០៤ មិថុនា ២០២៦

Written on 03/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី០៩ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនលោកធីម៉ូថេ (២ ធម ២,៨-១៥)

ប្អូនជាទីស្រឡាញ់!
ចូរនឹកដល់ព្រះយេស៊ូគ្រីស្តដែលទទួលព្រះជន្មថ្មីដ៏រុងរឿង ព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ខ្ញុំរងទុក្ខលំបាកព្រោះតែដំណឹងល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្តអំពើ​អាក្រក់។ ប៉ុន្តែ គេពុំអាចចាប់ចងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ ហេតុនេះហើយ បានជាខ្ញុំសុខចិត្តស៊ូទ្រាំគ្រប់បែបយ៉ាង ដោយយល់ដល់អស់អ្នកដែលព្រះជាម្ចាស់​បានជ្រើសរើស ដើម្បីឱ្យពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអង្គព្រះគ្រីស្តយេស៊ូ ព្រមទាំងទទួលសិរីរុងរឿងអស់កល្បជានិច្ចនោះដែរ។ ពាក្យនេះគួរឱ្យជឿ គឺថា ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រីស្ត ហើយយើងក៏នឹង​រស់រួមជាមួយព្រះអង្គដែរ។ ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យរួមជាមួយ​ព្រះអង្គ។ ប្រសិនបើយើងបដិសេធមិនព្រមទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់យើងដែរ។ ប្រសិនបើយើងស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់​ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គផ្ទាល់បានឡើយ។ ប្អូនត្រូវរំលឹកដាស់តឿនបងប្អូនទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភក្រ្តព្រះ​ជាម្ចាស់ ឱ្យគេចៀសវាងការឈ្លោះប្រកែកគ្នាអំពីពាក្យពេចន៍ ព្រោះគ្មានបានផល​ប្រយោជន៍អ្វីឡើយ គឺនាំឱ្យកើតអន្តរាយដល់អ្នកស្តាប់តែប៉ុណ្ណោះ។ ចូរខំប្រឹងធ្វើយ៉ាង​ណាឱ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងបានឈរនៅចំពោះព្រះភក្រ្តព្រះអង្គក្នុងឋានៈជាកម្មករដែលគ្មានអ្វីនាំឱ្យអៀនខ្មាស ព្រោះខ្លួនបានចែករំលែកព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវ។

ទំនុកតម្កើងលេខ ២៥ (២៤),៤-៥.៨-៩,១០,១៤ បទពាក្យ ៧

ឱព្រះអម្ចាស់ទូលបង្គំ សូមជួយណែនាំនិងបង្រៀន  
  ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន វិសុទ្ធហួសស្មាននៃព្រះអង្គ
សូមជួយអប់រំខ្ញុំឱ្យរស់ តាមក្តីពិតស្មោះព្រះអង្គផង  
  ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ
ព្រះអម្ចាស់មានព្រះហឫទ័យ សប្បុរសពេកក្រៃករុណា  
  សូមជួយបង្ហាញពីមាគ៌ា មនុស្សបាបរាល់គ្នាបានស្គាល់ផង
ព្រះអង្គនាំមនុស្សដែលមានចិត្ត សុភាពសុចរិតតាមគន្លង  
  មាគ៌ាត្រឹមត្រូវល្អផូរផង់ មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ
១០ មាគ៌ារបស់ព្រះអម្ចាស់ សម្តែងយ៉ាងច្បាស់ករុណាធម៌  
  ដល់អ្នកគោរពទោះក្រីក្រ ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ
១៤ ព្រះតែងសម្តែងភក្តីភាព អ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ  
  អ្នកដែលកោតខ្លាចទ្រង់សប្បុរស ឱ្យគេទាំងអស់ស្គាល់មេត្រី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (១ យហ ៤,៨.៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយក៏ស្គាល់ព្រះជាម្ចាស់ដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១២,២៨-៣៤)

នៅគ្រានោះ មានធម្មាចារ្យម្នាក់ចូលទៅជិតព្រះយេស៊ូ ហើយទូលសួរព្រះអង្គថា៖ «ក្នុងបណ្តាវិន័យទាំងអស់ តើវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «វិន័យទីមួយគឺ “អ៊ីស្រាអែលអើយ! ចូរស្តាប់! ព្រះអម្ចាស់ជាព្រះរបស់យើង​តែមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ”។ រីឯវិន័យ​ទីពីរមានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯង”។ គ្មានវិន័យណាសំខាន់ជាងវិន័យទាំងពីរនេះទេ»។ ធម្មាចារ្យនោះទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង!។ មានព្រះជាម្ចាស់តែមួយ​ព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។ បើយើងស្រឡាញ់ព្រះអង្គ​អស់ពីចិត្ដគំនិត អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ ហើយយើងស្រឡាញ់បងប្អូន​ឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងនោះ ប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយ​យញ្ញបូជាទៅទៀត»។ កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក ​គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។