២១ មករា ២០២៦

Written on 27/09/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី០២ ឆ្នាំ«គូ»
ពណ៌ក្រហម

បុណ្យរម្លឹក សន្តីអាញេស
ជាព្រហ្មចារិនី និងជាមរណសាក្សី


សូមចុចទីនេះ

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (១សម ១៧,៣២-៣៣.៣៧.៤០-៥១)

ជនជាតិភីលីស្ទីនឈ្មោះ កូលីយ៉ាត ចេះតែមកមើលងាយកងទ័ពអ៊ីស្រាអែល។ យុវជនដាវីឌទូលព្រះបាទសាអ៊ូលថា៖«មិនត្រូវឱ្យនរណាម្នាក់បាក់ទឹកចិត្តដោយសារតែជន​ភីលីស្ទីននោះឡើយ! ទូលបង្គំនឹងចេញទៅប្រយុទ្ធជាមួយវា»។ ស្តេចសាអ៊ូលមានរាជឱង្ការទៅកាន់ដាវីឌថា៖«ឯងមិនអាចវាយឈ្នះជនភីលីស្ទីននេះបានទេ ​ឯងនៅក្មេងណាស់! ហើយវានេះគឺជាអ្នកចម្បាំងតាំងពីក្មេងម្លេះ»។ ដាវីឌពោលបន្តទៀតថា៖ «ព្រះអម្ចាស់តែងតែជួយទូលបង្គំឱ្យរួចពីក្រញ៉ាំតោ និងខ្លាឃ្មុំ ព្រះអង្គមុខជាជួយ​ទូលបង្គំ​ឱ្យរួចផុតពីកណ្តាប់​ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ព្រះបាទសាអ៊ូលមានរាជឱង្ការទៅកាន់ដាវីឌថា៖«ទៅចុះ! សូមព្រះអម្ចាស់គង់ជាមួយអ្នក»។ ដាវីឌយកដំបងមកកាន់ រើសក្រួសរលោងៗប្រាំគ្រាប់ពីក្នុងជ្រោះ មកដាក់ក្នុងថង់យាមព្រមទាំងកាន់ខ្សែដង្ហក់ ដើរឆ្ពោះទៅតទល់នឹងជនភីលីស្ទីន។ រីឯជនភីលីស្ទីន​នោះវិញ ក៏ដើរចូលមករកដាវីឌដែរ ដោយមានម្នាក់កាន់ខែលដើរពីមុខ។ ពេលជន​ភីលីស្ទីនក្រឡេកមើលមកដាវីដ វាក៏មើលងាយ ព្រោះឃើញដាវីឌនៅក្មេង មានថ្ពាល់​ក្រហម និងមានទឹកមុខស្រស់ល្អ។ ជនភីលីស្ទីននោះជេរដាវីឌថា៖ «តើអញជាឆ្កែឬ​បានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកនាមព្រះរបស់វាមកដាក់​បណ្តាសាដាវីឌ។ វានិយាយ​មកកាន់ដាវីឌថា៖ «មកជិតអញមក៍! អញនឹងយកសាច់​ឯងឱ្យត្មាត និងសត្វសាហាវស៊ី!»។ ដាវីឌឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់​លំពែងនិង​ស្នមកវាយអញ រីឯអញវិញ អញមកវាយឯងក្នុងនាមព្រះអម្ចាស់នៃពិភព​ទាំងមូល ជាព្រះនៃកងទ័ពអ៊ីស្រាអែល ដែលឯងបានជេរប្រមាថនោះ។ ថ្ងៃនេះ​​​ព្រះជាម្ចាស់នឹងប្រគល់ឯងមកក្នុងកណ្តាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់ក​ឯងទៀតផង។ នៅថ្ងៃនេះ អញក៏យកខ្មោចទាហានភីលីស្ទីនទៅឱ្យត្មាត និងសត្វ​សាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថា ព្រះជាម្ចាស់​ជួយការពារអ៊ីស្រាអែល។ សហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូលនឹងដឹងថា ព្រះ​អម្ចាស់ប្រទានឱ្យយើងមានជ័យជំនះ ពុំមែនដោយដាវ ឬលំពែងទេ គឺមកពីព្រះ​អម្ចាស់ច្បាំងជំនួសយើង ព្រះអង្គនឹងប្រគល់ពួកឯង មកក្នុងកណ្តាប់ដៃយើង»។ ពេលនោះ ជនភីលីស្ទីនដើរតម្រង់ចូលមករកដាវិឌ ដាវីឌក៏រត់យ៉ាងលឿងនសំដៅទៅរកជនភីលីស្ទីននោះដែរ។ ដាវីឌលូកដៃក្នុងថង់យាមយ៉ាងរហ័ស យកក្រួសមួយគ្រាប់មកដាក់នឹងខ្សែដង្ហក់ បាញ់ចំថ្ងាសជនភីលីស្ទីននោះ។ គ្រាប់ក្រួសធ្លុះចូលក្នុង​ថ្ងាសរបស់ជនភីលីស្ទីន វាក៏ដួលផ្កាប់មុខ។​ ដាវីឌវាយឈ្នះជនភីលីស្ទីន ដោយ​សារខ្សែរដង្ហក់ និងក្រួសមួយគ្រាប់។ ដាវីឌបានប្រហារជនភីលីស្ទីននោះ ដោយឥតប្រើ​ដាវសោះឡើយ។ ដាវីឌរត់ចូលទៅជិតជនភីលីស្ទីន ហើយហូតដាវរបស់វាពីស្រោមកាត់កសម្លាប់វាទៅ។ ពេលកងទ័ពភីលីស្ទីន​ឃើញវីរជនរបស់ខ្លួនស្លាប់ដូច្នេះ ក៏នាំគ្នា​រត់បាត់អស់។

