០១ វិច្ឆិកា ២០២៦

Written on 19/02/2026
Catholic Faith Cambodia

ថ្ងៃអាទិត្យ រដូវធម្មតាអាទិត្យទី៣១ ឆ្នាំ«ក»
ពណ៌ស

បុណ្យឱឡារិក
បុណ្យគោរពសន្តបុគ្គលទាំងឡាយ

សូមចុចទីនេះ

មានតែព្រះជាម្ចាស់មួយព្រះអង្គទេដែលជា “ព្រះដ៏វិសុទ្ធ” គឺព្រះអង្គខុសប្លែកពីមនុស្សយើងទាំងស្រុង ប្លែកជាងមេឃ និងដីទៅទៀត! ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យមនុស្សលោក គឺដល់អ្នកដែលផ្ញើជិវិតទាំងស្រុងទៅលើធម៌មេត្តាករុណារបស់ព្រះអង្គ ហើយរស់នៅតាមរបៀបដែលគាប់ព្រះហឫទ័យព្រះអង្គដែរ។ ព្រះសហគមន៍តែងហៅ “សន្តបុគ្គល” អស់អ្នកដែលពោរពេញដោយព្រះជន្មរបស់ព្រះជាម្ចាស់ ហើយដែលរស់នៅជាមួយព្រះអង្គនៅស្ថានបរមសុខ។ ព្រះសហគមន៍ក៏តែងតាំងសន្តបុគ្គលទុកជាគំរូ អំពីរបៀបរស់នៅជាគ្រីស្តបរិស័ទដែរ។ នៅថ្ងៃនេះ ព្រះសហគមន៍​ដាស់តឿនគ្រីស្តបរិស័ទឱ្យអរព្រះគុណព្រះជាម្ចាស់ដែលទ្រង់បានប្រោសមនុស្សឱ្យទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។ គ្រីស្តបរិស័ទក៏អរព្រះគុណព្រះអង្គដែលបានប្រោសឱ្យមនុស្សខ្លះរស់នៅរបៀបល្អប្រសើរដែរ។ របៀបរស់នៅបែបនោះ មកពីព្រះជាម្ចាស់ប្រទានឱ្យ។ នៅថ្ងៃនេះ យើងជាគ្រីស្តបរិស័ទនឹកដល់មនុស្សច្រើនឥតគណនាដែលបានផ្ញើជិវិតលើព្រះអង្គ និងដែលបានគាប់ព្រះហឫទ័យព្រះអង្គ ទោះបីគេកាន់សាសនាណាក៏ដោយ។ ឥឡូវនេះ គេរួមជាមួយព្រះគ្រីស្ត ហើយនាំគ្នាថ្វាយបង្គំព្រះបិតា លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ ទោះបីអ្នកទំាងនោះពុំមានឈ្មោះក្នុងបញ្ជីប្រតិទិនក៏ដោយ ក៏គេរួមរស់ជាមួយព្រះគ្រីស្តនៅស្ថានបរមសុខទៀតផង។ អ្នកទាំងនោះប្រៀបដូជជាបង ប្អូនដែលអង្វរព្រះបិតាឱ្យយើង រួមជាមួយព្រះយេស៊ូជារៀមច្បង។ នៅក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌ គ្រីស្តបរិស័ទតែងតែនាំគ្នានឹករឭកគុណដូនតា មាតាបិតាគ្រូបាធ្យាយ និងអស់លោកអ្នកដែលជាអ្នកមានគុណលើខ្លួន។  គ្រីស្តបរិស័ទក៏នាំគ្នានឹកដល់វិញ្ញាណរបស់អស់លោកអ្នកដែលបានចែកស្ថានទៅហើយដែរ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យសប្បុរស! មានតែព្រះអង្គទេដែលអាចប្រោសអ្នកជឿឱ្យគោរពបម្រើព្រះអង្គយ៉ាងសមរម្យ។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យខិតខំធ្វើតាមព្រះហប្ញទ័យព្រះអង្គជានិច្ចផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីម៉ាឡាគី (មគ ១,១៤ខ-២,១.២.៨-១០)

ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងជាព្រះមហាក្សត្រដ៏ប្រសើរឧត្តម ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង!។ ពួកបូជាចារ្យអើយ! ឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ៖ ប្រសិនបើអ្នករាល់គ្នាមិនព្រមស្តាប់យើង ប្រសិនបើអ្នករាល់គ្នាមិន​យកចិត្តទុកដាក់លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឱ្យគ្រោះកាចកើតមានក្នុងចំណោមអ្នករាល់គ្នា យើងនឹងធ្វើ​ឱ្យពររបស់អ្នករាល់គ្នាក្លាយទៅជាបណ្តាសា។ អ្នករាល់គ្នាបានងាកចេញពីមាគ៌ា ការបង្រៀនរបស់អ្នករាល់គ្នាបាននាំមនុស្សជាច្រើនឱ្យវង្វេង។ អ្នករាល់គ្នាបានរំលោភលើសម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នា។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ដូច្នេះ យើងនឹងឱ្យប្រជាជនទាំងមូលប្រមាថមាក់ងាយ បន្តុះបង្អាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាមិនធ្វើតាមមាគ៌ារបស់យើងទេ ហើយអ្នករាល់គ្នាបង្រៀនមនុស្សដោយរើសមុខ»។ ពួកយើងទាំងអស់គ្នាដែលជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ មានឪពុកតែមួយ​គត់ ហើយព្រះជាម្ចាស់ដែលបង្កើតពួកយើង ក៏មានតែមួយព្រះអង្គដែរ ហេតុដូចម្តេចបានជាពួកយើងក្បត់គ្នាទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរសរបស់ពួកយើងដូច្នេះ?។

