ថ្ងៃសុក្រ រដូវបុណ្យចម្លង អាទិត្យទី០៧
ពណ៌ស
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គលើកតម្កើងព្រះយេស៊ូឱ្យមានសិរីរុងរឿងរួមជាមួយព្រះអង្គ។ ព្រះអង្គក៏ចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកបំភ្លឺចិត្តគំនិតយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រែចិត្តគំនិតយើងខ្ញុំ សូមឱ្យយើងខ្ញុំស្ម័គ្រចិត្តបម្រើព្រះអង្គជានិច្ចផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ២៥,១៣-២១)
ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីសយាងមកដល់ក្រុងសេសារេ ដើម្បីសួរសុខទុក្ខលោកភេស្ទុស។ ដោយស្តេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសទូលស្តេចអំពីរឿងលោកប៉ូលថា៖ «លោកភេលិចទុកបុរសម្នាក់នៅក្នុងទីឃុំឃាំង។ កាលទូលបង្គំទៅក្រុងយេរូសាឡឹម ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យនៃសាសន៍យូដានាំគ្នាប្តឹងពីគាត់ ទាំងសុំឱ្យទូលបង្គំកាត់ទោសគាត់។ ទូលបង្គំប្រាប់លោកទាំងនោះវិញថា ជនជាតិរ៉ូមុំាងពុំធ្លាប់បញ្ជូននរណាម្នាក់ឱ្យទៅគេសម្លាប់ដោយមិនបានឱ្យនិយាយតទល់ជាមួយអ្នកដើមចោទ ព្រមទាំងឆ្លើយការពារខ្លួនចំពោះពាក្យចោទជាមុនសិននោះឡើយ។ លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ទូលបង្គំទៅអង្គុយនៅទីកាត់ក្តី និងឱ្យគេនាំបុរសនោះមកឥតបង្អង់ឡើយ។ ពួកដើមចោទក៏នៅទីកាត់ក្តីដែរ តែគេពុំបានចោទគាត់ពីអំពើអាក្រក់ណាមួយដូចទូលបង្គំនឹកស្មាននោះទេ គឺមានតែជជែកវែកញែកអំពីរឿងសាសនារបស់គេ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូដែលស្លាប់ ហើយដែលលោកប៉ូលថា នៅមានជីវិតនោះតែប៉ុណ្ណោះ។ ចំណែកឯទូលបង្គំវិញ ទូលបង្គំមិនដឹងជាត្រូវគិតដូចម្តេចចំពោះការជជែកវែកញែកបែបនេះ។ ទូលបង្គំសួរគាត់ថា ចង់ទៅក្រុងយេរូសាឡឹមឱ្យគេកាត់ក្តីអំពីរឿងទាំងនេះឬទេ? តែលោកប៉ូលសុំឡើងទៅព្រះមហាក្សត្រាធិរាជ ដើម្បីសុំឱ្យព្រះអង្គកាត់ក្តី។ ទូលបង្គំចេញបញ្ជាឱ្យគេឃុំគាត់ ទុករហូតដល់ពេលទូលបង្គំនឹងបញ្ជូនគាត់ទៅព្រះចៅអធិរាជ»។
ទំនុកតម្កើងលេខ ១០៣ (១០២),១-២.១១-១២.១៩-២០ បទកាកគតិ
| ១ | ខ្ញុំសូមសរសើរ | ព្រះគ្មានអ្វីស្មើ | អស់ពីដួងចិត្ត |
| ខ្ញុំសូមតម្កើង | នាមដ៏វិសុទ្ធ | ព្រះដ៏មានឫទ្ធិ | |
| ផុតលើលោកា | ។ | ||
| ២ | ខ្ញុំសូមតម្កើង | សរសើរលើកឡើង | អស់ពីចិន្តា |
| ខ្ញុំសូមរំឭក | ព្រះហស្តអស្ចារ្យ | សប្បុរសករុណា | |
| មិនបំភ្លេចឡើយ | ។ | ||
| ១១ | មេឃនៅខ្ពស់ឆ្ងាយ | សន្លឹមអន្លាយ | ពីភពផែនដី |
| ព្រះទ័យព្រះម្ចាស់ | ដែលធ្លាប់ប្រណី | ក៏នៅខ្ពស់ឆ្ងាយ | |
| យ៉ាងដូច្នោះដែរ | ។ | ||
| ១២ | ទិសកើតទិសលិច | ឆ្ងាយគ្នាមិនតិច | ឥតមានកែប្រែ |
| ព្រះអង្គធ្វើឱ្យ | អំពើបាបបែរ | ឆ្ងាយមិនជិតទេ | |
| ពីយើងយ៉ាងនោះ | ។ | ||
| ១៩ | ព្រះអង្គបានតាំង | ព្រះរាជបល្ល័ង្ក | នៅទីស្ថានខ្ពស់ |
| គឺបរមសុខ | ឥតបីមានមោះ | គ្រងរាជ្យទាំងអស់ | |
| មិនចន្លោះអ្វី | ។ | ||
| ២០ | ទេវទូតដ៏ខ្លាំង | របស់ព្រះអង្គ | ពូកែពេកក្រៃ |
| លោកតែងអនុវត្ត | តាមបន្ទូលថ្លៃ | ចូរកុំសង្ស័យ | |
| តម្កើងព្រះម្ចាស់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១០,១៤)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូពិតជាគង្វាលដ៏ប្រសើរ! ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ ចៀមក៏ស្គាល់ព្រះអង្គដែរ។ ព្រះអង្គស៊ូប្តូរព្រះជន្មដើម្បីចៀមរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ២១,១៥-១៩)
ក្រោយពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះអង្គប្រទានអាហារឱ្យក្រុមសាវ័កនៅមាត់សមុទ្រទីបេរីយ៉ាដ។ លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោកស៊ីម៉ូនសិលាថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកសិលាទូលថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកសិលាព្រួយចិត្ត ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា ”អ្នកស្រឡាញ់ខ្ញុំឬទេ” ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។ ខ្ញុំសុំប្រាប់អ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅណាតាមតែចិត្តអ្នកចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះឱ្យអ្នក ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ បង្ហាញអំពីរបៀបដែលលោកសិលាស្លាប់ ដើម្បីសម្តែងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ!»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូលើកលែងទោសឱ្យលោកសិលាដែលក្បត់ព្រះអង្គ ព្រមទាំងផ្ញើមុខងារឱ្យលោកណែនាំព្រះសហគមន៍ផង។ ក្នុងអភិបូជានេះ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គឱ្យយើងខ្ញុំ។ សូមឱ្យយើងខ្ញុំអាចស្រឡាញ់ ព្រះអង្គដោយស្មោះអំពីចិត្តផង។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាជាទីស្រឡាញ់! ព្រះអង្គប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំធ្វើជាអាហារ ផ្តល់កម្លាំងនៅពេលយើងខ្ញុំកំពុងធ្វើដំណើរនៅនាលោកនេះ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណ ដើម្បីឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗផង។