២៤ កក្កដា ២០២៦

Written on 11/02/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី១៦ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ៣,១៤-១៧)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់​មកវិញ ដ្បិតយើងនៅតែជាម្ចាស់របស់អ្នករាល់គ្នា យើងនឹងយកម្នាក់ពីក្រុងមួយ ហើយ​យកពីរនាក់ទៀតពីកុលសម្ព័ន្ធមួយ ដើម្បីនាំអ្នករាល់គ្នាមកក្រុងស៊ីយ៉ូនវិញ។ យើងនឹងតែងតាំងមេដឹកនាំដែលគាប់ចិត្តយើងឱ្យមកថែទាំអ្នករាល់គ្នា ដោយប្រាជ្ញាឆ្លាត​វាងវៃ។ នៅគ្រានោះ កាលណាអ្នករាល់គ្នាកើនចំនួនឡើងបានច្រើននៅក្នុងស្រុក ហើយនឹងលែងមានគេនិយាយអំពីហិបនៃសម្ពនមេត្រីរបស់ព្រះអម្ចាស់ទៀត ហើយក៏គ្មាននរណានឹកនារវីរវល់ចាប់អារម្មណ៍អំពីហិបដែលបាត់ទៅនោះដែរ។ គេមិនធ្វើហិបនោះឡើងវិញ​ទេ។ នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡឹមថា«បល័្លង្ករបស់ព្រះអម្ចាស់»។ ប្រជា​ជាតិទាំងអស់នឹងមកមូលគ្នានៅក្រុងយេរូសាឡឹមនេះ ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់។ ពួកគេឈប់ចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួនទៀតហើយ»។

ទំនុកតម្កើងយេរេមី ៣១,១០-១៣ បទកាកគតិ

១០ ឱព្រះម្ចាស់អើយ សូមអាណិតហើយ សន្តោសខន្តី
  ដ្បិតទូលបង្គំ ជួបអាសន្នភ័យ យំស្ទើររីងរៃ
    បាក់ធ្លាក់ទឹកចិត្ត ។
១១ លុះដល់ខ្ញុំចាស់ ទុកនោះធ្ងន់ណាស់ អស់មួយជីវិត
  កម្លាំងចុះខ្សោយ កំហុសជុំជិត ខ្ញុំខុសមែនពិត
    ឆ្អឹងឆ្អែងពុកផុយ ។
១២ សត្រូវទាំងអស់ ពោលពាក្យគំរោះ ប្រមាថជេរស្តី
  ទោះអ្នកជិតខាង ធ្លាប់មានមេត្រី ពេលខ្ញុំដេកដី
    គេនាំគ្នាគេច ។
១៣ គេមិនខ្ចីនឹក គេមិនរំឭក គេខំបំភ្លេច
  ដូចចោលអ្នកស្លាប់ គ្មានគិតតួចតិច ដូចឆ្នាំងកំបែក
    ត្រូវគេបង់បោះ ។
 

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៣,១៨-២៣) 

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«សុំស្តាប់អត្ថន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅ អ្នកដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យតែមិនយល់​ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ហើយមារកំណាចមកឆក់យកព្រះបន្ទូលដែលបានធ្លាក់ក្នុងចិត្តគេនោះទៅ។ រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺ​អស់អ្នកដែលបានឮព្រះបន្ទូល ហើយក៏ទទួលយកភ្លាមដោយអំណរដែរ។ ប៉ុន្តែ គេពុំបានទុកឱ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្តតែមួយភ្លែតប៉ុណ្ណោះ។ លុះដល់មានទុក្ខលំបាក ឬត្រូវគេបៀតបៀនព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្តែការ​ខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិរួបរឹតព្រះបន្ទូលមិនឱ្យបង្កើតផលបានឡើយ។ រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺ​អស់អ្នកដែលបានឮព្រះបន្ទូលហើយយល់ គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និងខ្លះទៀតបានមួយជាសាមសិប»។