ទំនុកតម្កើងលេខ ១៣១ (១៣០), ១-៣ បទកាកគតិ

បពិត្រព្រះម្ចាស់ ខ្ញុំជាមនុស្ស ដែលមិនអំនួត
  មិនវាយឫកខ្ពស់ មិនអាងមិនអួត មិនចង់ប្រកួត
    អ្នកតូចអ្នកទាប
  ខ្ញុំមិនលោភលន់ ចង់បានទ្រព្យធន គេជារៀងរាប
  មិនចង់បានអ្វី ដែលធំហួសបៀប លើសសមត្ថភាព
    របស់ខ្ញុំឡើយ
តែផ្ទុយទៅវិញ ចិត្តខ្ញុំពោរពេញ ស្ងៀមស្ងាត់ព្រងើយ
  ដូចជាកូនក្មេង ជាប់ទ្រូងម្តាយហើយ វាធ្វើកន្តើយ
    នឹងអ្វីទាំងអស់
អ៊ីស្រាអែលអើយ កុំបង្អង់ឡើយ ទុកចិត្តលើព្រះ
  តាំងពីឥឡូវ តទៅឥតខ្ចោះ រហូតដល់អស់
    កប្បកល្បជានិច្ច

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងថេសាឡូនិក (១ថស ២,៧-៩.១៣)

បងប្អូនជាទីស្រឡាញ់!
យើងរស់ក្នុងចំណោមបងប្អូនដោយចិត្តសុភាពរាបសា បីដូចជាមាតាដែលបីបាច់ថែរក្សាកូនខ្ចីដែរ។ ដោយយើងជាប់ចិត្តស្រឡាញ់បងប្អូនខ្លាំងយ៉ាងនេះ យើងមិនត្រឹមតែមានបំណងប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតដល់ទៅស៊ូប្តូរជីវិតសម្រាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លាំងណាស់!។ បងប្អូនអើយ! បងប្អូនពិតជានឹកចាំនូវកិច្ចការដែលយើងបានធ្វើទាំងនឿយហត់នោះជាមិនខានឡើយ គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន យើងខំធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឱ្យនរណាម្នាក់ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់ដល់យើង។ ហេតុនេះហើយ បានជាយើងតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូន បងប្អូនបានទទួលយកដោយពុំចាត់ទុកថា ជាពាក្យសម្តីរបស់មនុស្សទេ គឺបងប្អូនចាត់ទុកពាក្យសម្តីរបស់ខ្ញុំនេះ ដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាមពិតជាព្រះបន្ទូលរបស់ព្រះអង្គមែន ហើយព្រះបន្ទូលនេះ កំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ២៣,៩-១០)

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នករាល់គ្នាមានព្រះបិតាតែមួយគត់ ដែលគង់នៅស្ថានបរមសុខ។ អ្នករាល់គ្នាមានព្រះគ្រីស្តតែមួយព្រះអង្គប៉ុណ្ណោះដែលជាអ្នកដឹកនាំអ្នករាល់គ្នា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៣,១-១២)

ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជន និងក្រុមសាវ័កថា៖ «ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ី មានភារកិច្ចបង្រៀនធម្មវិន័យរបស់លោកម៉ូសេ។ អ្វីៗដែលគេបង្រៀនអ្នករាល់គ្នា ចូរស្តាប់ ហើយយកទៅប្រតិបត្តិតាមទៅ តែកុំយកតម្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រតិបត្តិតាមសេចក្តីដែលគេបង្រៀននោះទេ។ អ្នកទាំងនោះបង្កើតវិន័យយ៉ាងតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយមិនជួយសម្រាលបន្ទុកនោះទេ សូម្បីតែបន្តិចបន្តួចក៏មិនជួយផង។ គេធ្វើកិច្ចការផ្សេងៗ ដើម្បីឱ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់កាន់តែធំឡើងៗ និងធ្វើខ្សែរំយោលនៅជាយអាវកាន់តែវែងទៅៗ។ ពួកគេចូលចិត្តកន្លែងកិតិ្តយសក្នុងពិធីជប់​លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងធម្មសាលា។ ពួកនេះចូលចិត្តឱ្យគេឱនកាយគោរពនៅតាមផ្សារ និងឱ្យគេហៅខ្លួនថា “លោកគ្រូ”។ រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឱ្យហៅខ្លួនថា “លោកគ្រូ” សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “ព្រះបរមគ្រូ” តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។ កុំហៅនរណាម្នាក់នៅលើផែនដីនេះថា “លោកឪពុក” ឱ្យសោះ ដ្បិតអ្នករាល់គ្នាមាន​“ឪពុក” តែមួយគត់ គឺព្រះបិតាដែលគង់នៅស្ថានបរមសុខ។ កុំឱ្យគេហៅអ្នករាល់គ្នាថា “អ្នកដឹកនាំ” ឡើយ ដ្បិតមានតែព្រះគ្រីស្តមួយព្រះអង្គប៉ុណ្ណោះ ដែលជាអ្នកដឹកនាំរបស់អ្នករាល់គ្នា។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នា។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា ពេលយើងខ្ញុំថ្វាយអភិបូជា យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះបុត្រាបូជាព្រះជន្មថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូ និងលើកតម្កើងសិរីរុងរឿងព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយ រាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! ដោយយើងខ្ញុំទទួលព្រះកាយព្រះបុត្រា ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំទៅជាព្រះកាយព្រះគ្រីស្តក្នុងលោកនេះ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានយើងខ្ញុំឱ្យរស់នៅបែបសមរម្យនឹងឋានៈរបស់ខ្លួន ព្រមទាំងទៅជាសញ្ញាសម្គាល់នៃធម៌មេត្តាករុណារបស់ព្រះអង្គផង។