២៣ កញ្ញា ២០២៦

Written on 16/02/2026
Catholic Faith Cambodia

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី២៥ ឆ្នាំ«គូ»
ពណ៌ស

បុណ្យរម្លឹក
សន្តពីយ៉ូ ជាបូជាចារ្យ
នៅក្រុងពៀត្រេលជីណា

សូមចុចទីនេះ

សន្តពីយ៉ូ ឈ្មោះដើម ហ្វ្រង់ស៊ីស្កូ ហ្វរជិអុនិ កើតនៅឆ្នាំ ១៨៨៧ នៅភូមិ ពិអេត្រេស៊ីណា ប្រទេសអ៊ីតាលីខាងត្បូង ។ ឪពុកម្តាយរបស់លោកជាកសិករ មានកូនទាំងអស់ ៨នាក់ ។ លោកចូលជាសាមណេក្នុងក្រុមគ្រួសារបព្វជិតកាពូសាំង នៅពេលលោកជាយុវជន ឈ្មោះថ្មីថា “ពីយ៉ូ” (សំដៅទៅលើសម្ដេច ប៉ាប ពីយ៉ូទី៥ ) លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅទីក្រុង បេណេវេនតូ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩១០ ក្នុងអាយុ ២៣ ឆ្នាំ ។ នៅឆ្នាំ ១៩១៦ លោកត្រូវបានចាត់ឲ្យទៅបម្រើនៅអារាមកាពូសាំង នៅក្រុង សាន់-ជីអូវ៉ានី រ៉ូទន់ដូជាពលេដែលលោកផ្តើមមានឈ្មោះល្បីសុសសាយកាន់តែខ្លាំងឡើងៗ ដោយសារស្នាមរបួសដ៏វិសុទ្ធរបស់ព្រះគ្រីស្ត ដៅលើរូបកាយរបស់លោក នៅពេលដែលលោកកំពុងតែអធិដ្ឋានមុខឈើឆ្កាង (ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ១៩១៨)។ លោកខិតខំប្រារព្ធអគ្គសញ្ញាលើកលែងទោសជាច្រើនម៉ោងរាល់ថ្ងៃ ហើយមានមនុស្សជាច្រើនទៅជួបលោកដើម្បីស្រាយបាប។ លោកបានទទួលអំណោយទានមួយដ៏ពិសេសពីព្រះវិញ្ញាណដ៏វិសុទ្ធ ដិ្បតលោកអាចឈ្វេងយល់នូវចិត្តគំនិតដ៏លាក់កំបាំងរបស់គេ ជាហេតុលោកអាចជួយគេខាងផ្លូវវិញ្ញាណ។ ក្នុងព្រះនាមព្រះជាម្ចាស់ មានទីសម្គាល់ដ៏អស្ចារ្យជាច្រើនផ្សេងទៀតកើតឡើងដោយសារលោក មានបណ្តាជនច្រើនកុះករមកមើលចង់ជួបលោក ចង់ដឹងចង់ឃើញ និងចាប់អារម្មណ៍។ ទន្ទឹមនឹងភាពល្បីរន្ធឺនេះបានធើ្វឲ្យ មេដឹកនាំបព្វជិតកាពូសាំង និងមេដឹកនាំព្រះសហគមន៍កើតក្តីសង្ស័យថាលោកពីយ៉ូ ជាអ្នកបោកប្រាស់ ដូច្នេះការស៊ើបអង្កេតលើលោកត្រូវបានចាប់ផ្តើម ដើម្បីសបញ្ជាក់ថា តើសញ្ញាសម្គាល់ទាំងប៉ុន្មានដែលលោកពីយ៉ូសម្តែង ពិតជាមកពីព្រះជាម្ចាស់មែនឬទេ ? កំឡុងពេលនោះ លោកត្រូវគេរិះគន់ និងហាមឃាត់មិនឱ្យបណ្តាជនមកជួប។ នៅឆ្នាំ១៩៦៤ សម្តេចប៉ាបប៉ូលទី៦ ទទួលស្គាល់ជាផ្លូវការថា លោកពីយ៉ូ ពិតជាឧបករណ៍ដ៏ពិសេសរបស់ព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍។ ក្នុងអំឡុងពេលហាសិបឆ្នាំដែលលោកពីយ៉ូបានបំពេញបេសកកម្មជាបព្វជិត និងជាបូជាចារ្យ មានមនុស្សប្រមាណ ២០លាននាក់ បានចូលរួមអភិបូជាមួយលោក ក្នុងនោះមានគ្រីស្តបរិស័ទប្រមាណ៥លាននាក់ ដែលបានទទួលអគ្គសញ្ញាលើកលែងទោសពីលោក។ នៅឆ្នាំ ១៩៥៦ លោកបានបង្កើត “មជ្ឈមណ្ឌលនៃការធូរស្បើយពីទុក្ខលំបាក” ដែលមានទីតាំងនៅក្បែរវត្តអារាម គឺជាមន្ទីរពេទ្យសម្រាប់ការបន្ធូរបន្ថយភាពឈឺចុកចាប់របស់អ្នកជំងឺ។ ក្នុងមួយឆ្នាំៗមានអ្នកជម្ងឺប្រមាណ ៦០,០០០ ទទួលបានការព្យាបាល ។ លោកពីយ៉ូទទួលមរណភាពនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៦៨ ក្នុងអាយុ ៨១ឆ្នាំ។ ប៉ុន្មានថ្ងៃមុនលោកទទួលមរណៈភាព លោកមានប្រសាសន៍ថា៖ «៥០ឆ្នាំមកហើយដែលខ្ញុំជាបព្វជិត… ៥០ឆ្នាំមកហើយ ដែលខ្ញុំជាប់លើឈើឆ្កាង… ហាសិបឆ្នាំមកហើយដែលចិត្តខ្ញុំមានភ្លើងឆេះសន្ធោសន្ធៅនៅចំពោះព្រះអម្ចាស់ និងចំពោះមនុស្សលោកដែលព្រះអង្គបានសង្គ្រោះ…»។ សន្តពីយ៉ូបានទទួលឋានៈជាសន្តបុគ្គលជាផ្លូវការ នឹងប្រកាសជាសាធារណៈដ៏ឱឡារិកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០២ ដោយសម្តេចប៉ាប យ៉ូហាន-ប៉ូលទី២ ក្នុងវិសាលវិហារបាស៊ីលីកា សន្តសិលា នៅបុរីវ៉ាទីកង់ ទីក្រុងរ៉ូម ។ នៅថ្ងៃសពរបស់លោកត្រូវបានលើកចេញពីផ្នូរ សភាពរូបកាយនៃសពគឺមិនរលួយឡើយ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្រជាច្រើនដែលបានត្រួតពិនិត្យ ដែលនេះជាការអស្ចារ្យរបស់ព្រះជាម្ចាស់។

សូមថ្លែងព្រះគម្ពីរសុភាសិត (សុភ ៣០,៥-៩)

ព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះជាម្ចាស់​គួរឱ្យជឿទុកចិត្ត ព្រះអង្គជាខែលការពារ​អស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។ កុំយកអ្វីមកបន្ថែមពីលើព្រះបន្ទូលរបស់​ព្រះអង្គឡើយ ក្រែងលោព្រះអង្គស្ដីបន្ទោសថា អ្នកជាមនុស្សកុហស។ ឧិព្រះអង្គម្ចាស់​អើយ! ទូលបង្គំសូមសេចក្ដីពីរយ៉ាងពីព្រះអង្គ សូមប្រោសប្រទានតាមសំណូមពរ​របស់ទូលបង្គំ មុនពេលទូលបង្គំស្លាប់។ សូមកុំបណ្ដោយឱ្យទូលបង្គំចេះពោលពាក្យ​កុហកបោកប្រាស។ សូមកុំឱ្យទូលបង្គំក្រពេក ឬក៏មានពេកដែរ គឺសូមប្រទានឱ្យ​ទូលបង្គំមានអាហារបរិភោគគ្រប់គ្រាន់តែប៉ុណ្ណោះបានហើយ។ ប្រសិនបើទូលបង្គំមាន​ទ្រព្យច្រើនពេក ក្រែងលោទូលបង្គំវងេ្វងឆ្ងាយពីព្រះអង្គ ដោយពោលថា “តើព្រះអម្ចាស់​ជានរណា?” ឬបើទូលបង្គំក្រពេក ទូលបង្គំបែរជាលួចគេ ហើយបង្អាប់ព្រះនាមព្រះ​របស់ទូលបង្គំ។

