៣១ កក្កដា ២០២៦

Written on 11/02/2026
Sokhorn Oem

ថ្ងៃសុក្រ អាទិត្យទី១៧ រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស

បុណ្យរម្លឹក
សន្តអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ

សូមចុចទីនេះ

លោកអ៊ីញ៉ាស (១៤៩១-១៥៥៦) កើតនៅភូមិឡូយ៉ូឡា (ប្រទេសអេស្ប៉ាញសព្វថ្ងៃ)។ លោកប្រកបការងារជាទាហាន។ ជួនជាលោកត្រូវរបួសពេលច្បាំងវាយសម្រុកទីក្រុងមួយ។ ពេលព្យាបាលមុខរបួស លោកអានគម្ពីរ ហើយទទួលស្គាល់ព្រះយេស៊ូទុកជាព្រះសង្គ្រោះរបស់ខ្លួន រួចលោកទៅស្មឹងស្មាធិ៍សមាធិនៅគុហារភ្នំមង់រែស ហើយប្រែចិត្តគំនិតទាំងស្រុង។ លោកចែកចាយការពិសោធន៍ខាងព្រះវិញ្ញាណឱ្យមិត្តសម្លាញ់ដើម្បី “លើកតម្កើងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះជាម្ចាស់” នៅឆ្នាំ ១៥៣៤ លោកអ៊ីញ៉ាស និងមិត្ត សម្លាញ់ខ្លះធ្វើសច្ចាប្រណិធាននៅក្រុងប៉ារីស និងបម្រើព្រះជាម្ចាស់អស់មួយជីវិត។ នេះជាដើមកំណើតនៃ “សមាគមសហជីវិនរបស់ព្រះយេស៊ូ”។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ២៦,១-៩)

នៅដើមរជ្ជកាលព្រះបាទយ៉ូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូស៊ីយ៉ា ជាស្តេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមីដូច​តទៅនេះ គឺព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរទៅឈរក្នុងទីលានព្រះវិហារ ហើយនាំពាក្យទាំងប៉ុន្មានដែលយើងបង្គាប់អ្នកទៅប្រកាសប្រាប់ប្រជាជនពីគ្រប់ទីក្រុងក្នុងស្រុកយូដាដែលមកថ្វាយបង្គំក្នុងព្រះវិហារ។ ចូរប្រកាសប្រាប់គេ កុំចន្លោះពាក្យណាមួយឡើយ។ ប្រហែលជាពួកគេស្តាប់ ហើយម្នាក់ៗកែប្រែកិរិយាមារយាទរបស់ខ្លួន។ ដូច្នេះ យើងនឹងមិនដាក់ទោសគេតាមអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត ដូចយើងបានសម្រេចនោះទេ។ អ្នកត្រូវប្រាប់ពួកគេដូចតទៅ ព្រះ​អម្ចាស់មានព្រះបន្ទូលថា ប្រសិនបើអ្នករាល់គ្នាមិនស្តាប់យើង ហើយមិនប្រព្រឹត្តតាមធម្មវិន័យដែលយើងបានដាក់ឱ្យអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាមិនស្តាប់ពាក្យព្យាការីជាអ្នកបម្រើរបស់យើងដែលយើងបានចាត់ឱ្យមកប្រៀនប្រដៅអ្នករាល់គ្នាជារៀងរហូតមកទេ នោះយើងនឹងធ្វើឱ្យព្រះវិហារនេះវិនាសដូចទីសក្ការៈនៅស៊ីឡូ ហើយយើងនឹងធ្វើឱ្យប្រជាជាតិទាំងអស់នៅលើផែនដីឃើញថា ក្រុងនេះជាក្រុងត្រូវបណ្តាសា»។ ពួកបូជាចារ្យ ពួកព្យាការី និងប្រជា​ជនទាំងអស់ឮលោកយេរេមីប្រកាសពាក្យទាំងនេះនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ កាលលោកយេរេមីប្រកាសសេចក្តីទាំងប៉ុន្មាន​ដែលព្រះអម្ចាស់បញ្ជាឱ្យលោកប្រកាសប្រាប់ប្រជាជនទាំងអស់ចប់សព្វគ្រប់ហើយ ពួកបូជាចារ្យ ពួកព្យាការី និងប្រជាជននាំគ្នាចាប់លោកទាំងពោលថា៖«ឯងត្រូវតែ​​ស្លាប់! ឯងត្រូវស្លាប់! ហេតុដូចម្តេចបានជាឯងទាយក្នុងព្រះនាមរបស់ព្រះអម្ចាស់ថា ព្រះវិហារនេះនឹងត្រូវវិនាសដូចទីសក្ការៈនៅស៊ីឡូ ហើយថា ក្រុងនេះនឹងត្រូវខ្ទេចខ្ទីគ្មានមនុស្សរស់នៅដូច្នេះ»។

