០៧ មិថុនា ២០២៦

Written on 04/02/2026
Sokhorn Oem

បុណ្យឱឡារិក លើកតម្កើងព្រះកាយ
និងព្រះលោហិតព្រះយេស៊ូគ្រីស្ដ
ពណ៌ស ឆ្នាំ«ក»

ពាក្យអធិដ្ឋាននៅពេលចូល

បពិត្រព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់! ព្រះអង្គបានប្រទានអគ្គសញ្ញានៃព្រះកាយព្រះអង្គ ទុកជាការនឹករឭកអំពីទុក្ខលំបាករបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យយកចិត្តទុកដាក់គោរពអគ្គសញ្ញាដ៏ប្រសើរឧត្តមនេះ និងទទួលស្គាល់សេចក្តីស្រឡាញ់ ដ៏លើសលប់របស់ព្រះអង្គផង!។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា (ទក ៨,២-៣.១៤-១៦)

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ចូរនឹកចាំថា ព្រះអម្ចាស់ជាព្រះរបស់អ្នកបានឱ្យអ្នកធ្វើដំណើរកាត់វាលរហោស្ថាននេះ អស់រយៈពេលសែសិបឆ្នាំ ដើម្បីឱ្យអ្នកស្គាល់ទុក្ខលំបាក។ ព្រះអង្គល្បងលអ្នកចង់ដឹងថា តើអ្នកមានចិត្តដូចម្តេច ហើយអ្នកកាន់តាមបទបញ្ជារបស់ព្រះអង្គឬយ៉ាងណា។ ព្រះអង្គបានឱ្យអ្នកជួបទុក្ខលំបាក និងការអត់ឃ្លាន ព្រះអង្គប្រទាននំម៉ាណា ឱ្យអ្នកបរិភោគ គឺជាអាហារដែលអ្នក និងដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ធ្វើដូច្នេះ ព្រះអង្គប្រៀនប្រដៅឱ្យអ្នកដឹងថា មនុស្សមិនមែន រស់ដោយអាហារប៉ុណ្ណោះទេ គឺមនុស្សរស់ដោយសារព្រះបន្ទូលទាំងប៉ុន្មានដែលចេញមកពីព្រះឧស្ឋរបស់ព្រះអម្ចាស់។ ចូរកុំភ្លេចព្រះអម្ចាស់ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប ជាកន្លែងដែលអ្នកធ្វើជាទាសករ។ ព្រះអង្គបានឱ្យអ្នកធ្វើដំណើរក្នុងវាលរហោស្ថានដ៏ធំធេង គួរឱ្យស្ញែងខ្លាច ជាកន្លែងដែលសម្បូណ៌ដោយពស់ ភ្លើង និងខ្យាដំរី ជាវាលហួតហែង គ្មានទឹកទាល់តែ សោះ។ ព្រះអង្គធ្វើឱ្យមានទឹកហូរចេញពីថ្មដ៏រឹងបំផុតសម្រាប់អ្នក។ ព្រះអង្គប្រទាននំម៉ាណាឱ្យអ្នកបរិភោគជាអាហារ ដែលអ្នកពុំធ្លាប់ស្គាល់។

ទំនុកតម្កើងលេខ ១៤៧, ១២-២០ បទព្រហ្មគីតិ

១២ ក្រុងយេរូសាឡឹម កុំស្ងាត់ស្ងៀមនៅរេរង់  
  ព្រមទាំងក្រុងស៊ីយ៉ូន ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ ។
១៣ ដ្បិតព្រះអង្គការពារ អ្នករាល់គ្នាបានសុខណាស់  
  ទ្រង់ឱ្យពរដល់រាស្ត្រ ដែលរស់ពាសពេញទីក្រុង ។
១៤ ទ្រង់ប្រទានទឹកដី មានសេរីសុខត្រចង់  
  សន្តិភាពគ្រប់ជ្រោយជ្រុង ស្រូវបម្រុងច្រើនមហិមា ។
១៥ នៅលើផ្ទៃផែនដី ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា  
  ផ្សព្វផ្សាយគ្រប់ទិសា ពីបញ្ជាព្រះអម្ចាស់ ។
១៦ ព្រះអង្គឱ្យទឹកកក ធ្លាក់ចុះមកច្រើនដេរដាស  
  សន្សើមត្រជាក់ណាស់ ក៏ធ្លាក់ចុះតាមបញ្ជា ។
១៧ ព្រះអង្គធ្វើឱ្យព្រឹល ធ្លាក់មិនខ្ជិលច្រើនមហិមា  
  ឱ្យមានធាតុរងា តើនរណាអាចទ្រាំបាន? ។
១៨ ពេលទ្រង់មានបន្ទូល ធ្វើឱ្យព្រឹលទាំងប៉ុន្មាន  
  ទឹកកកគ្រប់ទីស្ថាន រលាយបានជាទឹកអស់ ។
  ធ្វើឱ្យមានទាំងខ្យល់ បោកវិលវល់មិនឈប់សោះ  
  បក់យកទឹកទាំងនោះ ហូរតាមជ្រោះទៅមិនសល់ ។
១៩ ទ្រង់សម្តែងឱ្យពូជ លោកយ៉ាកុបស្តាប់បន្ទូល  
  ក្រឹត្យវិន័យនិមល ឱ្យអ៊ីស្រាអែលបានដឹង ។
២០ ព្រះអង្គពុំបញ្ជា សព្វកិច្ចការអស់ទាំងហ្នឹង  
  ឱ្យជាតិសាសន៍ផ្សេងដឹង វិន័យទ្រង់នោះសោះឡើយ ។

