០១ មិថុនា ២០២៦

Written on 03/02/2026
Sokhorn Oem

ថ្ងៃចន្ទ​ រដូវធម្មតា អាទិត្យទី០៩ ឆ្នាំ«គូ»
ពណ៌ក្រហម 

បុណ្យរម្លឹក
សន្តយូស្តាំង ជាមរណសាក្សី

សូមចុចទីនេះ

​លោកយូស្តាំងជាទស្សនវិទូជាតិរ៉ូមាំងមួយរូប។ លោកសិក្សាទស្សនវិជ្ជាគ្រប់មុខ ដោយមានបំណងចង់ស្គាល់សេចក្តីពិត តែរកមិនឃើញសោះ។ តាមការទូន្មានរបស់តាចាស់ម្នាក់ លោកចាប់អានគម្ពីរទាំងនឹកសញ្ជឹងអត្ថន័យ ទើបលោកស្គាល់ព្រះគ្រីស្តដែលជាព្រះប្រាជ្ញាញាណដ៏ពិតប្រាកដ។ លោកបង្កើតសាលាមួយនៅក្រុងរ៉ូមដើម្បីពន្យល់លទ្ធិគ្រីស្តសាសនា និងដោះសាគ្រីស្តសាសនាទុកជាព្រះប្រាជ្ញាញ្ញាណ។ លោកនិពន្ធសៀវភៅពីរច្បាប់ដើម្បីពន្យល់លទ្ធិគ្រីស្តសាសនា និងដោះសាគ្រីស្តសាសនាពីសំណាក់អស់អ្នកដែលមួលបង្កាច់។ នៅឆ្នាំ ១៦៥ អាជ្ញាធររ៉ូមាំងប្រហារជីវិតលោក ព្រោះលោកកាន់គ្រីស្តសាសនា។ មុនផុតដង្ហើម លោកមានប្រសាសន៍ថា៖ «អ្នកមានប្រាជ្ញាសាមញ្ញធម្មតា មិនដែលលះបង់សេចក្តីពិតចោលដើម្បីទៅរកសេចក្តីពិត»។​

សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតសិលា (២សល ១,២-៧)

ខ្ញុំស៊ីម៉ូនសិលា ជាអ្នកបម្រើ និងជាទូតរបស់ព្រះយេស៊ូគ្រីស្ត សូមជម្រាបមកបងប្អូន​ដែលបានទទួលជំនឿ ដោយសារសេចក្តីសុចរិតរបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ និង​ជាព្រះសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូនក៏មានតម្លៃដូចជំនឿរបស់យើងដែរ។ សូមព្រះជាម្ចាស់ប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តមកបងប្អូនឱ្យបានបរិបូរណ៍​ដោយបងប្អូនបានស្គាល់ព្រះអង្គ និងស្គាល់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើងយ៉ាង​ច្បាស់។ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ប្រទានឱ្យយើងមានអ្វីៗទាំងអស់សម្រាប់ជីវិតរស់នៅ និងសម្រាប់គោរពប្រណិប័តន៍ព្រះអង្គ។ ឫទ្ធានុភាពនោះនាំយើងឱ្យស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ព្រះអង្គផ្ទាល់ និងដោយសារ​ព្រះបារមីរបស់ព្រះអង្គ។ ដោយសារសិរីរុងរឿង និងព្រះបារមីនេះ ព្រះអង្គបានប្រទាន​ព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើងតាមព្រះបន្ទូលសន្យា ដើម្បីឱ្យ​បងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្តីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ ហេតុនេះ បងប្អូនត្រូវខ្នះខ្នែងឱ្យ​អស់ពីសមត្ថភាព បន្ថែមកិរិយាល្អឥតខ្ចោះពីលើជំនឿ បន្ថែមការស្គាល់ព្រះអង្គពីលើកិរិយាល្អ បន្ថែមការចេះទប់ចិត្តពីលើការស្គាល់ព្រះអង្គ បន្ថែមការព្យាយាមតស៊ូពីលើការចេះទប់ចិត្ដ បន្ថែមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពីលើការព្យាយាមតស៊ូ បន្ថែមភាតរភាពពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងបន្ថែមសេចក្តីស្រឡាញ់ពីលើភាតរភាព។

ទំនុកតម្កើងលេខ ៩១ (៩០),១-២.១៤-១៦ បទកាកគតិ

១ អ្នកដែលរស់ក្រោម ការថែគ្រប់គ្រង របស់ព្រះម្ចាស់
  ជាព្រះខ្ពង់ខ្ពស់ វិសុទ្ធពេកណាស់ មានឫទ្ធិតេជះ
    បារមីខ្លាំងក្រៃ ។
២ ទូលបង្គំទូលថា «ព្រះអម្ចាស់ជា ជម្រកយប់ថ្ងៃ
  និងជាកំពែង ជ្រកកោនផុតភ័យ មិនបង្អង់អី
    ផ្ញើកាយជីវិត» ។
១៤ ព្រះអម្ចាស់មាន ព្រះបន្ទូលថ្កាន យ៉ាងច្បាស់មកថា
  យើងនឹងចេញមុខ រំដោះរងការ ដ្បិតគេស្គាល់ថា
    យើងជាព្រះគេ ។
១៥ បើគេស្រែករក ហៅយើងឱ្យមក យើងតបមិនរេ
  ពេលមានអាសន្ន យើងនៅនឹងគេ ឥតមានបែកបែរ
    ទាំងថ្កើងគេផង ។
១៦ យើងឱ្យគេបាន រស់នៅសុខសាន្ត យូរឆ្នាំកន្លង
  អាយុយឺនយូរ មិនឱ្យមានហ្មង ឱ្យគេដឹងផង
    ថាយើងសង្គ្រោះ ។
 

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (១សល ២,៤)

អាលេលូយ៉ា! អាលេលូយ៉ា!
សូមបងប្អូនចូលមកជិតព្រះគ្រីស្តជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បានរើសយក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១២,១-១២)

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អស់លោកនាយកបូជាចារ្យជា​ប្រស្នាថា៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ។ គាត់ធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់​ឱ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ លុះដល់ទំពាំងបាយជូរទុំ គាត់ក៏ចាត់អ្នកបម្រើម្នាក់ឱ្យមកទទួលផលដែលជាចំណែក​របស់គាត់ពីពួកអ្នកថែចម្ការ។ គេនាំគ្នាចាប់អ្នកបម្រើនោះវាយដំ ហើយបណ្តេញ​ឱ្យត្រឡប់ទៅវិញដៃទទេ។ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឱ្យមក ប៉ុន្តែ ពួក​អ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ព្រមទាំងជេរស្តីទៀតផង។ ម្ចាស់ចម្ការ​ចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឱ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើននាក់ក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។ ម្ចាស់ចម្ការមានបុត្រដ៏ជាទីស្រឡាញ់តែមួយគត់ គាត់ក៏ចាត់បុត្រ​នោះឱ្យមកក្រោយគេបង្អស់ ដោយនឹកគិតថា៖ «គេមុខជានឹងគោរពកោតខ្លាចកូន​ប្រុសអញមិនខាន»។ ប៉ុន្តែ ពួកកសិករថែចម្ការទាំងនោះពិគ្រោះគ្នាថា៖ «អ្នកនេះជា​អ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ យើងនាំគ្នាសម្លាប់វាទៅ ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង»។ គេក៏ចាប់កូនប្រុសម្ចាស់ចម្ការយកទៅសម្លាប់ទៀត រួចបោះទៅក្រៅចម្ការទំពាំងបាយជូរ។ តើម្ចាស់ចម្ការធ្វើយ៉ាងដូចម្តេច?។ គាត់មុខ​ជាមកសម្លាប់អ្នកថែរក្សាច​ម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅ​ឱ្យអ្នកផ្សេងទៀត។ អ្នករាល់គ្នាពិតជាធ្លាប់អានអត្ថបទគម្ពីរដែលមានចែងថា៖ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់​បានសម្រេចការអស្ចារ្យនេះ យើងក៏បានឃើញ ហើយស្ងើចសរសើរផង”។ ពួកមេដឹកនាំសាសន៍យូដាយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះសំដៅ​លើពួកគេ។ គេក៏នាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចបណ្តាជន។ ដូច្នេះ​ គេក៏ចាកចេញពីព្រះយេស៊ូទៅ។