២៤ ឧសភា ២០២៦

Written on 15/12/2025
Sokhorn Oem

ថ្ងៃអាទិត្យ បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក ឆ្នាំ«ក» 
ពណ៌ក្រហម 

ពាក្យលំនាំ

(អ្នកអានពាក្យលំនាំនេះ គឺអ្នកផ្សេងពីអ្នកប្រកាសព្រះបន្ទូល)
តាមគម្ពីរដំណឹងល្អតាមលោកយ៉ូហាន ព្រះយេស៊ូផ្លុំខ្យល់ គឺព្រះវិញ្ញាណលើក្រុមសាវ័កនៅថ្ងៃ​ព្រះ​អង្គទទួលព្រះជន្មថ្មីពីព្រះបិតា។ ព្រះវិញ្ញាណ​ជា​ព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។ តាមលោកម៉ាថាយ លោកលូកា និង​លោក​យ៉ូហាន ព្រះយេស៊ូចាត់ក្រុមសាវ័កឱ្យទៅប្រកាសដំណឹងល្អនៅថ្ងៃព្រះអង្គទទួលព្រះជន្មថ្មីពីព្រះបិតា។ រីឯលោកលូកាជាអ្នកនិពន្ធគម្ពីរកិច្ចការគ្រីស្តទូតដែរ លោកចែងថា ព្រះយេស៊ូចាត់ព្រះវិញ្ញាណនៅបុណ្យថ្ងៃទី៥០ វិញ ជាថ្ងៃជនជាតិយូដានាំគ្នារម្លឹកអំពីព្រះជាម្ចាស់ប្រទានធម្មវិន័យនៅលើភ្នំស៊ីណៃពីដើម។ លោកលូកាចែងដូច្នេះដើម្បីពន្យល់ថា ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ជាធម្មវិន័យថ្មីរបស់ព្រះសហគមន៍។ ព្រះសហគមន៍ជាប្រជារាស្រ្តថ្មីរបស់ព្រះជាម្ចាស់ មានភារកិច្ចប្រមែប្រមូលមនុស្សដែលខ្ចាត់ខ្ចាយគ្នាឱ្យចូលរួមក្នុងមហាគ្រួសារតែមួយ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះគ្រីស្តចាក់បង្ហូរព្រះវិញ្ញាណព្រះអង្គលើមនុស្ស​គ្រប់ជាតិសាសន៍។ សូមទ្រង់ព្រះមេត្តាប្រោសប្រណីដល់មនុស្សលោកដែលបាក់បែកគ្នា ឱ្យរួមគ្នាជាធ្លុង​តែមួយក្នុង​មហា​គ្រួសាររបស់ព្រះអង្គ សូមប្រោសយើងខ្ញុំជាព្រះសហគមន៍ ឱ្យធ្វើជាសញ្ញាសម្គាល់នៃពិភពលោកថ្មីដែលរួបរួមគ្នា​ជាធ្លុងតែមួយផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ២,១-១១)

នៅបុណ្យថ្ងៃទីហាសិបមកដល់ ក្រុមសាវ័ករួមប្រជុំទាំងអស់គ្នានៅកន្លែងតែមួយ។ រំពេចនោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹកពីលើមេឃមក ដូចជាខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងផ្ទះដែលគេនៅ។ ក្រុមសាវ័កបានឃើញ ហាក់​ដូច​ជាមានអណ្តាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។ អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្តើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានឱ្យ។ ពេល​​នោះ មានជន​ជាតិ​យូដាជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់មកពីប្រទេសនានាក្នុងពិភពលោកទាំងមូលស្នាក់​នៅ​ក្រុង​យេរូសា​ឡឹម​ដែរ។ ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះ​ម្នាក់​ៗបានឮក្រុមសាវ័កនិយាយភាសារបស់ខ្លួន។ អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរទាំងពោល​ថា​៖ «អ្នក​ដែល​​កំពុងនិយាយនេះសុទ្ធតែជាអ្នកស្រុកាលីឡេទេតើ។ ចុះហេតុដូចម្តេចបានជា​យើងឮគេ​និយាយ​ភាសា​របស់​យើង​រៀងៗខ្លួនទៅវិញដូច្នេះ? គឺទាំងអ្នកស្រុកប៉ារថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមី ស្រុកយូ​ដា ​ស្រុកកាប៉ាដូស ស្រុកប៉ុនតុស ស្រុកអាស៊ី ស្រុកព្រីស៊ី ស្រុកប៉ាមភីលី ស្រុកអេស៊ីប ស្រុកលីប៊ីដែល​នៅក្បែ​រស្រុក​គី​រ៉េន និងអស់អ្នកមកពីក្រុងរ៉ូមទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះ​ក្រែត​ ទាំង​ជនជាតិ​អា​រ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។

ទំនុកតម្កើងលេខ ១០៤ (១០៣),១.២៤.២៩-៣១.៣៤ បទពាក្យ ៧

១ ខ្ញុំសូមតម្កើងព្រះអម្ចាស់ ប្រសើរខ្លាំងណាស់អស់ពីចិត្ត  
  ព្រះអង្គជាព្រះនៃខ្ញុំពិត ឧត្តមបំផុតលើលោកា ។
២៤ បពិត្រព្រះអើយព្រះអម្ចាស់ គ្រប់ស្នាព្រះហស្តច្រើនមិនតិច  
  ផែនដីមានអ្វីច្រើនអនេក សុទ្ធតែកើតមកពីព្រះអង្គ ។
២៩ ប្រសិនបើទ្រង់មិនរវល់ នោះគេនឹងខ្វល់ជួបភ័យគ្រោះ  
  បើទ្រង់ដកយកខ្យល់ទាំងអស់ នោះគេលែងរស់នឹងក្សិណក្ស័យ ។
៣០ ពេលណាព្រះអង្គទ្រង់ប្រទាន ដង្ហើមឱ្យមានខ្យល់និស្ស័យ  
  គេកើតឡើងវិញពេញផែនដី សព្វអស់អ្វីៗមានព្រមគ្នា ។
៣១ សូមសិរីរុងរឿងរបស់ ព្រះអម្ចាស់អស់កល្បយូរយារ  
  សូមទ្រង់រីករាយដោយសារស្នា ព្រះហស្តអស្ចារ្យរបស់ទ្រង់ ។
៣៤ ឱ!ព្រះអម្ចាស់សូមឱ្យបទ ដែលខ្ញុំកំណត់បានគួរគាប់  
  ឱ្យខ្ញុំសប្បាយចិត្តអរជាប់ ដោយសារតែព្រះជាអម្ចាស់ ។

អត្ថបទទី២៖ សូមថ្លែងលិខិតទី១របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ១( ករ ១២,៣-៧.១២-១៣)

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមជម្រាបបងប្អូនថា ប្រសិនបើអ្នក​ណាម្នាក់​មានព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ក្នុង​ខ្លួន​ អ្នកនោះពុំអាចពោលថា៖ “ព្រះយេស៊ូត្រូវបណ្តាសា” កើតទេ ហើយបើគ្មាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ក្នុងខ្លួន​ទេ​នោះ ​ក៏គ្មាននរណាម្នាក់អាចពោលថា៖ “ព្រះយេស៊ូជាព្រះអម្ចាស់” បានដែរ។ មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះ​វិញ្ញាណតែមួយព្រះអង្គដដែល។ មានមុខងារផ្សេងៗពីគ្នា តែមានព្រះអម្ចាស់តែមួយព្រះអង្គដដែល។ មានសកម្ម​ភាព​ផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គដដែលទេ ដែលបំពេញសកម្មភាពទាំងនោះនៅក្នុងម​នុស្ស​ទាំង​អស់​។ ព្រះជាម្ចាស់ប្រោសប្រទានឱ្យម្នាក់ៗសម្តែងព្រះវិញ្ញាណ ដើម្បីជាប្រយោជន៍រួម។ សូមយកឧទាហរណ៍មួយ ទោះបីមនុស្សមានសរីរាង្គច្រើនយ៉ាងណាក្តី ក៏មានរូបកាយតែមួយ។ សរីរាង្គទាំង​នោះ​ផ្សំគ្នាជារូបកាយតែមួយ។ ចំពោះព្រះគ្រីស្តក៏ដូច្នេះដែរ យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្តី សាសន៍​ក្រិក​ក្តី អ្នកងារក្តី អ្នកជាក្តី ក៏យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងក្នុងព្រះកាយតែមួយ ហើយ​យើងទាំងអស់គ្នា ក៏សុទ្ធតែបានទទួលទានពីព្រះវិញ្ញាណតែមួយដែរ។

បទលើកតម្កើងព្រះវិញ្ញាណ បទពាក្យ ៧

ឱ! ព្រះវិញ្ញាណព្រះបវរ សូមយាងកុះករក្នុងដួងចិត្ត  
សូមចាត់ពន្លឺរស្មីពិត ឱ្យមកតាំងស្ថិតលើអស់យើង ។
ឱ! ព្រះបិតាអ្នកកម្សត់ ក្រីក្រទុគ៌តបិតាថ្កើង  
យាងមកប្រទានកុំបីឆ្មើង អំណោយក្រាស់ស្តើងកូនទទួល ។
សូមយាងមកបំភ្លឺគំនិត បំភ្លឺដួងចិត្តកុំឱ្យជ្រួល  
ទប់ឱ្យនឹងនមិនរំជួល រស់នៅសុខស្រួលក្នុងអំណោយ ។
ព្រះអង្គលួងលោមដួងចិត្តខ្ញុំ ទ្រង់គង់សម្ងំមិនមែនខ្សោយ  
ព្រះអង្គជាម្លប់ពីមុខក្រោយ ត្រជាក់ត្រជុំពេលខ្ញុំហត់ ។
ព្រះអង្គប្រទានឱ្យសម្រាក កុំឱ្យលំបាកហួសកំណត់  
ក្តៅហួតក្តៅហែងហេវកម្សត់ ព្រះអង្គជាផ្លិតបក់ត្រជាក់ ។
កាលណាយើងខ្ញុំកើតទុក្ខព្រួយ ព្រះអង្គលើកស្ទួយមិនស្ទើរស្ទាក់  
ទឹកចិត្តខ្ញុំឡើងខ្ពស់ប្រត្យ័ក្ស ឥតបីមានញាក់ស្លុតរន្ធត់ ។
ឱ! ពន្លឺចែងត្រចះ ត្រចង់ឥតខ្វះមិនរលត់  
យាងមកបំភ្លឺនិងបំពត់ អ្នកជឿសង្ឃឹមលើព្រះអង្គ ។
កុំតែព្រះអង្គយាងមកប្រោស យាងមកសន្តោសគ្មានបង្អង់  
កុំអីមនុស្សលោកគ្មានផ្លូវត្រង់ គ្មានចិត្តគ្មានចង់ធ្វើអ្វីឡើយ ។
កិច្ចការទាំងអស់ដែលគេធ្វើ ជុំពាក់បាបស្ទើរពុំដែលស្បើយ  
សូមទ្រង់យាងមកលាងឱ្យហើយ អ្វីៗអាក្រក់ចេញឱ្យអស់ ។
សូមទ្រង់ស្រោចលើចិត្តហែងហួត កុំឱ្យក្រៀមស្ងួតសោះកក្រោះ  
និងចិត្តដែលមានស្នាមរបួស ឱ្យមានសម្រស់ស្រស់បំព្រង ។
សូមបន្ទន់ចិត្ត កាយ វាចា កុំឱ្យមុសាមានសៅហ្មង  
សូមប្រទានតាមព្រះបំណង ព្រះទ័យថ្លាយង់កុំខានណា ។
សូមតម្រង់ចិត្តកោងវេរវៀច ចិត្តខូចកាចកៀចដោយហឹង្សា  
ខន្តីអំណត់តាមមាគ៌ា តាមក្តីប្រាថ្នាព្រះទ័យទ្រង់ ។
សូមទ្រង់ប្រទានអំណោយសព្វ ឱ្យមានភពភ័ព្វបែបទំនង  
ដល់អ្នកជឿផងតាមបំណង ចិត្តជឿលើទ្រង់ជាអម្ចាស់ ។
សូមទ្រង់ប្រទានបុណ្យកុសល ឱ្យបានមគ្គផលក្រែលក្រៃក្រាស់  
អំណរសប្បាយមានដេរដាស រហូតដល់អស់កល្បទៅហោង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះវិញ្ញាណដ៏វិសុទ្ធ! សូមយាងមក! សូមជ្រួតជ្រាបចិត្តគំនិតអ្នកបម្រើព្រះអង្គ! សូម​ប្រោសប្រទានសេចក្តីស្រឡាញ់របស់ព្រះអង្គឱ្យយើងខ្ញុំផង! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ២០,១៩-២៣)

