ថ្ងៃអាទិត្យ រដូវធម្មតា អាទិត្យទី៣៣ ឆ្នាំ«ក»
ពណ៌បៃតង
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យមនុស្សបានសុភមង្គលដ៏ពិតប្រាកដ ដើម្បីបម្រើព្រះអង្គដែលបានបង្កើតអ្វីៗសព្វសារពើទាំងអស់។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំបម្រើព្រះអង្គដោយអំណរ និងដោយចិត្តស្មោះត្រង់ជានិច្ចផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរសុភាសិត (សភ៣១,១០-១៣.១៩-២០.៣០-៣១)
ស្ត្រីគ្រប់លក្ខណ៍កម្ររកបានណាស់ នាងមានតម្លៃលើសពេជ្រទៅទៀត។ ស្វាមីទុកចិត្តលើនាង នាងតែងតែធ្វើឱ្យស្វាមីចម្រុងចម្រើន។ នាងតែងតែផ្តល់សុភមង្គលឱ្យស្វាមីអស់មួយជីវិត គឺនាងមិនធ្វើឱ្យស្វាមីជួបអពមង្គលឡើយ។ នាងខិតខំរកអំបោះ និងសូត្រ មកត្បាញរវៃយ៉ាងស្វាហាប់។ នាងកាន់ខ្នាររវៃអំបោះ រួចនាងបោះត្រល់ត្បាញ។ នាងចែកទានដល់ជនក្រីក្រ ហើយជួយជនទុគ៌ត។ រូបឆោមលោមពណ៌ រមែងតែបញ្ឆោតចិត្ត រីឯសម្រស់ល្អស្អាត មិននៅស្ថិតស្ថេររហូតទេ មានតែស្ត្រីគោរពកោតខ្លាចព្រះអម្ចាស់ប៉ុណ្ណោះ ដែលគួរកោតសរសើរ។ នាងត្រូវទទួលផលពីកិច្ចការដែលនាងធ្វើ ហើយទទួលការកោតសរសើរពីមនុស្សទាំងអស់ក្នុងទីក្រុង។
ទំនុកតម្កើងលេខ ១២៨ (១២៧),១-៦ បទកាកគតិ
| ១ | អ្នកណាកោតខ្លាច | គោរពអំណាច | ព្រះជាអម្ចាស់ |
| ដើរតាមគន្លង | មាគ៌ានៃព្រះ | អ្នកនោះឥតទាស់ | |
| ពោរពេញមង្គល | ។ | ||
| ២ | អ្នកនឹងទទួល | បានឥតប្រែប្រួល | យកនូវភោគផល |
| ចេញពីកិច្ចការ | គ្រប់ពេលរៀងរាល់ | នឹងមានមង្គល | |
| ចម្រើនពេកក្រៃ | ។ | ||
| ៣ | ឯភរិយាអ្នក | ដែលនៅក្នុងផ្ទះ | ដូចដើមស្រស់ខ្ចី |
| មានស្លឹកមានផ្លែ | ស្រគាលទុំខ្ចី | កូនប្រុសរញ៉ី | |
| ដូចដើមឈើតូច | ។ | ||
| ៤ | នេះជាអំណោយ | ទ្រង់ប្រទានឱ្យ | គេបានសម្រេច |
| ដល់អ្នកកោតខ្លាច | ប្ញទ្ធីអំណាច | ផលច្រើនពន់ពេក | |
| មិនពិបាករក | ។ | ||
| ៥ | សូមទ្រង់ប្រសិទ្ធិ | ពរជ័យវិចិត្រ | ពីស៊ីយ៉ូនមក |
| ជារៀងរាល់ថ្ងៃ | កុំបាច់លៃលក | ដើរតត្រុករក | |
| ក្នុងជីវិតអ្នក | ។ | ||
| ៦ | អ្នកនឹងឃើញចៅ | របស់អ្នកនៅ | បីបមថ្នមថ្នាក់ |
| ឱ្យអ៊ីស្រាអែល | បានសុខជាជាក់ | គ្មានគ្រោះឧបសគ្គ | |
| ជួបតែសុខសាន្ត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងថេសាឡូនិក (១ថស ៥,១-៦)
ចំពោះពេលវេលា និងពេលកំណត់ ព្រះគ្រីស្តត្រឡប់មកវិញ យើងមិនបាច់សរសេរមកប្រាប់បងប្អូនទេ ដ្បិតបងប្អូនជ្រាបច្បាស់ហើយថា ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។ ពេលណាមនុស្សម្នាពោលថា “មានសន្តិភាពហើយ! មានសន្តិសុខហើយ!” ពេលនោះ មហន្តរាយនឹងធ្លាក់លើគេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ត្រីហៀបនឹងសម្រាលកូន ឈឺចុកចាប់ដែរ។ រីឯបងប្អូនវិញ បងប្អូនមិនមែនស្ថិតនៅក្នុងភាពងងឹត បណ្តោយឱ្យថ្ងៃនោះមកដល់ ដោយមិនដឹងខ្លួន ដូចជាពេលចោរចូលលួចនោះឡើយ។ បងប្អូនទាំងអស់គ្នារស់នៅក្នុងពន្លឺ រស់នៅក្នុងពេលថ្ងៃ យើងមិនរស់នៅក្នុងយប់អន្ធការ និងក្នុងភាពងងឹតទេ។ ហេតុនេះ យើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតី ហើយចេះប៉ាន់ប្រមាណជានិច្ច។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ វវ ២២,១២)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់នឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឱ្យម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៥,១៤-៣០)
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័ក អំពីពេលដែលព្រះអង្គយាងមកវិញ។ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖ «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបម្រើមកប្រគល់ទ្រព្យសម្បត្តិឱ្យ។ គាត់ប្រគល់ប្រាក់ឱ្យអ្នកបម្រើម្នាក់ៗ តាមសមត្ថភាពរៀងៗខ្លួន គឺឱ្យប្រាំណែនទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។ អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។ អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរណែននោះទៅរកស៊ី ចំណេញបានពីរណែនទៀត។ រីឯអ្នកដែលទទួលប្រាក់មួយណែន បានចេញទៅជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។ យូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។ អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែនចូលមកជូនម្ចាស់ ទាំងពោលថា “លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឱ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត”។ ម្ចាស់ពោលទៅគាត់ថា “ល្អហើយ! អ្នកបម្រើ ដ៏ប្រសើរ និងមានចិត្តស្មោះត្រង់! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឱ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។ អ្នកទទួលប្រាក់ពីរណែនក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះ ចូលមកដែរ ហើយជម្រាបថា “លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរណែនឱ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានពីរណែនទៀត”។ ម្ចាស់ពោលទៅគាត់ថា “ល្អហើយ! អ្នកបម្រើដ៏ប្រសើរ និងមានចិត្តស្មោះត្រង់! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឱ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។ បន្ទាប់មក អ្នកដែលបានទទួលប្រាក់មួយណែនក៏ចូលមក ហើយជម្រាបថា “លោកម្ចាស់! ខ្ញុំប្របាទដឹងថា លោកជាមនុស្សតឹងតែងណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។ ខ្ញុំប្របាទបានយកប្រាក់ដែលលោកប្រគល់ឱ្យទៅជីកដីកប់ ព្រោះខ្ញុំប្របាទភ័យខ្លាចពេក។ ឥឡូវនេះ សូមលោកម្ចាស់យកប្រាក់របស់លោកវិញចុះ”។ ម្ចាស់ពោលទៅអ្នកនោះថា “នែ៎! អ្នកបម្រើអាក្រក់ និងខ្ជិលច្រអូស! អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែ ដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំ។ គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងបានទទួលប្រាក់ទាំងដើមទាំងការ។ ចូរយកប្រាក់ពីអ្នកនេះប្រគល់ឱ្យអ្នកដែលមានដប់ណែននោះទៅ ដ្បិតអ្នកណាមានហើយ អ្នកនោះនឹងទទួលបរិបូណ៌ហូរហៀរថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន។ ចំណែកឯអ្នកបម្រើឥតបានការនេះ ចូរយកគាត់ទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!”»។
ពាក្យថ្វាយតង្វាយ
ឱព្រះអម្ចាស់ជាព្រះបិតាអើយ ព្រះអង្គបានប្រទានជីវិត និងអំណោយទានជាច្រើនឱ្យយើងខ្ញុំ។ យើងខ្ញុំគ្មានអ្វីមកថ្វាយដើម្បីតបស្នងសងគុណព្រះអង្គ ក្រៅពី កាយ វាចា ចិត្ត នោះឡើយ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។ សូមជួយយើងខ្ញុំឱ្យយកចិត្តទុកដាក់កសាងពិភព លោក តាមព្រះអំណោយទានដែលព្រះអង្គបានផ្ញើដល់យើងខ្ញុំម្នាក់ៗផង។