ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី៣៣ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន (វវ ៥,១-១០)
ខ្ញុំយ៉ូហាន ឃើញក្រាំងមួយនៅក្នុងព្រះហស្ដស្ដាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក ក្រាំងនោះមានសរសេរអក្សរទាំងខាងក្នុង ទាំងខាងក្រៅ ព្រមទាំងមានបោះត្រាប្រាំពីរបិទភ្ជាប់ពីលើផង។ បន្ទាប់មកទៀត ខ្ញុំឃើញទេវទូតដ៏ខ្លាំងពូកែមួយរូបប្រកាសយ៉ាងខ្លាំងថា៖«តើនរណាមានឋានៈសមនឹងបកត្រាចេញ ហើយបើកក្រាំងនេះបាន?»។ ប៉ុន្តែ ទោះបីនៅស្ថានសួគ៌ក្តី នៅលើផែនដី ឬនៅក្រោមដីក្តី គ្មាននរណាម្នាក់អាចបើកក្រាំង ឬមើលក្រាំងនោះឡើយ។ ពេលនោះ ខ្ញុំស្រែកយំយ៉ាងខ្លាំង ព្រោះគ្មាននរណាម្នាក់មានឋានៈសមនឹងបើកក្រាំង ឬមើលក្រាំងនោះទេ។ ស្រាប់តែមានព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍មកខ្ញុំថា៖«កុំយំអី! មើលហ្ន៎ សឹង្ហដែលកើតនៅក្នុងកុលសម្ព័ន្ធយូដា ជាពន្លកដុះចេញពីស្ដេចដាវីឌ ព្រះអង្គមានជ័យជម្នះអាចនឹងបកត្រាទាំងប្រាំពីរ ហើយបើកក្រាំងបាន»។ បន្ទាប់មក ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលពួកព្រឹទ្ធាចារ្យ។ កូនចៀមនោះមើលទៅដូចជាគេបានសម្លាប់ធ្វើយញ្ញបូជារួចហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ដែលព្រះអង្គចាត់ឱ្យយាងទៅពាសពេញលើផែនដី។ កូនចៀមនោះបានយាងមកទទួលយកក្រាំងពីព្រះហស្ដស្ដាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក។ កាលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកព្រឹទ្ធាចារ្យទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ពិណមួយ និងកាន់ពែងមាសពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធ។ គេនាំគ្នាច្រៀងបទចម្រៀងថ្មីថាៈ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះព្រះអង្គត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជគ្រប់ភាសាគ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ព្រះអង្គបានធ្វើឲ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។
ទំនុកតម្កើងលេខ ១៤៩,១-៦.៩ បទកាកគតិ
| ១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | ប្រសើរកន្លង |
| ចូរច្រៀងតម្កើង | ព្រះនាមព្រះអង្គ | ក្នុងចំណោមផង | |
| អ្នកដែលជឿព្រះ | ។ | ||
| ២ | ចូរឱ្យជនជាតិ | ស្រាអែលខ្មីឃ្មាត | រីករាយទាំងអស់ |
| ដោយសារព្រះអង្គ | បានបង្កើតមនុស្ស | ទាំងស្រីទាំងប្រុស | |
| ពាសពេញផែនដី | ។ | ||
| សូមប្រជាជន | ក្នុងក្រុងស៊ីយ៉ូន | អបអរប្រពៃ | |
| នឹងព្រះមហាក្សត្រ | គ្រងលើផែនដៅ | ជាស្ដេចល្បាញល្បី | |
| របស់ផងខ្លួន | ។ | ||
| ៣ | សូមនាំគ្នារាំ | ថ្វាយព្រះឧត្តម | កុំវេះគេចពួន |
| តម្កើងព្រះនាម | ឱ្យបានសមសួន | វាយក្រាប់ផ្ទួនៗ | |
| ទាំងដេញពិណថ្វាយ | ។ | ||
| ៤ | ដ្បិតព្រះអម្ចាស់ | សព្វព្រះទ័យណាស់ | នឹងរាស្រ្ដទាំងឡាយ |
| ទ្រង់តែងសង្គ្រោះ | ដឹកនាំត្រួសត្រាយ | ហើយតែងខ្វល់ខ្វាយ | |
| ជួយអ្នកទន់ទាប | ។ | ||
| ៥ | សូមឱ្យអស់អ្នក | សង្ឃឹមជឿជាក់ | លើព្រះដរាប |
| នាំគ្នាសប្បាយ | ប្រសើរលើសលប់ | តម្កើងសាយសព្វ | |
| សិរីព្រះម្ចាស់ | ។ | ||
| ទោះជាពេលយប់ | ក៏គេមិនឈប់ | គេនៅប្រកាស | |
| ទាំងលើកតម្កើង | សិរីព្រះម្ចាស់ | ឱ្យបានខ្ពង់ខ្ពស់ | |
| ទាំងអំណរផង | ។ | ||
| ៦ | សូមទាំងអស់គ្នា | សរសើរគ្រប់គ្រា | កុំបីរំលង |
| មាត់ពោលពាក្យល្អ | ដៃកាន់ដាវផង | ទុក្ខសោកមួរហ្មង | |
| វិនាសខ្ចាត់ខ្ចាយ | ។ | ||
| ៩ | ឯការដាក់ទោស | ជាតិសាសន៍ទាំងនោះ | ត្រឹមត្រូវឥតប្រែ |
| តាមការសម្រេច | ព្រះមិនខុសទេ | ពួកវាត្រូវតែ | |
| ទទួលទោសនោះ | ។ | ||
| កិច្ចការទាំងអស់ | សក្ដិសមឥតខ្ចោះ | គឺជាកិត្តិយស | |
| ដ៏សែនរុងរឿង | ដល់អ្នកទាំងអស់ | ដែលជឿលើព្រះ | |
| មិនសាបសូន្យឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (ទន៩៥,៨)
អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្ដាប់ព្រះសួរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១៩,៤១-៤៤)
កាលព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ព្រះអង្គទតឃើញទីក្រុង ហើយព្រះអង្គព្រះកន្សែងនឹកអាណិតក្រុងនោះ ទាំងមានព្រះបន្ទូលថា៖«យេរូសាឡឹមអើយ! គួរឱ្យស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្តមកអ្នកសោះ ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចមើលឃើញបានទេ។ នៅពេលខាងមុខ ខ្មាំងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស គេនឹងកម្ទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឱ្យវិនាសបង់ផង។ គេមិនទុកឱ្យដុំថ្មនៅត្រួតពីលើគ្នាក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ដែលព្រះជាម្ចាស់បានយាងមកសង្គ្រោះអ្នកទេ»។