១៧ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី២៤ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ១៥,១-១១)

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមរំឭកដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូនជា​ដំណឹងល្អដែលបងប្អូនបានទទួល ហើយដែលបងប្អូននៅតែជឿយ៉ាងខ្ជាប់ខ្ជួននោះ។ ប្រសិនបើ បងប្អូនមិនឃ្លាតចាកពីដំណឹងល្អ ដូចខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលការសង្រ្គោះ ដោយសារដំណឹងល្អនេះ។ បើឃ្លាតចាកជំនឿរបស់​បងប្អូន មុខតែឥតប្រយោជន៍។ មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាព្រះគ្រីស្ដសោយទិវង្គតព្រោះតែបាបរបស់យើង ស្របតាមគម្ពីរ។ គេបញ្ចុះព្រះសពព្រះអង្គនៅ​ក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគម្ពីរ។ ព្រះអង្គ​បានបង្ហាញខ្លួនឱ្យលោកកេផាសឃើញ រួចឱ្យក្រុមសាសនទូតទាំងដប់ពីរនាក់ឃើញដែរ។ បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឱ្យបងប្អូន ជាងប្រាំរយនាក់ឃើញ ក្នុងពេល​ជាមួយគ្នា។ ក្នុងចំណោម​បងប្អូនទាំងនោះ មានភាគច្រើននៅរស់នៅឡើយ តែមាន​អ្នកខ្លះទទួលមរណភាពផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួនឱ្យ​លោកយ៉ាកុបឃើញ រួចឱ្យសាសនទូតទាំងអស់ឃើញដែរ។ ក្រោយបង្អស់ ព្រះអង្គ​បានបង្ហាញខ្លួនឱ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ ដ្បិតក្នុង​ចំណោមសាសនទូតទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាសនទូតទៀតផង ព្រោះខ្ញុំបានធ្វើទុក្ខបុកម្នេញព្រះសហគមន៍របស់ព្រះជាម្ចាស់។ ប៉ុន្ដែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះ​ជាម្ចាស់ប៉ុណ្ណោះ។ ព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះអង្គមកលើខ្ញុំ មិនមែនឥត​ប្រ​យោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាសនទូតទាំងនោះទៅទៀត ក៏ប៉ុន្ដែ មិនមែនខ្ញុំទេដែលធើ្វការ គឺព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដែលស្ថិតនៅ​ជាមួយខ្ញុំទេតើដែលបានសម្រេចគ្រប់កិច្ចការ។ ហេតុនេះ ទោះបីខ្ញុំក្ដី ទោះបីសាសនទូត​ទាំងនោះក្ដី យើងប្រកាសដំណឹងល្អនេះ ហើយបងប្អូន ក៏បានជឿដំណឹងល្អនេះដែរ។

ទំនុកតម្កើងលេខ ១១៨ (១១៧),១-២.១៦-១៧.២៨.២១ បទពាក្យ ៧

សូមលើកតម្កើងព្រះអម្ចាស់ ប្រសើរពេកណាស់ព្រះទ័យថ្លៃ  
  សប្បុរសករុណាត្រាប្រណី ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ
សូមឱ្យប្រជាទ្រង់ប្រកាស សម្ដែងចេញច្បាស់កុំទុកនៅ  
  ព្រះទ័យមេត្តាដ៏ត្រឹមត្រូវ ស្ថិតស្ថេរគង់នៅដូចថ្ងៃរះ
១៦ ព្រះអង្គសម្ដែងបារមីខ្ពស់ ប្រសើរលើសលស់មិនទន់ទាប  
  ព្រះអង្គបង្ហាញឱ្យគេជ្រាប ឬទ្ធានុភាពអស្ចារ្យក្រៃ
១៧ ខ្ញុំត្រូវនៅរស់មានជីវិត មិនត្រូវស្លាប់ផុតចាកលោកីយ៍  
  ដើម្បីរៀបរាប់ពីសេចក្ដី ស្នាព្រះហស្តថ្លៃព្រះអម្ចាស់
២៨ ព្រះអង្គជាព្រះទូលបង្គំ ផ្ដល់ក្ដីសុខុមឥតមានអាក់​​  
  ខ្ញុំសូមតម្កើងដោយស្មោះស្ម័គ្រ ដោយការជឿជាក់អស់ពីចិត្ត
២១ ខ្ញុំនឹងតម្កើងព្រះអម្ចាស់ ត្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់  
  តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់  

