១៦ កក្កដា ២០២៦

Written on 10/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី១៥ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ២៦,៧-៩.១២.១៦-១៩)

ឱព្រះអម្ចាស់អើយ! ព្រះអង្គបង្ហាញឱ្យមនុស្សសុចរិតស្គាល់មាគ៌ាដ៏ទៀងត្រង់​​ព្រះអង្គ ក៏ធ្វើឱ្យមាគ៌ារបស់មនុស្សសុចរិតរាបស្មើដែរ។ ឱ! ព្រះអម្ចាស់អើយ! យើង​ខ្ញុំសូមផ្ញើជីវិតលើព្រះអង្គ យើងខ្ញុំដើរតាមមាគ៌ាដែលព្រះអង្គបានត្រួសត្រាយទុក ចិត្តយើងខ្ញុំប្រាថ្នាចង់តែថ្លែងអំពីព្រះនាមរបស់ព្រះអង្គប៉ុណ្ណោះ។ នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គ ទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។ នៅពេលព្រះអង្គវិនិច្ឆ័យទោសមនុស្សនៅលើផែនដី ពួកគេនឹងស្គាល់សេចក្តីសុចរិត។ បពិត្រ​ព្រះអម្ចាស់! ព្រះអង្គប្រទានឱ្យយើងខ្ញុំបានសុខសាន្ត អ្វីៗដែលយើងខ្ញុំប្រព្រឹត្ត​ ក៏ព្រះអង្គធ្វើឱ្យបានសម្រេចទាំងអស់។ ព្រះអម្ចាស់អើយ! ពេលកើតទុក្ខវេទនា យើងខ្ញុំមករកព្រះអង្គ នៅពេលព្រះអង្គដាក់ទោស យើងខ្ញុំទទូចអង្វររកព្រះអង្គ។ ឱព្រះអម្ចាស់អើយ! ស្ត្រីមានផ្ទៃពោះហៀបនឹងសម្រាលកូនស្រែកថ្ងូរដោយឈឺចុក​ចាប់យ៉ាងណា យើងខ្ញុំក៏ស្រែកថ្ងូរនៅចំពោះព្រះភក្រ្តរបស់ព្រះអង្គយ៉ាងនោះដែរ។ យើងខ្ញុំប្រៀបដូចជាស្រ្តីដែលមានផ្ទៃពោះ យើងខ្ញុំឈឺចុកចាប់តែឥតបានបង្កើតអ្វី​សោះឡើយ! យើងខ្ញុំមិនបាននាំការសង្គ្រោះណាមួយមកឱ្យមនុស្សលោកទេ ហើយយើងខ្ញុំក៏មិនបានបង្កើតមនុស្សថ្មីនៅលើផែនដីដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលបានស្លាប់ទៅហើយ នឹងរស់ឡើងវិញ! សាកសព​របស់គេនឹងក្រោកឡើង!។ អស់អ្នកដែលដេកក្នុងធូលីដីអើយ! ចូរភ្ញាក់ឡើង! ចូរនាំ​គ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ!» ដូចទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដីធ្វើឱ្យដំណាំដុះឡើងយ៉ាងណា ព្រះអម្ចាស់នឹងប្រទានពន្លឺមកប្រោសអ្នកដែលចែកស្ថានទៅហើយឱ្យចេញពីដី និងទទួលជីវិតថ្មីដ៏រុងរឿងយ៉ាងនោះដែរ។

ទំនុកតម្កើងលេខ ១០២ (១០១),១៣-២១ បទព្រហ្មគីតិ

១៣ បពិត្រព្រះអម្ចាស់ គ្រងរាជ្យអស់កល្បយូរឆ្នាំ  
  គេរឭកចងចាំ អស់កល្បជាអង្វែងទៅ ។
១៤ ព្រះអង្គសព្វព្រះទ័យ នឹងបុរីនេះពេកកូវ  
  ដល់ពេលកំណត់ត្រូវ ទ្រង់អាណិតស៊ីយ៉ូនហើយ ។
១៥ ខ្ញុំអ្នកបម្រើទ្រង់ ស្រឡាញ់ក្រុងមិនកន្តើយ  
  ទោះជាបែកបាក់ហើយ ក៏នៅជាប់ចិត្តជានិច្ច ។
១៦ សូមឱ្យមនុស្សគ្រប់សាសន៍ កោតខ្លាចព្រះកុំមានភ្លេច  
  សូមឱ្យអស់ទាំងស្តេច លើផែនដីក៏កោតក្រែង ។
១៧ ពេលព្រះអម្ចាស់សង់ ស៊ីយ៉ូនក្រុងគួរស្ញប់ស្ញែង  
  ព្រះអង្គនឹងសម្តែង សិរីរុងរឿងទាំងអស់ ។
១៨ ពេលនោះទ្រង់នឹងបែរ ព្រះភក្ត្ររេទតមកមនុស្ស  
  លែងធ្វើជើយទ្រគោះ ពាក្យអង្វរគេទៀតហើយ ។
១៩ សូមកត់ក្តីនេះចុះ ទុកឱ្យមនុស្សជំនាន់ក្រោយ  
  ប្រជារាស្ត្រកើតហើយ កុំកន្តើយថ្កើងព្រះអង្គ ។
២០ ព្រះអម្ចាស់ទតពី សក្ការៈទីដ៏ត្រចង់  
  ស្ថានបរមសុខឥតហ្មង មិនរំលងសព្វផែនដី ។
២១ ដើម្បីស្តាប់សម្រែក ពួកឈ្លើយស្រែកទាំងយប់ថ្ងៃ  
  អ្នកដែលត្រូវក្សិណក្ស័យ គេកាត់ក្តីមិនសុចរិត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ១៣០,៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្តោសមេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១១,២៨-៣០)

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អស់អ្នកដែលនឿយហត់ និងមានបន្ទុក​ធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នាហើយរៀនពីខ្ញុំទៅ ដ្បិតខ្ញុំស្លូតបូតហើយមានចិត្តសុភាព នោះអ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។