១៧ កក្កដា ២០២៦

Written on 10/02/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី១៥ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៣៨,១-៦, ២១-២២. ៧-៨)

នៅគ្រានោះ ព្រះបាទអេសេគីយ៉ា ទ្រង់ប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការី​អេសាយមកគាល់ព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា សូមព្រះករុណាផ្តែផ្តាំព្រះរាជវង្សានុវង្សឱ្យហើយទៅ ដ្បិតព្រះករុណាមិនអាចរស់រានតទៅទៀត​បានទេ គឺព្រះករុណាជិតចូលទិវង្គតហើយ»។ ព្រះបាទអេសេគីយ៉ាបែរព្រះភក្ត្រទៅរកជញ្ជាំង ហើយទូលអង្វរព្រះអម្ចាស់ដូចតទៅ៖ «ឱ!ព្រះអម្ចាស់អើយ! សូមកុំភ្លេចឡើយ​ថា ទូលបង្គំបានដើរតាមមាគ៌ារបស់ព្រះអង្គដោយចិត្តស្មោះ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលព្រះអង្គគាប់ព្រះហឫទ័យប៉ុណ្ណោះ!»។ ព្រះបាទអេសេគីយ៉ាបង្ហូរ​ជលនេត្រយ៉ាងខ្លាំង។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេសាយដូចតទៅ “ចូរវិលទៅប្រាប់ស្តេចអេសេគីយ៉ាថា ព្រះអម្ចាស់ជាព្រះរបស់ដាវីឌ ដែលជា​អយ្យកោរបស់អ្នក ទ្រង់មានព្រះបន្ទូលដូចតទៅនេះ យើងបានឮពាក្យអង្វររបស់អ្នក យើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងបន្ថែមអាយុឱ្យអ្នកដប់ប្រាំឆ្នាំទៀត។ យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូសាឡឹមនេះ ឱ្យរួចពីកណ្តាប់​ដៃរបស់ស្តេចស្រុកអាស្ស៊ីរី។ យើងក៏នឹងការពារក្រុងនេះដែរ”។ បន្ទាប់​មក លោក​អេសាយ​បង្គាប់​ទៅ​រាជ​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មក​លាប​លើ​ដំបៅ​របស់​ព្រះ‌ករុណា​ទៅ នោះ​ស្តេច​នឹង​ជា​សះ​ស្បើយ​មិន​ខាន»។ ពេល​នោះ ព្រះ‌បាទ​អេសេ‌ខ្យាស​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ទី​សម្គាល់​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មុខ​ជា​អាច​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន?»។ លោក​អេសាយ​ទូល​ស្តេច​វិញ​ថា៖ «ព្រះ‌អម្ចាស់​នឹង​ប្រទាន​ទី​សម្គាល់​មួយ ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ព្រះ‌អម្ចាស់​មុខ​ជា​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះ‌បាទ​អខាស ដើរ​ថយ​ក្រោយ​ដប់​កាំ»។ ពេល​នោះ ស្រមោល​ដែល​ជ្រេ​ទៅ​ហើយ ក៏​ថយ​ក្រោយ​វិញ​ដប់​កាំ​មែន។

ទំនុកតម្កើងអេសាយ ៣៨ (៣៧),១០-១២.១៤.១៧ បទពាក្យ ៧

១០ បពិត្រព្រះម្ចាស់អើយព្រះអង្គ ឈ្វេងយល់ចិត្តប៉ងទាំងប៉ុន្មាន  
  ទ្រង់សណ្តាប់ខ្ញុំមិនដែលខាន សំឡេងខ្ញុំបានថ្ងូរស្រែកហៅ
១១ បេះដូងទូលបង្គំផ្តើមញាប់ញ័រ ឯកម្លាំងក៏ចុះខ្សោយទៅ  
  ភ្នែកប្រែស្រវាំងថាមិនត្រូវ ទោះជាមើលផ្លូវក៏មិនបាន
១២ មិត្តភក្ត្រទាំងអ្នកធ្លាប់ជិតស្និទ្ធ មិនហ៊ានចូលជិតនាំរំខាន  
  ព្រោះខ្លាចដំបៅសព្វទាំងប្រាណ ទោះញាតិសន្តានក៏គេចឆ្ងាយ
១៤ ខ្ញុំធ្វើមិនឮសព្វអ្វីៗ ទោះជិតឆ្ងាយក្តីដូចមនុស្សថ្លង់  
  មាត់មិននិយាយចិត្តមិនចង់ ធ្វើដូចមនុស្សល្ងង់គមិនស្តី
១៧ សូមកុំបណ្តោយឱ្យពួកខ្មាំង សប្បាយចិត្តខ្លាំងពេលខ្ញុំយំ  
  វេទនាឈឺចាប់រងទុក្ខធំ ឬឃើញរូបខ្ញុំទន់ជើងដួល

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន៨,៦-៧)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់បុត្រនៃមនុស្ស ព្រះអង្គបានតែងតាំងឱ្យលោកគ្រប់គ្រងលើអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់លោក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១២,១-៨) 

មានគ្រាមួយ ព្រះយេស៊ូយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ។ សាវ័ករបស់ព្រះអង្គ​ឃ្លានពេក ក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។ ពួកខាង​ខណៈផារីស៊ីឃើញដូច្នោះ ទូល​ព្រះអង្គថា៖ «សូមលោកមើលចុះ! ពួកសិស្សរបស់លោកនាំគ្នាធ្វើការដែលបញ្ញត្តិហាមមិនឱ្យធ្វើនៅថ្ងៃសប្ប័ទ!»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទ​មួយស្តីអំពី ការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន គឺទ្រង់ចូលទៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយយកនំប័ុងដែលគេតាំងថ្វាយព្រះជាម្ចាស់ មក​សោយជាមួយពួកបរិពារ។ តាមធម្មវិន័យ មានតែពួកបូជាចារ្យប៉ុណ្ណោះ ដែលបរិភោគ​នំប័ុ​ងនេះបាន រីឯព្រះរាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរ។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។ ម្យ៉ាងទៀត នៅថ្ងៃសប្ប័ទ ពួកបូជាចារ្យ​ដែលបំពេញមុខងារនៅក្នុងព្រះវិហារ សុទ្ធតែរំលោភលើវិន័យថ្ងៃសប្ប័ទ តែឥតមាន​ទោសឡើយ។ តើអ្នករាល់គ្នាដែលអានគម្ពីរធម្មវិន័យនោះទេ? ខ្ញុំសូមប្រាប់អ្នករាល់គ្នា​ថា នៅទីនេះ មានម្នាក់ប្រសើរជាងព្រះវិហារទៅទៀត។ ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្តីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បាន​តែចិត្តមេត្តាករុណាប៉ុណ្ណោះ” នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនទាំងនេះដែល​គ្មានទោសឡើយ ដ្បិតបុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ។