ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី៣២ ឆ្នាំ«គូ»
ពណ៌ស
បុណ្យរម្លឹក
សន្តឡែអូ ជាជណដ៏ប្រសើរឧត្តម
ជាសម្តេចប៉ាប និងជាគ្រូបាធ្យាយ
លោកឡេអូ (ប្រ. ៣៩៥-៤៦១) ទទួលមុខងារធ្វើជាអភិបាលក្រុងរ៉ូមនៅ គ.ស ៤៤០។ លោកពូកែពន្យល់គម្ពីរយ៉ាងច្បាស់ ជាពិសេសលោកបញ្ជាក់លទ្ធិគ្រីស្តសាសនាអំពីឋានៈរបស់ព្រះយេស៊ូដែលពិតជាមនុស្សផង និងពិតជាព្រះជាម្ចាស់ផង។ អស់លោកអភិបាលដែលជួបជុំគ្នាជាមហាសន្និបាទក្រុងកាលសេដូននៅឆ្នាំ ៤៥១ ទទួលស្គាល់សេចក្តីដែលលោកតែងបង្រៀននោះ ទុកជំនឿរបស់ព្រះសហគមន៍។ លោកចាត់ចែងក្បួនពិធីជាច្រើនសម្រាប់ព្រះសហគមន៍អនុវត្ត។ លោកក៏មានចិត្ដក្លាហានធ្វើអន្តរាគមន៍ការពារក្រុងរ៉ូម ឱ្យរួចពីខ្មាំងដែលបម្រុងវាយសម្រុកក្រុងនោះ។ ឈ្មោះ “ឡេអូ” ប្រែថា “តោ”។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកទីតុស (ទត ២,១-៨.១១-១៤)
ចំពោះអ្នកវិញ ត្រូវនិយាយតែសេចក្ដីណាដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។ ចូរជម្រាបលោកតាចាស់ៗកុំឱ្យស្រវឹងស្រា ត្រូវមានកិរិយាថ្លៃថ្នូរ មានចិត្តធ្ងន់ មានជំនឿស្អាតស្អំ មានចិត្តស្រឡាញ់ និងចេះស៊ូទ្រាំ។ រីឯលោកយាយចាស់ៗវិញ ក៏ដូច្នោះដែរ ចូរជម្រាបគាត់ឱ្យកាន់កិរិយាមារយាទ សមជាអ្នកដែលមានជីវិតដ៏វិសុទ្ធ កុំឱ្យនិយាយមួលបង្កាច់គេ ឬចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ ដើម្បីជួយអប់រំស្ត្រីៗដែលនៅក្មេងឱ្យចេះស្រឡាញ់ស្វាមី និងស្រឡាញ់កូនរបស់ខ្លួន ឱ្យមានចិត្តធ្ងន់ មានចរិយាបរិសុទ្ធ យកចិត្តទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែង មានចិត្តល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។ ធ្វើដូច្នេះ គ្មាននរណាអាចមួលបង្កាច់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ រីឯពួកយុវជនវិញ ចូរដាស់តឿនគេឱ្យមានចិត្តធ្ងន់គ្រប់វិស័យទាំងអស់។ ចូរប្រព្រឹត្តអំពើល្អ ធ្វើជាគំរូដល់គេ គឺបង្រៀនគេយ៉ាងស្អាតស្អំ និងថ្លៃថ្នូរ និយាយពាក្យសម្ដីត្រឹមត្រូវ ដែលរករិះគន់មិនកើត។ ធ្វើដូច្នេះ ពួកអ្នកប្រឆាំងនឹងបាក់មុខ ព្រោះគេរកអ្វីនិយាយអាក្រក់ពីយើងមិនបាន។ ព្រះជាម្ចាស់បានសម្ដែងព្រះហឫទ័យប្រណីសន្ដោសមក ដើម្បីសង្គ្រោះមនុស្សទាំអស់ ព្រះហឫទ័យប្រណីសន្ដោសនេះ អប់រំយើងឱ្យលះបង់ចិត្តដែលមិនចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់ចោល ឱ្យលះបង់សេចក្ដីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីឱ្យយើងរស់នៅក្នុងលោកនេះដោយមានចិត្តធ្ងន់ សុចរិត និងគោរពប្រណិប័តន៍ព្រះជាម្ចាស់ ទាំងទន្ទឹងរង់ចាំសុភមង្គលតាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រីស្ត ជាព្រះជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះសង្គ្រោះនៃយើង យាងមកប្រកបដោយសិរីរុងរឿង។ ព្រះអង្គបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឱ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្តអំពើល្អ។
ទំនុកតម្កើងលេខ ៣៧(៣៦),៣-៤.១៨.២៣.២៧.២៩ បទព្រហ្មគីតិ
| ៣ | ចូរធ្វើអំពើល្អ | ចិត្តស្មោះសរផ្ញើជីវិត | |
| លើព្រះដ៏សក្ដិសិទ្ធ | នោះអ្នកពិតជាសុខសាន្ដ | ។ | |
| ៤ | ចូរស្វែងរកមង្គល | កុំបីខ្វល់ឬខកខាន | |
| ព្រះអង្គនឹងប្រទាន | ឱ្យអ្នកមានតាមបំណង | ។ | |
| ១៨ | ព្រះម្ចាស់យកព្រះទ័យ | ទុកដាក់ក្រៃនឹងជីវិត | |
| រក្សាមិនឱ្យបាត់ | នៅស្ថេរស្ថិតជាកេរកោះ | ។ | |
| ២៣ | ព្រះម្ចាស់បានពង្រឹង | ជំហរនឹងមនុស្សសុចរិត | |
| ឱ្យបានមាំមួនពិត | រួចទ្រង់គិតសព្វព្រះទ័យ | ។ | |
| ២៧ | ចូរកុំធ្វើអាក្រក់ | រឿងគម្រក់កុំទៅក្បែរ | |
| នោះអ្នកនឹងស្ថិតស្ថេរ | លើដីកេរតរៀងទៅ | ។ | |
| ២៩ | អ្នកត្រង់នឹងទទួល | ដីនិមលជាកេរកោះ | |
| ជិវិតគេនឹងរស់ | លើដីនោះរហូតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន១២៨,១)
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលកោតខ្លាចព្រះជាម្ចាស់ និងដើរតាមមាគ៌ារបស់ព្រះអង្គពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១៧,៧-១០)
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា នរណាម្នាក់មានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលហ្វូងសត្វ។ ពេលអ្នកបម្រើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា “សូមអញ្ជើញមកពិសាបាយ” ទេ។ ផ្ទុយទៅវិញ ម្ចាស់តែងតែនិយាយទៅកាន់អ្នកបម្រើថា “ចូររៀបចំបាយទឹកឱ្យខ្ញុំ រួចទៅផ្លាស់ខោអាវមកបម្រើខ្ញុំ ពេលខ្ញុំបរិភោគ ចាំខ្ញុំបរិភោគរួច សឹមអ្នកបរិភោគតាមក្រោយ”។ ម្ចាស់មិនដែលអរគុណអ្នកបម្រើដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។ រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានបំពេញតាមព្រះបញ្ជារបស់ព្រះជាម្ចាស់សព្វគ្រប់ហើយ ចូរពោលថា “យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ”»។