១១ កក្កដា ២០២៦

Written on 10/02/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី១៤ ឆ្នាំ​«គូ»
ពណ៌បៃតង 

បុណ្យរម្លឹក
សន្តបេណេឌិកតូ ជាចៅអធិការ

សូមចុចទីនេះ

លោកបេណេឌិកតូ (៤៨០-៥៤៧) កើតនៅភូមិនូរស៊ី ក្នុងប្រទេសអ៊ីតាលី។ កាលលោកទៅរៀននៅទីក្រុងរ៉ូម លោកសម្រេចចិត្តទៅរស់នៅក្នុងកន្លែងស្ងាត់ដូចឥសីម្នាក់ ដើម្បីឱ្យបានស្គាល់ព្រះជាម្ចាស់។ យូរៗទៅ មានគ្រីស្តបរិស័ទទៅរស់នៅជា​មួយ។ លោកតែងតាំងអារាមនៅភ្នំការស៊ីណូ ហើយចែងធម្មវិន័យសម្រាប់អ្នកទាំងនោះ ដែលជាព្រះសង្ឈនៃគ្រីស្តសាសនា។ ក្នុងធម្មវិន័យនោះ លោកខិតខំអប់រំព្រះសង្ឈឱ្យរម្ងាប់តណ្ហា និងស្ងប់ចិត្ត ដោយអធិដ្ឋាន ដោយធ្វើការផ្ទាល់ដៃ និងដោយរស់នៅជាក្រុមគ្រួសារបុព្វជិត ក្រោយការណែនាំរបស់ចៅអធិការ។ សន្តបេណេឌិកតូពិតជាអ្នកបង្កើតក្រុមព្រះសង្ឈនៃគ្រីស្តសាសនា​មែននៅទ្វីបអឺរ៉ុបខាងលិខ។ សន្តបេណេឌិកតូជាឧបការីទ្វីបអឺរ៉ុប។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ  (អស៦,១-៨)

នៅឆ្នាំដែលព្រះបាទអូស៊ីយ៉ាចូលទិវង្គត ខ្ញុំឃើញព្រះអម្ចាស់គង់លើបល្ល័ង្កដ៏ខ្ពស់​បំផុត ជាយព្រះភូសាព្រះអង្គលាតពេញក្នុងព្រះវិហារ។ នៅលើព្រះអង្គ មានពពួក​សេរ៉ាភីន។ សេរ៉ាភីននីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរ​សម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។ ពពួកសេរ៉ាភីនទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖«ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់ជាព្រះដ៏វិសុទ្ធ! ផែនដីទាំងមូលពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ!»។ សំឡេងសេរ៉ាភីនទាំងនោះ ធ្វើឱ្យកក្រើកទ្វារព្រះវិហារ ហើយមានផ្សែងហុយពេញព្រះដំណាក់។ ពេលនោះខ្ញុំលាន់មាត់ថា៖«ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្តាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញព្រះមហាក្សត្រ ជាព្រះអម្ចាស់នៃពិភពទាំងមូល»។ ខណៈនោះ សេរ៉ាភីនមួយហើរមករកខ្ញុំ ទាំងកាន់តង្កៀបកៀបរងើកភ្លើងពីអាសនៈ មកជាមួយផង រួចយករងើកភ្លើងនោះមកប៉ះមាត់ខ្ញុំទាំងប្រាប់ថា៖«រងើកភ្លើងនេះបានប៉ះនឹងបបូរមាត់លោក។ ដូច្នេះ ព្រះអម្ចាស់លើកលែងទោសឱ្យលោក ព្រះអង្គបានដកបាបចេញពីលោកហើយ»។ បន្ទាប់មក ខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលមានព្រះបន្ទូលថា៖​«តើយើងនឹងចាត់នរណាឱ្យទៅ? តើនរណានឹងនាំពាក្យរបស់យើងទៅ?»។ ខ្ញុំទូលឆ្លើយថា៖«ទូលបង្គំនៅទីនេះស្រាប់ហើយ! សូមព្រះអង្គចាត់ទូលបង្គំចុះ!»។

ទំនុកតម្កើងលេខ ៩៣ (៩២),១-២.៥ បទកាកគតិ

ព្រះអម្ចាស់ជា មហាក្សត្រា រុងរឿងថ្កើងថ្កុំ
  ទ្រង់ប្រកបដោយ ចេស្តាឧត្តម ផែនដីនៅមាំ
    ឥតរង្គើឡើយ
បល្ល័ង្កព្រះអង្គ ស្ថិតស្ថេរឿងរុង យូរលង់មកហើយ
  ព្រះអង្គមានជន្ម អស់កល្បអន្លាយ ដើមមករៀងអាយ
    អង្វែងជានិច្ច
បពិត្រព្រះម្ចាស់ ក្រឹត្យវិន័យព្រះ ត្រឹមត្រូវបរិសុទ្ធ
  ដំណាក់ព្រះអង្គ ល្អល្អះបំផុត វិសេសវិសុទ្ធ
    អស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (១សល៤,១៤)

អាលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើមានគេត្មះតិះដៀលបងប្អូនព្រោះតែព្រះនាមរបស់ព្រះយេស៊ូគ្រីស្ត បងប្អូនពិតជាមានសុភមង្គលហើយ! ដ្បិតព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១០,២៤-៣៣) 

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ «ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបម្រើណាធំជាងម្ចាស់ដែរ។ បើសិស្សចេះបានដូចគ្រូ ហើយអ្នកបម្រើបានដូចម្ចាស់ នោះល្មមគ្រប់គ្រាន់​ហើយ។ ប្រសិនបើគេឱ្យឈ្មោះម្ចាស់ផ្ទះថា “បេលសេប៊ូល” ទៅហើយ គេមុខជា​ឱ្យឈ្មោះអ្នកនៅក្នុងផ្ទះនោះ​ រឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន។ កុំខ្លាចពួក​អ្នកទាំងនោះឡើយ ដ្បិតកាណ៍លាក់កំបាំងទាំងអស់នឹងត្រូវបើកឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឱ្យគេដឹងដែរ។ អ្វីៗដែលខ្ញុំនិយាយ​ប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹប​ដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។ កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចសម្លាប់ព្រលឹងបាននោះឱ្យសោះ! គឺត្រូវខ្លាចព្រះជា​ម្ចាស់វិញ ព្រោះព្រះអង្គអាចធ្វើឱ្យទាំងព្រលឹង ទាំងរូបកាយធ្លាក់ទៅក្នុងភ្លើងនរក​បាន។ ធម្មតាគេលក់ចាប់ពីរថ្លៃមួយសេន។ ទោះបី​ថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីបានឡើយ។ រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់​ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំង​​អស់​ទៅទៀត។ អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះវិញ​នៅចំពោះព្រះភក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខដែរ។ រីឯអ្នកណា​បដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមនុស្សលោក ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់​អ្នកនោះនៅចំពោះព្រះភក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខដែរ»។