១០ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

បុណ្យគោរព សន្តឡូរ៉ង់ ជាឧបដ្ឋាក
និងជាមរណសាក្សី ពណ៌ក្រហម

លោកឡូរ៉ង់ ជាឧបដ្ឋាកនៅក្រុងរ៉ូម។ នៅឆ្នាំ ២៥៨ ព្រះចៅរីយ៉ាំងបៀតបៀនធ្វើបាបគ្រីស្តបរិស័ទ។ ទ្រង់ឱ្យគេកាត់កសម្តេចប៉ាបស៊ីសទី២ (ថ្ងៃទី៧ ខែសីហា)។ លោកឡូរ៉ង់ជាអ្នកកាន់ប្រាក់ និងទ្រព្យសម្បត្តិនៃព្រះសហគមន៍។ លោកមិនព្រមប្រគល់ប្រាក់នេះឱ្យនគរបាល គឺលោក​ចែកទាំងអស់ដល់ជនក្រីក្រទៅវិញ។ នគរបាលចាប់លោកធ្វើទារុណកម្ម ដោយដុតលោកទាំងរស់នៅលើគ្រែដែក។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសប្រទានឱ្យសន្តឡូរ៉ង់មានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង ក្នុងការបម្រើព្រះសហគមន៍ រហូតដល់សុខចិត្តបូជាជិវិតថ្វាយព្រះអង្គ។ ព្រះអង្គក៏ប្រោសឱ្យលោកទទួលសិរីរុងរឿងនៅស្ថានបរមសុខដែរ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តស្រឡាញ់ព្រះអង្គ និងអ្នកក្រីក្រដូចលោកផង។

សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (២ករ ៩,៦-១០)

បងប្អូនជាទីស្រឡាញ់!
សូមចងចាំថា អ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូណ៍ ក៏ច្រូតបានផលច្រើនបរិបូរណ៍ដែរ។ ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្តដោយមិននឹកស្តាយ ឬដោយទើសទ័លឡើយ ដ្បិតព្រះម្ចាស់សព្វព្រះហឫទ័យនឹងអ្នកដែលធ្វើអំណោយដោយចិត្តរីករាយ។ ព្រះអង្គអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាងដល់បងប្អូន ដើម្បីឱ្យបងប្អូនមានអ្វីៗទាំង អស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូរណ៍សម្រាប់ចែកទានផង ដូចបានចែកទុកមកថា៖ “មនុស្ស​សុចរិតចែកឱ្យអ្នកក្រីក្រ សេចក្តីសុចរិតរបស់គេនៅស្ថិតស្ថេររហូតរៀងទៅ”។ ព្រះអង្គ “ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ ទ្រង់នឹងប្រទានចំណីអាហារឱ្យគេផង”។ ព្រះអង្គក៏ផ្គត់ផ្គង់គ្រាប់ពូជឱ្យបងប្អូន និងឱ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះអង្គនឹងធ្វើឱ្យ​សេចក្តីសុចរិតរបស់បងប្អូនបង្កើតផលបានច្រើនឡើងថែមទៀត។

ទំនុកតម្កើងលេខ ១១២ (១១១),១-២.៥-៩ បទពាក្យ ៧

១ អ្នកឱនកោតខ្លាចព្រះអម្ចាស់ ប្រតិបត្តិច្បាស់តាមព្រះទ័យ  
  ស្មោះស្ម័គ្រគោរពតាមវិន័យ បានសុខពេកក្រៃមានមង្គល ។
២ ពូជរបស់គេមានអំណាច ចិត្តក្លាអង់អាចគ្មានកង្វល់  
  ដ្បិតព្រះជាម្ចាស់ប្រទានផល ព្រះពរពិតដល់អ្នកសុចរិត ។
៥ ជនណាដែលមានចិត្តទូលាយ យកអ្វីទៅឱ្យអ្នកផងខ្ចី  
  ព្រមទាំងរករស៊ីមិនកេងគៃ អ្នកនោះប្រពៃល្អបំផុត ។
៦ កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ ទីជិតទីឆ្ងាយមិនរលត់  
  ជនគ្រប់សម័យតែងចាំស្ទាត់ នឹកទៅដល់គាត់ជាប់ជានិច្ច ។
៧ អ្នកនោះមិនស្លុតមិនព្រឺខ្លាច មានចិត្តអង់អាចមិនខ្លាចល្បិច  
  មិនខ្លាចគេដៀលត្មះពន្លិច ហើយផ្ញើជីវិតលើព្រះម្ចាស់ ។
៨ គាត់មានចិត្តនឹងហើយអង់អាច មិនចេះភ័យខ្លាចអ្វីទាំងអស់  
  ទាល់តែគាត់ឃើញខ្មាំងទាំងនោះ បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត ។
៩ គាត់តែងចែកទានដល់អ្នកក្រ ដោយចិត្តស្មោះសរស្ម័គ្រពិតៗ  
  ចិត្តគាត់ទូលាយត្រង់សុចរិត កម្លាំងគាត់ស្ថិតមិនបាត់បង់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
លោកឧបដ្ឋាកឡូរ៉ង់បានបំពេញមុខងាររបស់ខ្លួនយ៉ាងល្អប្រពៃ ឥឡូវនេះ អ្នកបម្រើចូលរួមសប្បាយជាមួយម្ចាស់របស់ខ្លួន! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១២,២៤-២៦)

មុនថ្ងៃបុណ្យចម្លង ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «ខ្ញុំសុំបា្រប់អ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដីហើយ បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតបានផលច្រើន។ អ្នកណាស្រឡាញ់ជិវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជិវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជិវិតរបស់ខ្លួនក្នុងពិភពលោកនេះទេ អ្នកនោះនឹងរក្សាជិវិតខ្លួនឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ នៅថ្ងៃដែលយើងខ្ញុំនាំអ្នកគោរពសន្ត​ឡូរ៉ង់។ ព្រះអង្គបានប្រទានសន្តឡូរ៉ង់មានចិត្តស្រឡាញ់ខ្លាំងយ៉ាងណា សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តស្រឡាញ់ខ្លាំងយ៉ាងនោះដែរ។

ពាក្យអរព្រះគុណ

បពិត្រព្រះជាម្ចាស់ជាព្រះបិតាយើងខ្ញុំ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តនៅថ្ងៃគោរពសន្តឡូរ៉ង់។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំមានចិត្តក្លាហានហ៊ានប្រកាសជំនឿ  ដោយរស់នៅរបៀបយើងខ្ញុំសព្វថ្ងៃនេះផង។