ក្រោយពីព្រះយេស៊ូសោយទិវង្គតនៅល្ងាចថ្ងៃអាទិត្យ ក្រុមសាវ័កនៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្តាលចំណោមពួកគេ ហើយមាន​ព្រះបន្ទូល​ថា៖ «សូម​ឱ្យអ្នក​រាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ត និង​នៅ​​ត្រង់ឆ្អឹងជំនីរឱ្យគេឃើញផង។ ក្រុមសាវ័កសប្បាយចិត្តជាខ្លាំង ដោយបានឃើញព្រះអម្ចាស់។ ព្រះយេស៊ូមាន​ព្រះ​បន្ទូល​ទៅគេសាជាថ្មីថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត! ដូចព្រះបិតា​បានចាត់​ខ្ញុំឱ្យមក​យ៉ាង​ណា​ ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅយ៉ាងនោះដែរ»។ បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណ!។ បើអ្នក​រាល់​គ្នាលើកលែងទោសអ្នកណាឱ្យរួចពីបាប ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះឱ្យរួចពីបាបដែរ។ ផ្ទុយទៅ​វិញ​ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណមកយើងខ្ញុំ តាមព្រះបន្ទូលសន្យានៃ​ព្រះ​​​បុត្រាព្រះអង្គ។ សូមព្រះវិញ្ញាណបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់ការអាថ៌កំបាំងដ៏អស្ចារ្យនៃអភិបូជា និង​ណែ​នាំ​ឱ្យ​ស្គាល់​សេចក្តីពិតគ្រប់យ៉ាងទៀតផង។

ធម៌លើកតម្កើង 

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែល​មានព្រះជន្ម​គង់​នៅអស់កល្បជានិច្ច! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ និងសូមលើកតម្កើងសិរីរុងរឿងរបស់​ព្រះអង្គ។​ ព្រះអង្គ​បាន​ប្រោស​ប្រទានព្រះវិញ្ញាណឱ្យយើងខ្ញុំជាបុត្រធីតាព្រះអង្គ ដើម្បីឱ្យយើងខ្ញុំរួមរស់ជាមួយព្រះបុត្រារបស់ព្រះអង្គ។ កាល​ព្រះសហគមន៍ទើបកើតមក ព្រះវិញ្ញាណបានប្រោសឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះ​អង្គជាព្រះដ៏ពិតប្រាកដ​តែ​មួយ ដើម្បីឱ្យគេប្រកាសជំនឿតែមួយ តាមភាសារៀងៗខ្លួន។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូម​លើក​​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គថែរក្សា​ព្រះសហគមន៍​ជា​និច្ច។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណដល់ព្រះសហគមន៍ឱ្យបានពេញបរិបូណ៌។ សូមឱ្យយើងខ្ញុំជា​គ្រីស្ត​បរិស័ទ​មានជំនឿកាន់តែមាំមួនឡើងៗ និងស្ម័គ្រចិត្តរួមរស់ជាមួយព្រះបុត្រាកាន់តែជិតស្និទ្ធឡើងៗ ព្រមទាំងបង្ហាញការសង្គ្រោះរបស់ព្រះអង្គ ឱ្យមនុស្សលោកសព្វថ្ងៃនេះឃើញផង។