៣០ មិថុនា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី១៣ ឆ្នាំ«គូ»
 ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស (អម ៣,១-៨)

ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិអ៊ីស្រាអែល ជាពូជអំបូរអ្នករាល់គ្នា ដែល​យើងនាំចេញពីស្រុកអេស៊ីបអើយ! ចូរនាំគ្នាស្តាប់​សេចក្តីដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា!។ ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នាប៉ុណ្ណោះទេ ហេតុនេះ យើងកាត់ទោសអ្នករាល់​គ្នា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ បើមនុស្សពីរនាក់មិនបានព្រមព្រៀងគ្នាជាមុនសិនទេ តើគេអាចធ្វើដំណើរជាមួយ​គ្នាបានឬ? បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ តើវាគ្រហឹមក្នុងព្រៃកើតឬ? បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ តើវាគ្រហឹមក្នុងរូងដូចម្តេចបាន? ប្រសិនបើគ្មាននុយទាក់​ទាញទេ តើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ? បើគ្មានសត្វជាប់ទេ តើអន្ទាក់​វាត់ឡើងដូចម្តេចបាន?។ បើគេផ្លុំត្រែប្រកាសអាសន្នក្នុងក្រុងមួយ តើប្រជាជនមិន​ជ្រួលច្របល់ឬ?»។ បើព្រះអម្ចាស់មិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់​ក្រុងណាមួយបានឬ? យ៉ាងណាមិញ ពេលព្រះជាអម្ចាស់ធ្វើការអ្វីមួយ ព្រះអង្គតែង​សម្តែងការលាក់កំបាំងប្រាប់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គជានិច្ច។ ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច? ពេលព្រះជាអម្ចាស់មានព្រះបន្ទូល តើ​នរណាមិននាំព្រះបន្ទូលនេះយកទៅថ្លែងប្រាប់ប្រជាជន?»។

ទំនុកតម្កើងលេខ ៥,២-៣.៥-៧ បទព្រហ្មគីតិ

២ ឱ! ព្រះអម្ចាស់អើយ កុំកន្តើយផ្ទៀងព្រះកាណ៌  
  ស្តាប់សព្ទខ្ញុំវាចា ខ្ញុំឈឺផ្សាពន់ពេកក្រៃ ។
៣ ឱព្រះជាអម្ចាស់ ទ្រង់ជាព្រះមហាក្សត្រថ្លៃ  
  សូមយកព្រះហឫទ័យ នឹងសម្រែកទូលបង្គំ ។
៥ ទ្រង់មិនសព្វព្រះទ័យ អំពើព្រៃផ្សៃឫស្យា  
  ជនអាក្រក់មុសា ក្បែរភក្ត្រាព្រះអង្គឡើយ ។
៦ ព្រះអង្គមិនចង់ឃើញ ជនព្រហើនចូលកៀកកើយ  
  មិនសព្វព្រះទ័យឡើយ ជនណាហើយធ្វើអាក្រក់ ។
៧ អស់អ្នកបង្ហូរឈាម អស់អ្នកបៀមល្បិចកខ្វក់  
  ពួកអ្នកភូតកុហក បោកវីវក់វិនាសបង់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ១៣០,៥)

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំជឿសង្ឃឹមទៅលើព្រះអម្ចាស់តែមួយព្រះអង្គ! ខ្ញុំពឹងផ្អែកលើព្រះបន្ទូលព្រះអង្គ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៨,២៣-២៧) 

នៅគ្រានោះ ព្រះយេស៊ូយាងចុះទូក ហើយក្រុមសាវ័កនាំគ្នាទៅតាមព្រះអង្គដែរ។ ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្តាលឱ្យរលកជះមក​គ្របពីលើទូក។ រីឯព្រះយេស៊ូវិញ ទ្រង់ផ្ទំលក់។ ក្រុមសាវ័កចូលទៅជិត ដាស់ព្រះអង្គ​ថា៖ «ឱព្រះម្ចាស់​អើយ! សូមសង្គ្រោះផង! យើងខ្ញុំស្លាប់ឥឡូវហើយ!»។ ព្រះអង្គមាន​ព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាកំសាក​ដូច្នេះ?» ព្រះអង្គក្រោកឈរឡើង ហើយមានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះសមុទ្រក៏ស្ងប់ឈឹង។ មនុស្សម្នានាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើ​លោកនេះមានឋានៈអ្វី បានជាខ្យល់ព្យុះ និងសមុទ្រស្តាប់បង្គាប់លោកដូច្នេះ?»។