ទំនុកតម្កើងលេខ ១១៩ (១១៨) ,២៩.៧២.៨៩..១០១.១០៤.១៦៣ បទពាក្យ ៧

២៩ សូមឱ្យខ្ញុំចៀសចាកចេញផុត ឆ្ងាយពីពាក្យភូតភរប្ញស្យា  
  សូមជួយបង្ហាញក្ដីករុណា វិន័យថ្លៃថ្លាឱ្យខ្ញុំស្គាល់ ។
៧២ ធ​ម្មវិន័យដែលព្រះអង្គបាន ប្រកាសឱ្យកាន់មានតម្លៃ  
  ប្រសើរជាងមាសពេជ្រចរណៃ ជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់ ។
៨៩ បពិត្រព្រះម្ចាស់ព្រះបន្ទូល គង់វង្សមុតមូលមិនខ្ចាយខ្ចាត់  
  នៅស្ថានបរមសុខមិនរលត់ អស់កល្បរហូតតរៀងទៅ ។
       
  សូមប្តូរបទកាកគតិ  
១០១ ខ្ញុំគេចឱ្យឆ្ងាយ ពីផ្លូវអន្ដរាយ អាក្រក់ទាំងអស់
  គេចចេញឱ្យផុត ប្រព្រឹត្តតាមព្រះ បន្ទូលអម្ចាស់
    នៅជាប់ស្ថិតស្ថេរ ។
១០៤ គឺធម្មវិន័យ របស់ម្ចាស់ថ្លៃ ធើ្វឱ្យខ្ញុំត្រង់
  ចេះពិចារណា រិះគិតឥតឆ្គង ស្អប់ផ្លូវសៅហ្មង
    វៀចវេរបោកប្រាស ។
       
    សូមប្តូរបទពាក្យ៧  
១៦៣ ខ្ញុំស្អប់ខ្ពើមការបោកកុហស ភូតភរគម្រក់ខ្លាំងអនេក  
  ដ្បិតខ្ញុំស្រឡាញ់នឹកឃ្លានស្រេក ធម្មវិន័យពេកព្រះអង្គថ្លៃ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មក១,១៥) 

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតបង្កើយហើយ។ ចូរនាំគ្នាជឿដំណឹងល្អចុះ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៩,១-៦) 

ព្រះយេស៊ូត្រាស់ហៅសាវ័កដប់ពីរនាក់មកជួបជុំគ្នា ហើយព្រះអង្គប្រទានប្ញទ្ធានុភាព និងអំណាចឱ្យគេបណ្ដេញអារក្សទាំងអស់ ព្រមទាំងមើលជំងឺផ្សេងៗឱ្យបានជា។ ព្រះអង្គចាត់គេឱ្យចេញទៅប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នក​ជំងឺឱ្យបានជាផង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី​ ចំណីអាហារ ឬប្រាក់កាសក្ដី​ ហើយក៏មិនត្រូវយកអាវបន្លាស់ទៅដែរ។ បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះ​នោះ រហូតដល់ពេលអ្នករាល់គ្នាចេញ​ពីស្រុកនោះទៅ។ បើភូមណាគេមិនព្រមទទួល​អ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុក​ជាសញ្ញាព្រមានគេ »។ សាវ័កនាំគ្នាចេញទៅ ធើ្វដំណើរពីភូមិមួយទៅភូមិមួយ ទាំង​ប្រកាសដំណឹងល្អ និងមើលអ្នកជំងឺគ្រប់កន្លែងឱ្យបានជាផង។