២០ វិច្ឆិកា ២០២៦

Written on 25/02/2026
Catholic Faith Cambodia

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី៣៣ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន (វវ ១០,៨-១១)

ពេលខ្ញុំយល់សុបិននិមិត្ត សំឡេង​ដែល​ខ្ញុំ​បាន​ឮ​ពី​លើ​មេឃ​នោះ ក៏​ពោល​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​ថា៖«សូម​អញ្ជើញ​ទៅ​យក​ក្រាំង​តូច​បើក​ស្រាប់ ក្នុង​ដៃ​ទេវទូត​ដែល​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ​មក»។ ខ្ញុំ​ក៏​ដើរ​ទៅ​រក​ទេវទូត​នោះ ទាំង​សុំ​ឱ្យ​លោក​ប្រគល់​ក្រាំង​តូច​មក​ខ្ញុំ។ លោក​ពោល​មក​កាន់​ខ្ញុំ​ថា៖«ចូរ​យក​ក្រាំង​នេះ ហើយ​បរិភោគ​វា​ទៅ។ ក្រាំង​នេះ​នឹង​ធ្វើ​ឱ្យអ្នក​ឈឺ​ពោះ​ តែ​កាល​នៅ​ក្នុង​មាត់ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ»។ ខ្ញុំ​ក៏​ទទួល​យក​ក្រាំង​តូច​ពី​ដៃ​ទេវទូត​មក​បរិភោគ នៅ​ក្នុង​មាត់​ខ្ញុំ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ​ លុះ​បរិភោគ​រួច​ហើយ ខ្ញុំ​ក៏​ឈឺ​ពោះ។ បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖«អ្នក​ត្រូវ​ថ្លែង​ព្រះ‌បន្ទូល​សា​ជា​ថ្មី​ទៀត អំពី​ប្រជាជន អំពី​ជាតិ​សាសន៍ អំពី​ភាសា​នានា និង​អំពី​ស្ដេច​ជា​ច្រើន​ផង»។

ទំនុកតម្កើងលេខ ១១៩(១១៨),១៤.២៤.៧២.១០៣.១១១.១៣១ បទពាក្យ៧

 
១៤ ទូលបង្គំត្រេកអរអនេក ដោយបានពឹងផ្អែកដំបូន្មាន  
  ប្រៀបដូចជាខ្ញុំទទួលបាន សម្បត្តិថ្កើងថ្កានដ៏ស្ដុកស្ដម្ភ
២៤ ខ្ញុំពេញចិត្តនឹងដំបូន្មាន ឥតបីស្រាកស្រាន្ដឥតកែគេច  
  ដំបូន្មានទ្រង់ចាំងរំលេច នាំផ្លូវជីវិតខ្ញុំសុខសាន្ដ
៧២ ធម្មវិន័យដែលទ្រង់បាន ប្រកាសឱ្យកាន់មានតម្លៃ  
  ប្រសើរជាងមានពេជ្រចរណៃ ជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់
       
  សូមប្តូរទៅបទកាកគតិ    
១០៣ បញ្ជានេះណា ប្រៀបបានអាហារ ឆ្ងាញ់ពិសេសហើយ
  សម្រាប់រូបខ្ញុំ គ្មានអ្វីស្មើឡើយ ផ្អែមណាស់ព្រះអើយ
    លើសទឹកឃ្មុំផង
១១១ ពាកក្យដំបូន្មាន ព្រះបានប្រទាន ជាកេរផូរផង់
  ឱ្យទូលបង្គំ រីករាយកន្លង មានអំណរផង
    នៅក្នុងដួងចិត្ត
       
  សូមប្តូរទៅបទពាក្យ៧    
១៣១ ខ្ញុំខំយកចិត្តទុកដាក់ស្ដាប់ ដោយក្ដីត្រងត្រាប់អស់ពីចិត្ត  
  ដ្បិតខ្ញុំចង់ស្គាល់វិន័យក្រឹត្យ ព្រះម្ចាស់ពេកពិតឥតមានណយ

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម ១០,២៧

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាគង្វាលដ៏ពិតប្រាកដតែមួយ! យើងខ្ញុំស្ដាប់សំឡេងព្រះអង្គ ហើយទៅតាមព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១៩,៤៥-៤៨) 

នៅគ្រានោះ ព្រះ‌យេស៊ូ​យាង​ចូល​ព្រះ‌វិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ ដោយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖«ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ជា​កន្លែង​សម្រាប់​អធិ‌ស្ឋាន” តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​សំបុក​ចោរ​ទៅ​វិញ»។ ព្រះ‌យេស៊ូ​បាន​បង្រៀន​គេនៅ​ក្នុង​ព្រះ‌វិហារជា​រៀង​រាល់​ថ្ងៃ។ ក្រុម​នាយក​បូជា‌ចារ្យ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​មន្ត្រីនាំ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌អង្គ។ ប៉ុន្តែ គេ​មិន​ដឹង​ជា​ត្រូវ​ប្រើ​វិធី​ណា​ឡើយ ដ្បិត​ប្រជាជន​ទាំង​មូល​ប្រឹង​ស្ដាប់​ព្រះ‌បន្ទូល​ព្រះ‌អង្គដោយ​យក​ចិត្ត​ទុក​ដាក់។