ទំនុកតម្កើងលេខ ៦៩ (៦៨),២.៥.៨.១០.១៤ បទកាកគតិ

២ ឱ!ព្រះជាម្ចាស់ សូមជួយសង្គ្រោះ ឱ្យរួចខ្លួនផង
  ទឹកដល់ច្រមុះ ខ្ញុំភ័យកន្លង ស្លាប់គ្រានេះម្តង
    តៃហោងសូន្យបង់ ។
៥ ខ្មាំងទូលបង្គំ នាំគ្នាស្អប់ខ្ញុំ មានច្រើនអនេក
  ពួកវាទាំងនោះ ពុំអាចដាក់លេខ ច្រើនក្រាស់ស្កះស្អេក
    ជាងសរសៃសក់ ។
  ពួកគេទាំងនោះ កម្លាំងខ្លាំងហួស មិននៅដំអក់
  គេចង់ព្យាបាទ ខ្ញុំមនុស្សត្រង់ស្មោះ មិនលួចអ្វីសោះ
    ឱ្យខ្ញុំសងគេ ។
៨ ខ្ញុំទ្រាំឱ្យគេ ប្រមាថដៀលជេរ មើលងាយពេកក្រៃ
  ព្រោះតែព្រះអង្គ ខ្មាសគេស្ទើរក្ស័យ អាប់ឱនសេរី
    ព្រោះតែព្រះអង្គ ។
១០ នោះមកពីខ្ញុំ ចិត្តនៅមូលផ្តុំ ស្រឡាញ់ខ្លាំងណាស់
  ដំណាក់ព្រះអង្គ គេតិះដៀលត្មះ តែពាក្យទាំងនោះ
    ត្រូវធ្លាក់លើខ្ញុំ ។
១៤ ឱ!ព្រះអម្ចាស់ ពេលឥឡូវនេះ សូមទ្រង់សម្តែង
  ហឫទ័យសន្តោស ករុណាធំធេង សង្គ្រោះកុំលែង
    សូមឆ្លើយតបផង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ហប១,១-២)

អាលេលូយ៉ា! អាលេលូយ៉ា!
នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើងដោយសារពួកព្យាការី។ ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលមកយើងដោយសារព្រះបុត្រា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៣,៥៤-៥៨) 

នៅគ្រានោះ ព្រះយេស៊ូយាងត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គ​បង្រៀនអ្នកស្រុកនៅក្នុងធម្មសាលារបស់គេ ធ្វើឱ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេ​ពោលថា៖«តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះពីណា​មក?។ អ្នកនេះជាកូនរបស់ជាងឈើ ម្តាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេតើ! ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានក៏រស់នៅក្នុងភូមិជា​មួយយើងដែរ។ ដូច្នេះ គាត់ដឹងសេចក្តីទាំងនេះពីណាមក?» ហេតុនេះហើយ បានជាគេមិនអាចជឿព្រះអង្គបាន។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖​«ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។ នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យឡើយ ព្រោះគេគ្មានជំនឿ។