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ១១,២៨)

អាលេលូយ៉ា! អាលេលូយ៉ា!
អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ​៧,៣៦-៥០) 

មានបុរសម្នាក់ខាងគណៈផារីស៊ី យាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏ យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ នៅក្រុងនោះ មានស្រ្តីម្នាក់មានកេរ្តិ៍ឈ្មោះមិនល្អ។ ពេលនាងឮថា ព្រះយេស៊ូគង់នៅក្នុងផ្ទះខាងគណៈផារីស៊ីនោះ នាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។ នាងនៅពីក្រោយព្រះយេស៊ូ ក្រាបទាបព្រះ​បាទាព្រះអង្គ យំសម្រក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយក​សក់មកជូត។ បន្ទាប់មក នាងថើបរួចយកប្រេងក្រអូបមកចាក់ពីលើផង។ ពេលបុរសម្ចាស់ផ្ទះ​ឃើញដូច្នោះ គាត់រិះគិតក្នុងចិត្តថា៖«បើលោកនេះ ពិតជាព្យាការីមែន ច្បាស់ជា​លោកជ្រាបថា ស្រ្តីដែលពាល់លោកនេះជាស្រ្តីប្រភេទណាពុំខាន គឺនាងជាមនុស្ស​បាប»។ ព្រះយេស៊ូមានព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះថា៖«លោកស៊ីម៉ូន! ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖«សូម​លោកគ្រូមានប្រសាសន៍មកចុះ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។ ដោយអ្នកទាំងពីរគ្មានប្រាក់សង​ ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះ។ ក្នុងចំណោមអ្នកទាំងពីរ តើនរណាស្រលាញ់ម្ចាស់បំណុលជាង?»។ លោកស៊ីម៉ូនទូលឆ្លើយថា៖«តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖​«លោកមានយោបល់ត្រឹមត្រូវមែន»។ បន្ទាប់មក ព្រះអង្គបែរទៅរកស្រ្តីនោះ រួចមាន​ព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖«សូមមើលស្រ្តីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោកតែ​លោកពុំបានយកទឹកមក​លាងជើខ្ញុំទេ រីឯនាង នាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ​ព្រមទាំង​យកសក់នាងមកជូតទៀតផង។ លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ​តាំងពី​ខ្ញុំ​ចូលមក នាងចេះ​តែថើបជើងខ្ញុំឥតឈប់ឈរសោះឡើយ។ លោកមិនបានយក​ប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ហេតុ​នេះហើយ ខ្ញុំសុំប្រាប់ឱ្យលោកដឹងថា នាងសម្ដែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ​ព្រោះព្រះជាម្ចាស់បាន ប្រោសនាងឱ្យរួចពី​បាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឱ្យតិច ក៏សម្ដែងសេចក្ដីស្រឡាញ់តិចដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅស្រ្ដីនោះថា៖ «ព្រះជាម្ចាសអត់ទោសឱ្យនាងរួចពីបាបហើយ»។ អស់អ្នក​ដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖«តើលោកនេះមានឋានៈអ្វីបានជាហ៊ានអត់ទោសមនុស្សឱ្យរួចពីបាបដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ “ជំនឿរបស់នាងបានសង្គ្រោះនាងហើយ! សូមអញ្ជើញទៅវិញដោយ​សុខសាន្ដចុះ!”។