ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៧ រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ១៨,១-៦)
ព្រះអម្ចាស់មានព្រះបន្ទូលមកព្យាការីយេរេមីដូចតទៅ៖«ចូរក្រោកឡើង ទៅផ្ទះរបស់ជាងស្មូន។ នៅទីនោះ អ្នកនឹងឮសេចក្តីដែលយើងប្រាប់អ្នកឱ្យដឹង»។ ខ្ញុំក៏ទៅផ្ទះរបស់ជាងស្មូន ឃើញគាត់កំពុងសិតថូមួយនៅលើឈើក្រឡឹង។ ពេលណាជាងស្មូនឃើញថូដែលគាត់កំពុងសូននៅក្នុងដៃមិនល្អ គាត់ក៏យកដីឥដ្ឋមកធ្វើថូមួយផ្សេងទៀតដែលគាប់ចិត្តគាត់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កូនចៅអ៊ីស្រាអែលអើយ! យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាងស្មូននេះដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ្នករាល់គ្នានៅក្នុងដៃយើង ដូចដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន។
ទំនុកតម្កើងលេខ ១៤៦ (១៤៥),១-៦.១០ បទពាក្យ ៧
| ១ | ឱ!ព្រះអម្ចាស់អើយខ្ញុំសូម | តម្កើងទាំងព្រមដោយចិត្តស្មោះ | |
| ឥតមានលាក់លៀមទុកកៀនកោះ | បញ្ចេញដោយស្មោះអស់ពីចិត្ត | ។ | |
| ២ | ខ្ញុំសូមសរសើរលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត | |
| ខ្ញុំស្មូត្រចម្រៀងមានបែបបទ | ឱ្យបានចាំស្ទាត់ពេលនៅរស់ | ។ | |
| ៣ | កុំទុកចិត្តពួកមនុស្សលោក | មានច្រើនគគោកចិត្តមិនស្មោះ | |
| កុំទុកចិត្តមេដឹកនាំនោះ | ពុំអាចសង្គ្រោះបានឡើយណា | ។ | |
| ៤ | ពេលដែលដង្ហើមគេត្រូវផុត | ជីវិតរលត់អស់សង្ខារ | |
| ក្លាយជាធូលីដីអសារ | ទាំងគម្រោងការរលាយព្រម | ។ | |
| ៥ | អ្នកដែលព្រះលោកយ៉ាកុបជួយ | សង្គ្រោះផុតព្រួយហើយសង្ឃឹម | |
| ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹម | រស់ដោយញញឹមគ្មានភិតភ័យ | ។ | |
| ៦ | ព្រះអង្គបង្កើតទាំងផ្ទៃមេឃ | ផែនដីល្អឯកធំពេកក្រៃ | |
| សមុទ្រព្រមទាំងអស់អ្វីៗ | សន្យាថ្លាថ្លៃទ្រង់មិនភ្លេច | ។ | |
| ១០ | ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ | អស់កល្បជានិច្ចតយូរលង់ | |
| ឱក្រុងស៊ីយ៉ូនដ៏រឿងរុង | ព្រះអង្គនឹងគ្រងរាជ្យតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (កក១៦,១៤)
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយកចិត្តទុកដាក់ស្វែងរកព្រះបន្ទូលរបស់ព្រះបុត្រាព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៣,៤៧-៥៣)
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់បណ្តាជនថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ ពេលជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ រីឯត្រីមិនល្អវិញគេបោះចោល។ នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានឡើងដូច្នេះដែរ។ ពួកទេវទូតនាំគ្នាមកញែកមនុស្សទុច្ចរិត ចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ។ នៅទីនោះ មានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។ តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះឬទេ?»។ ក្រុមសាវ័កទូលព្រះអង្គថា៖«បាទ! យល់!»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖«ហេតុនេះហើយ បានជាធម្មាចារ្យណាដែលទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យទាំងចាស់ ទាំងថ្មីចេញពីឃ្លាំងរបស់គាត់»។ កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះទៅ។