ថ្ងៃអាទិត្យ រដូវធម្មតា អាទិត្យទី២៣ ឆ្នាំ«ក»
ពណ៌បៃតង
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យចាត់ព្រះបុត្រាឱ្យយាងមក សង្គ្រោះមនុស្សលោក និងប្រោសយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលស្គាល់ឋានៈ របស់ខ្លួន និងអរព្រះគុណព្រះអង្គជានិច្ចផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេស៊េគីអែល (អគ ៣៣,៧-៩)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! យើងបានតែងតាំងអ្នកឱ្យធ្វើជាអ្នកយាមល្បាតសម្រាប់កូនចៅអ៊ីស្រាអែល។ ចូរស្តាប់ពាក្យដែលយើងនិយាយ ហើយយកទៅប្រកាសប្រាប់ពួកគេក្នុងនាមយើងផង។ ពេលណាយើងនិយាយទៅកាន់មនុស្ស អាក្រក់ថា៖ «នែ៎ មនុស្សអាក្រក់ អ្នកឯងនឹងត្រូវស្លាប់ជាមិនខាន!»។ ប្រសិនបើអ្នកមិនប្រាប់មនុស្សអាក្រក់នោះឱ្យលះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនទេ មនុស្សអាក្រក់នោះនឹងស្លាប់ព្រោះតែអំពើបាបរបស់ខ្លួន ក៏ប៉ុន្តែ យើងនឹងឱ្យអ្នកទទួលទោសចំពោះការស្លាប់នេះ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រាប់មនុស្សអាក្រក់ឱ្យលះបង់ចោលកិរិយាមារយាទអាក្រក់របស់ខ្លួន តែគេមិនព្រមលះបង់ទេនោះ គេពិតជាស្លាប់ ព្រោះតែអំពើបាបរបស់គេពុំខាន រីឯអ្នកវិញ អ្នកនឹងរួចជីវិត»។
ទំនុកតម្កើងលេខ ៩៥ (៩៤), ១-២.៦-៩ បទកាកគតិ
| ១ | យើងស្រែកច្រៀងឡើង | សរសើរតម្កើង | ថ្វាយព្រះអម្ចាស់ |
| ដោយចិត្តអបអរ | សាទរថ្វាយព្រះ | ជាថ្មមាំណាស់ | |
| ជួយសង្គ្រោះយើង | ។ | ||
| ២ | យើងនាំគ្នីគ្នា | រូតរះម្នីម្នា | ជួបភក្ត្រព្រះអង្គ |
| ទាំងអរព្រះគុណ | ស្មូត្របទតម្កើង | កោតសរសើរទ្រង់ | |
| អស់កល្បអង្វែង | ។ | ||
| ៦ | ចូរនាំគ្នីគ្នា | គោរពវន្ទា | ក្រាបថ្វាយព្រះអង្គ |
| យើងក្រាបចំពោះ | ព្រះភក្រ្តផូរផង់ | បារមីត្រចង់ | |
| ទ្រង់បង្កើតយើង | ។ | ||
| ៧ | ព្រះអង្គជាព្រះ | នៃយើងទាំងអស់ | បារមីថ្កុំថ្កើង |
| ទ្រង់ជាគង្វាល | ដឹកនាំពួកយើង | ថ្ងៃនេះព្រះអង្គ | |
| បន្លឺឡើងថា | ។ | ||
| ៨ | មិនត្រូវផ្តេសផ្តាស | ដូចកាលបោរបះ | នៅមេរីបា |
| ដូចថ្ងៃល្បងល | នៅឯម៉ាសា | ក្នុងវាលឯកា | |
| ទីរហោស្ថាន | ។ | ||
| ៩ | គឺបុព្វបុរស | នៃអ្នកទាំងអស់ | ចិត្តគេសាមាន្យ |
| គេបានល្បងល | ទោះបីគេបាន | ឃើញកិច្ចប៉ុន្មាន | |
| យើងបានប្រព្រឹត្ត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម (រម ១៣,៨-១០)
បងប្អូនជាទីស្រឡាញ់!
បងប្អូនមិនត្រូវជំពាក់អ្វីពីនរណា ក្រៅពីជំពាក់សេចក្តីស្រឡាញ់គ្នាទៅវិញទៅមកនោះឡើយ ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្តិតាមធម្មវិន័យសព្វគ្រប់ហើយ ព្រោះវិន័យដែលចែងថា «កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំមានចិត្តលោភលន់»។ និងវិន័យឯទៀតៗសង្ខេបមកជាវិន័យតែមួយនេះថា «ចូរស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ អ្នកមានចិត្តស្រឡាញ់ មិនដែលប្រព្រឹត្តអាក្រក់ដល់បងប្អូនឯទៀតៗឡើយ ដូច្នេះ សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមធម្មវិន័យបានពេញលក្ខណៈ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (២ករ ៥,១៩)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានសម្រុះសម្រួលមនុស្សលោកឱ្យជានានឹងព្រះអង្គក្នុងអង្គព្រះគ្រីស្ត។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៨,១៥-២០)
ព្រះយេស៊ូមានព្រះបន្ទូលមកកាន់ក្រុមសាវ័កថា៖ «ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្តីប្រដៅគាត់ទៅ។ បើគាត់ស្តាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឱ្យបាត់ឡើយ តែបើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំម្នាក់ឬពីរនាក់ទៀតទៅជាមួយជួយដាស់តឿន ដើម្បីសម្រួលរឿងទាំងអស់ដោយមានសាក្សីពីរឬបីនាក់។ ប្រសិនបើគាត់មិនព្រមស្តាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ព្រះសហគមន៍ ហើយបើគាត់នៅតែមិនព្រមស្តាប់ព្រះសហគមន៍ទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធចុះ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នាទូលសូមអ្វីក៏ដោយ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខនឹងប្រទានឱ្យជាមិនខាន ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាជាអម្ចាស់លើពិភពទាំងមូល! យើងខ្ញុំសូមថ្វាយនំប័ុង និងស្រានេះមកតបស្នងសងគុណព្រះអង្គ និងលើកតម្កើងព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយយើងខ្ញុំនេះ រួមនិងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយ រាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រា ដើម្បីលើកស្ទួយកម្លាំងរបស់អ្នកជឿសង្ឃឹមលើព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យប្រកាសការអស្ចារ្យរបស់ព្រះអង្គ ដោយមានចិត្តស្រឡាញ់អ្នកជិតខាងដូចបងប្អូនផង។