១០ តុលា ២០២៦

Written on 17/02/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី២៧  ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី (កាឡ ៣,២២-២៩)

បងប្អូនជាទីស្រលាញ់!
ក្នុងគម្ពីរមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាច​បាប ដើម្បីឱ្យអស់អ្នកជឿបានទទួលផលស្របតាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿ​លើព្រះយេស៊ូគ្រីស្ដ។ មុនពេលជំនឿមកដល់ យើងជាប់ឃុំឃាំងក្រោមអំណាចរបស់​ធម្មវិន័យទាំងរងចាំជំនឿដែលនឹងត្រូវ​លេច​ចេញមក។ ដូច្នេះ ធម្មវិន័យមាននាទីណែនាំយើងទៅកាន់ព្រះគ្រីស្ដ ដើម្បីឱ្យយើងបានសុចរិតដោយសារជំនឿ។ កាលណា​ជំនឿមកដល់ហើយ យើងមិនស្ថិតនៅក្រោមធម្មវិន័យដែលបានណែនាំយើងនោះ​ទៀតទេ​ ដ្បិតដោយសារជំនឿលើព្រះគ្រីស្ដយេស៊ូ បងប្អូនសុទ្ធតែជាបុត្រធីតារបស់ព្រះ​​ជាម្ចាស់។ បងប្អូនទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីឱ្យបានរួមជាមួយ​ព្រះគ្រីស្ដ បងប្អូនក៏មានព្រះគ្រីស្ដនៅជាប់ជាមួយដែរ។ ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្រ្តីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងព្រះ​គ្រីស្ដយេស៊ូ។ ប្រសិនបើបងប្អូនចូលរួមជាមួយព្រះគ្រីស្ដ បងប្អូនពូជពង្សរបស់លោក​អប្រាហាំ ហើយក៏ត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាដែរ។

ទំនុកតម្កើងលេខ ១០៥ (១០៤) ,២-៧ បទកាកគតិ

ចូរច្រៀងបទថ្វាយ តម្កើងកុំណាយ រៀងរាល់វេលា
  រៀបរាប់អំពី សព្វអស់ការងារ អស្ចារ្យគ្រប់គ្រា
    ដែលទ្រង់ប្រព្រឹត្ត
ចូរខ្ពស់មុខឡើង ព្រោះតែព្រះយើង ជាព្រះវិសុទ្ធ
  អ្នកស្វែងរកទ្រង់ ខ្ពង់ខ្ពស់បំផុត ចូរសប្បាយចិត្ត
    កុំបីសៅហ្មង
ចូរស្វែងរកព្រះ ដែលមានតេជះ បារមីត្រចង់
  ស្វែងរកព្រះភក្រ្ដ របស់ព្រះអង្គ កុំនៅរេរង់
    ឈប់ឈរសោះឡើយ
សូមនឹកដល់ការ សម្បើមអស្ចារ្យ ទ្រង់បានធ្វើហើយ
  នឹកដល់បាដិហារិយ៍ កុំនៅកន្តើយ នឹងការវិនិច្ឆ័យ
    ដែលទ្រង់សម្រេច
ពូជពង្សរបស់ ប្រាហាំទាំងអស់ នៅបម្រើស្រេច
  កូនចៅយ៉ាកុប ដ៏ល្អបណ្ដាច់ ព្រះអង្គសម្រេច
    ជ្រើសយកយូរហើយ
ព្រះជាអម្ចាស់ ទ្រង់គឺជាព្រះ របស់យើងអើយ
  កុំនៅបង្អង់ រេរង់តោះតើយ គឺព្រះនោះហើយ
    គ្រប់គ្រង់ផែនដី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក១១,២៨

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តន៍តាម អ្នកនោះពិតជាមានសុភមង្គលមែន។​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១១,២៧-២៨) 

ព្រះយេស៊ូកំពុងតែមានព្រះបន្ទូល ស្រាប់តែមានស្រ្ដីម្នាក់បន្លឺសំឡេងចេញពីចំណោម​បណ្ដាជនទូលព្រះអង្គថា៖«ស្រ្តីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជា​​មានសុភមង្គលមែន‌! »។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«អ្នកណាស្ដាប់ព្រះបន្ទូល​របស់ព្រះជាម្ចាស់ ហើយអនុវត្តន៍តាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។