ថ្ងៃអាទិត្យ ឆ្នាំ«ក»
បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ
ពណ៌ស
ពាក្យលំនាំ
(អ្នកអានពាក្យលំនាំនេះគឺអ្នកផ្សេងពីអ្នកប្រកាសព្រះបន្ទូល)
ព្រះជាម្ចាស់បានតើនព្រះយេស៊ូឱ្យភ្ញាក់ឡើងពីចំណោមមនុស្សស្លាប់ហើយ! គឺលោកយេស៊ូដែលជាមនុស្សដូចយើង ជាមនុស្សដែលស្លាប់យ៉ាងសែនអាម៉ាសដូចចោរឧក្រិដ្ឋ លោកទទួលព្រះជន្មថ្មីហើយ គឺលោកទទួលព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។ គ្រីស្តបរិស័ទដើមដំបូងតែងពន្យល់សេចក្តីនេះ ដោយថ្លែងថា ព្រះជាម្ចាស់បានលើកព្រះយេស៊ូឡើង ព្រះអង្គប្រទានសេចក្តីរុងរឿងឱ្យលោកយេស៊ូ ឱ្យលោកគង់ខាងស្តាំព្រះអង្គ ព្រះជាម្ចាស់តែងតាំងលោកជាព្រះគ្រីស្ត និងជាព្រះអម្ចាស់។ ពាក្យទាំងនេះមានអត្ថន័យតែមួយ។
លោកលូកាប្រកាសជំនឿរបស់ព្រះសហគមន៍តែមួយនេះ ដោយរៀបរាប់រឿងមួយជានិមិត្តរូប គឺថា ព្រះជាម្ចាស់លើកព្រះយេស៊ូឡើងលើមេឃឱ្យចូលក្នុងពពក ជាវត្តមានរបស់ព្រះជាម្ចាស់។ លោកចែងដូចជាព្រឹត្តិការណ៍មួយដែលកើតឡើង ៤០ថ្ងៃក្រោយព្រះអង្គទទួលព្រះជន្មថ្មីដ៏ពេញលេញ បានសេចក្តីថា ក្រោយពីព្រះអង្គអប់រំក្រុមសាវ័កអំពីវត្តមានថ្មីរបស់ព្រះអង្គជាមួយគេ។ សព្វថ្ងៃ យើងក៏ដូចក្រុមសាវ័កដែរ គឺយើងលែងឃើញព្រះយេស៊ូទៀតហើយ តែយើងជឿជាក់ថា ព្រះអង្គជាព្រះអម្ចាស់ ទ្រង់គង់នៅជាមួយយើងជានិច្ច ទ្រង់កំពុងតែយាងមកក្នុងលោកនេះជារៀងរាល់ថ្ងៃ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់! នៅថ្ងៃនេះ ព្រះអង្គលើកតម្កើងព្រះគ្រីស្តឱ្យបានខ្ពស់ជាងអ្វីៗទាំងអស់! ដោយព្រះអង្គលើកព្រះយេស៊ូជាមនុស្សដូចយើងខ្ញុំឱ្យឡើងស្ថានបរមសុខ ព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំជាមនុស្សបានជ័យជំនះលើសេចក្តីស្លាប់ហើយ! ព្រះគ្រីស្តយាងចូលស្ថានបរមសុខមុនយើងខ្ញុំ ដើម្បីរៀបចំកន្លែងឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសពង្រឹងជំនឿ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ១,១-១១)
សូមជម្រាបមកឯកឧត្តមថេអូភីល សូមជ្រាប!។ ក្នុងសៀវភៅទីមួយ ខ្ញុំបានរៀបរាប់អំពីកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានធ្វើ និងអំពីសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានបង្រៀន តាំងពីដើមរៀងមក រហូតដល់ថ្ងៃព្រះជាម្ចាស់លើកព្រះអង្គឡើងទៅ គឺបន្ទាប់ពីព្រះអង្គបានផ្តែផ្តាំដល់ក្រុមគ្រីស្តទូតដែលព្រះអង្គបានជ្រើសរើស ដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះយេស៊ូបានបង្ហាញព្រះអង្គតាមរបៀបផ្សេងៗឱ្យគ្រីស្តទូតទាំងនោះឃើញថា ព្រះអង្គមានព្រះជន្មគង់នៅ។ ព្រះអង្គបានឱ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផង។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយជាមួយក្រុមគ្រីស្តទូត ទ្រង់បានហាមគេមិនឱ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ គឺត្រូវរង់ចាំទទួលព្រះវិញ្ញាណតាមព្រះបន្ទូលសន្យារបស់ព្រះបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា លោកយ៉ូហានបានធ្វើពិធីជ្រមុជក្នុងទឹក ប៉ុន្តែ នