ទូលបង្គំផង ដោយហឫទ័យទ្រង់
    ប្រណីករុណា
២៣ ពេលខ្ញុំខ្វល់ចិត្ត វិលវល់គំនិត ជួបទុក្ខគ្រោះភ័យ
  ខ្ញុំនឹកស្មានថា ទ្រង់លែងប្រណី តែពេលខ្ញុំស្តី
    ទ្រង់ស្តាប់ពាក្យខ្ញុំ

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម (រ៉ូ ១៤,៧-១២)

បងប្អូនជាទីស្រឡាញ់!
​ក្នុង​ចំណោម​បង‌ប្អូន គ្មាន​នរណា​ម្នាក់​រស់ ឬ​ស្លាប់​សម្រាប់​ខ្លួន​ឯង​ឡើយ ដ្បិត​បើ​យើង​រស់ យើង​រស់​សម្រាប់​ព្រះ‌អម្ចាស់ ហើយ​បើ​យើង​ស្លាប់ ក៏​ស្លាប់​សម្រាប់​ព្រះ‌អម្ចាស់​ដែរ។ ទោះ​បី​យើង​រស់​ក្តី ស្លាប់​ក្តី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់​ជា‌និច្ច ដ្បិត​ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ព្រះ‌អម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់។ រីឯ​អ្នក ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថ្កោល​ទោស​បង‌ប្អូន​របស់​អ្នក? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​បង‌ប្អូន​របស់​អ្នក?។ យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ឈរ​នៅ​មុខ​តុលា​ការ​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ពិត​ដូច​យើង​មាន​ជីវិត​រស់​យ៉ាង​ណា​ មនុស្ស​ទាំង​អស់​ពិត​ជា​លុត​ជង្គង់​ថ្វាយ‌បង្គំ​យើង ហើយ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ជាម្ចាស់ យ៉ាង​នោះ​ដែរ​។ ដូច្នេះ យើង​ត្រូវ​រៀប​រាប់​ទូល​ព្រះ‌ជាម្ចាស់​នូវ​អំពើ​ដែល​ខ្លួន​យើង​ម្នាក់ៗ​បាន​ប្រព្រឹត្ត។

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (លក២១,៣៦)

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា ដើម្បីឱ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១២,៣៥-៤០) 

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ចូរ​ប្រុង‌ប្រៀប​ខ្លួន ហើយ​ទុក​ឱ្យចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ។ ចូរ​ប្រព្រឹត្ត​ឱ្យ​បាន​ដូច​ពួក​អ្នក​បម្រើដែល​រង់‌ចាំ​ម្ចាស់​វិល​ត្រឡប់​មក​ពី​ជប់‌លៀង​វិញ គឺ​នៅ​ពេល​មក​ដល់ លោក​គោះ​ទ្វារ អ្នក​បម្រើ​ទៅ​បើក​ជូន​ភ្លាម។ ពេល​ម្ចាស់​ត្រឡប់​មក​ដល់ ឃើញ​អ្នក​បម្រើ​ណា​នៅ​រង់‌ចាំ​លោក អ្នក​បម្រើ​នោះ​មាន​សុភមង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លោក​នឹង​ឱ្យអ្នក​បម្រើ​អង្គុយ​បរិភោគ ហើយ​លោក​រៀប‌ចំ​ខ្លួន​បម្រើ​គេ​វិញ។ បើ​លោក​វិល​មក​វិញ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ឬ​ជិត​ភ្លឺ ហើយ​ឃើញ​អ្នក​បម្រើ​ទាំង​នោះ​នៅ​រង់‌ចាំ​ដូច្នេះ ពួក​គេ​ប្រាកដ​ជា​មាន​សុភមង្គល។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​នឹង​មិន​បណ្ដោយ​ឱ្យ​វា​ចូល​មក​ក្នុង​ផ្ទះ​គាត់​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រៀម​ខ្លួន​ជា‌និច្ច ដ្បិត​បុត្រ​មនុស្សនឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាប្រោសទទួលតង្វាយទាំងនេះ ដែលជានិមិត្តរូបនៃអំពើទាំងឡាយរបស់ញាតិមិត្តយើងខ្ញុំដែលទទួលមរណភាពទៅហើយ។ សូមព្រះអង្គញ៉ាំងតង្វាយទាំងនេះឱ្យចូលរួមជាមួយនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលទ្រង់មានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាព្រះដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ហើយដែលមានតេជានុភាពសព្វប្រការ! ព្រះអង្គប្រោសព្រះគ្រីស្តឱ្យទទួលព្រះជន្មថ្មីដ៏រុងរឿង។ ព្រះអង្គប្រោសយើងខ្ញុំឱ្យមានសេចក្តីសង្ឈឹមជានិច្ច។ ទោះបីយើងខ្ញុំជៀសផុតពីសេចក្តីស្លាប់ពុំបានក៏ដោយ ក៏យើងខ្ញុំនៅតែមានសង្ឈឹមយ៉ាងមាំថា នឹងមានជិវិតរស់នៅអស់កល្បជានិច្ច រួមជាមួយព្រះគ្រីស្តដែរ។ យើងខ្ញុំជឿជាក់ថា ពេលយើងខ្ញុំទទួលមរណភាព យើងខ្ញុំមិនបាត់បង់ជីវិតរហូតទេ គឺជីវិតយើងខ្ញុំ គ្រាន់តែប្រែភេទប៉ុណ្ណោះ។ ពេលយើងខ្ញុំឈប់ធ្វើដំណើរនៅនាលោកនេះ យើងខ្ញុំមានទីលំនៅថ្មីមួយនៅឯស្ថានបរមសុខជាមួយព្រះអង្គ។ អាស្រ័យដោយហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! សូមទ្រង់ព្រះមេត្តាប្រោសវិញ្ញាណក្ខន្ធរបស់ដូនតា មាតាបិតា អ្ន​កមានគុណលើយើងខ្ញុំ ទាំងអស់ឱ្យចូលរួមជាមួយព្រះអង្គនៅស្ថានបរមសុខផង សូមនាំវិញ្ញាណក្ខន្ធទាំងនោះឆ្លងទៅកាន់ជីវិតដ៏ពេញលេញ រួមជាមួយព្រះយេស៊ូគ្រីស្តដែលទទួលព្រះជន្មថ្មីដ៏រុងរឿង គឺព្រះអង្គដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។