ទំនុកតម្កើងលេខ ១៤៤ (១៤៣),១-២.៩-១០ បទព្រហ្មគីតិ

១. សូមលើកតម្កើងព្រះ ជាអម្ចាស់ដ៏ត្តម  
  ជាថ្មដានៃខ្ញុំ ធំរឹងមាំមួនបំផុត
  ព្រះអង្គបានបង្ហាត់ ខ្ញុំចេះស្ទាត់ការប្រយុទ្ធ  
  ធ្វើសឹកឥតភ័យស្លុត ចេញតយុទ្ធខ្មាំងជិតជុំ
២. ទ្រង់សម្តែងហប្ញទ័យ ករុណាក្រៃចំពោះខ្ញុំ  
  ជាកំពែងរឹងមាំ ការពារខ្ញុំយ៉ាងអង់អាច
  ព្រះអង្គជាជម្រក ខ្ញុំមកជ្រកឥតភ័យខ្លាច  
  ទ្រង់ប្រគល់អំណាច ឱ្យខ្ញុំអាចមានថ្វីដៃ
៩. បពិត្រព្រះម្ចាស់អើយ ខ្ញុំច្រៀងថ្វាយនូវបទថ្មី  
  និងប្រគុំតន្រ្តី ពិរោះក្រៃថ្វាយព្រះម្ចាស់
១០. អង្គបានប្រទាន ឱ្យស្តេចមានជ័យជំនះ  
  ព្រះអង្គបានសង្រ្គោះ ដាវីឌរស់មានសេរី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៤,២៣)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៣,១-៦)

ព្រះយេស៊ូយាងចូលទៅក្នុងធម្មសាលា។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនោះឱ្យជានៅថ្ងៃសប្ប័ទ​ ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្តាលឯណេះ!»។ បន្ទាប់មក ព្រះអង្គមាន​ព្រះបន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទ តើវិន័យអនុញ្ញាតឱ្យធ្វើអំពើល្អ ឬធ្វើអំពើ​អាក្រក់? តើត្រូវសង្រ្គោះមនុស្ស ឬត្រូវប្រហារជីវិតចោល?»។ គេនៅស្ងៀមទាំង​អស់គ្នា​ ព្រះយេស៊ូបែរព្រះភក្រ្តទតមើលទៅអ្នកដែលនៅជុំវិញ ទាំងព្រះពិរោធ ហើយ​ព្រះអង្គព្រួយព្រះហប្ញទ័យ ព្រោះគេមានចិត្តរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលោតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់​ក៏បានជាដូចដើមវិញ។ ពួកខាងគណៈផារីស៊ីចេញពីធម្មសាលា ហើយទៅពិគ្រោះជាមួយបក្សពួកស្តេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។