អត្ថបទទី២៖ សូមថ្លែងលិខិតទី១របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស (១ករ ១០,១៦-១៧)

បងប្អូនជាទីស្រឡាញ់!
ពេលយើងលើកពែងនៃព្រះពរឡើង ទាំងអរព្រះគុណព្រះជាម្ចាស់ យើងចូលរួមជាមួយព្រះលោហិតរបស់ព្រះគ្រីស្ត រីឯពេលយើងកាច់នំប័ុង យើងក៏ចូលរួមជាមួយព្រះកាយរបស់ព្រះគ្រីស្តដែរ។ ដោយមាននំប័ុងតែមួយ យើងដែលមានគ្នាច្រើន ក៏រួមគ្នាជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាទទួលចំណែកពីនំប័ុងតែមួយនោះ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១,៨

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាអាហារដែលចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៦,៥១-៥៨)

ក្រោយពេលព្រះយេស៊ូបានចែកនំប័ុងប្រាំដុំ និងត្រីពីរកន្ទុយមកចិញ្ចឹមមហាជន ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះពីស្ថានបរមសុខមក។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឱ្យនោះ គឺខ្លួនខ្ញុំផ្ទាល់ ដែលត្រូវបូជាសម្រាប់ឱ្យមនុស្សលោកមានជីវិត»។ ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំង ហើយគេនិយាយថា៖ «តើអ្នកនេះអាច ឱ្យខ្លួនគាត់មកយើងបរិភោគដូចម្តេចកើត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់និងលោហិតរបស់បុត្រមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេឱ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។ សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ ព្រះបិតាដែលបានចាត់ខ្ញុំឱ្យមក ទ្រង់មានព្រះជន្មគង់នៅ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណា អ្នកបរិភោគខ្ញុំក៏នឹងមានជីវិតដោយសារខ្ញុំយ៉ាងនោះដែរ។ អាហារដែលបានចុះពីស្ថានបរមសុខមក ខុសប្លែកពីអាហារដែលបុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគ ដ្បិតអស់លោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះបិតា! ព្រះបុត្រាបានផ្តាំឱ្យយើងខ្ញុំថ្វាយសក្ការបូជានេះ ដើម្បីនឹកដល់ព្រះអង្គរហូតដល់ពេលព្រះអង្គយាងមកវិញ! សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យព្រះសហគមន៍ ចូលរួមក្នុងព្រះកាយតែមួយផង! សូមបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះយេស៊ូដែល មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ព្រះអង្គមានព្រះជន្មគង់នៅអស់កល្បជានិច្ច និងប្រកបដោយតេជានុភាពសព្វប្រការ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ។ នៅពិធីជប់លៀងចុងក្រោយបំផុត ព្រះយេស៊ូបានបូជាព្រះជន្មថ្វាយព្រះអង្គ ទុកជាកូនចៀមដ៏ឥតសៅហ្មង ព្រះអង្គក៏សព្វព្រះហប្ញទ័យទទួលសក្ការបូជានោះផង! ពេលយើងខ្ញុំចូលរួមក្នុងសក្ការបូជានោះ ព្រះអង្គប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំធ្វើជាសញ្ញាសម្គាល់បញ្ជាក់ថា មនុស្សគ្រប់ៗរូបអាចចូលរួមក្នុងមហាគ្រួសារតែមួយ មានជំនឿតែមួយ មានសេចក្តីស្រឡាញ់តែមួយ។ ហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ «ព្រះដ៏វិសុទ្ធ!»

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ ព្រះអង្គបានប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះបុត្រាដែលបានបូជាព្រះជន្ម និងមានព្រះជន្មថ្មីដ៏រុងរឿង! សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យគ្រីស្តបរិស័ទទាំងឡាយ ចូលរួមគ្នាជាព្រះកាយតែមួយ និងជាព្រះសហគមន៍ តែមួយទុកជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះអង្គស្រឡាញ់មនុស្សទាំងឡាយផង។