ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី២៣ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ៩,១៦-១៩.២២-២៧)
បងប្អូនជាទីស្រឡាញ់!
ខ្ញុំមិនត្រូវអួតថា ការប្រកាសដំណឹងល្អជាកិត្តិយសរបស់ខ្ញុំនោះទេ ព្រោះជាភារកិច្ចមួយដែលខ្ញុំត្រូវតែធើ្វដោយខានមិនបាន។ ប្រសិនបើខ្ញុំមិនប្រកាសដំណឹងល្អទេ សូមឱ្យខ្ញុំវេទនាទៅចុះ!។ ប្រសិនបើខ្ញុំស្ម័គ្រចិត្តប្រកាសដំណឹងល្អដោយខ្លួនឯង ខ្ញុំត្រូវតែទទួលប្រាក់បៀវត្សរ៍។ ផ្ទុយទៅវិញ បើកិច្ចការនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបំពេញតាមតែព្រះអង្គផ្ទុកផ្ដាក់ឱ្យខ្ញុំធើ្វ។ ដូច្នេះ តើខ្ញុំទទួលប្រាក់បៀវត្សរ៍ឯណា! បៀវត្សរ៍របស់ខ្ញុំ គឺការប្រកាសដំណឹងល្អដោយឥតគិតថ្លៃ ដោយឥតប្រើសិទិ្ធជាអ្នកប្រកាសដំណឹងល្អឡើយ។ ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់ចំណងរបស់នរណាក៏ដោយ ក៏ខ្ញុំសុខចិត្តដាក់ខ្លួនធើ្វជាទាសារបស់មនុស្សទាំងអស់ដែរ ដើម្បីនាំមនុស្សឱ្យបានច្រើនមកថ្វាយព្រះគ្រីស្ដ។ កាលខ្ញុំនៅជាមួយអ្នកមានជំនឿទន់ខ្សោយ ខ្ញុំក៏ទៅជាអ្នកមានជំនឿទន់ខ្សោយដែរ ដើម្បីនាំអ្នកដែលមានជំនឿទន់ខ្សោយថ្វាយព្រះគ្រីស្ដ។ ខ្ញុំធើ្វឱ្យបានដូចមនុស្សទាំងអស់ក្នុងគ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះអ្នកខ្លះ តាមគ្រប់មធ្យោបាយទាំងអស់។ ព្រោះតែដំណឹងល្អ ខ្ញុំសុខចិត្ដធ្វើអ្វីៗទាំងអស់ដើម្បីអាចចូលរួមទទួលផលពីដំណឹងល្អនោះ។ បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកដែលរត់ប្រណាំងនៅកីឡាដ្ឋាន គេរត់ទាំងអស់គ្នា ប៉ុន្ដែ មានតែម្នាក់ប៉ុណ្ណោះដែលទទួលពាន់រង្វាន់។ សូមបងប្អូនរត់តាមរបៀបនោះដែរ ដើម្បីឱ្យទទួលរង្វាន់។ អ្នកប្រកួតកីឡាទាំងអស់តែងតែលត់ដំខ្លួន ដោយធើ្វតាមក្បួនតម្រាគ្រប់យ៉ាង ដើម្បីទទួលភួងជ័យដែលតែងតែរលាយសាបសូន្យ រីឯយើងវិញ យើងនឹងទទួលភួងជ័យដែលមិនចេះរលាយសាបសូន្យឡើយ។ ហេតុនេះ ចំពោះរូបខ្ញុំ ខ្ញុំមិនរត់ដូចជាមិនស្គាល់ទីដៅនោះទេ ហើយខ្ញុំក៏មិនប្រដាល់ខ្យល់ដែរ។ ផ្ទុយទៅវិញ ខ្ញុំលត់ដំរូបកាយខ្ញុំយ៉ាងតឹងតែង ហើយខ្ញុំធើ្វម្ចាស់លើរូបកាយខ្លួនឯង ក្រែងដល់ ក្រោយពីបានប្រកាសដំណឹងល្អរួចហើយ នោះខ្លួនខ្ញុំផ្ទាល់បែរជាត្រូវគេជម្រុះចោលទៅវិញ។
ទំនុកតម្កើងលេខ ៨៤ (៨៣),២-៦,១២ បទព្រហ្មគីតិ
| ២ | ព្រះម្ចាស់លើពិភព | ទូទាំងសព្វលើផែនដី | |
| ខ្ញុំស្ម័គ្រពន់ពេកក្រៃ | តំណាក់ថ្លៃព្រះអង្គណាស់ | ។ | |
| ៣ | ខ្ញុំសែនអន្ទះសារ | ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់ | |
| ចង់ចូលព្រះវិហារព្រះ | ជាអម្ចាស់ទាំងចិត្តកាយ | ។ | |
| ចិត្តចង់នៅជាមួយ | ព្រះអង្គជួបមិនរសាយ | ||
| អស់ពីកម្លាំងកាយ | មិនមានណាយរួមទាំងចិត្ត | ។ | |
| ៤ | ត្រចៀកកាំនិងចាប | ជាដរាបវានែបនិត្យ | |
| សំបុកធើ្វនៅជិត | អាសនៈពិតនៃព្រះអង្គ | ។ | |
| ៥ | អស់អ្នកដែលបានស្នាក់ | ក្នុងដំណាក់ដ៏ត្រចង់ | |
| មានសុខមង្គលផង | សរសើរថ្កើងទ្រង់មិនឈប់ | ។ | |
| ៦ | អ្នកណាដែលផ្អែកពឹង | លើកម្លាំងព្រះជាម្លប់ | |
| ដ្បិតគេស្វែងមិនឈប់ | ដំណាក់គាប់ដោយស្មោះសរ | ។ | |
| ១២ | ព្រះជាម្ចាស់ដូចជា | ខែលការពារប្រាកដជាក់ | |
| ជាពន្លឺភ្លឺច្បាស់ | យើងម្នាក់ៗមានសេរី | ។ | |
| ព្រះអង្គតែងតែផ្ដល់ | សុខមង្គលដល់ប្រុសស្រី | ||
| រស់នៅដោយប្រពៃ | គ្មានទុក្ខភ័យផុតកង្វល់ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ១៧,១៧)
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្ដីពិត។ សូមប្រោសយើងខ្ញុំឱ្យបានបរិសុទ្ធ ដោយសារសេចក្ដីពិតនោះផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៦,៣៩-៤២)
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់ក្រុមសាវ័កថា៖«មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធើ្វដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។ ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្ដែ សិស្សដែលបានទទួលចំណេះសព្វគ្រប់ អាចស្មើនឹងគ្រូបាន។ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ?។ បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា ទុកឱ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។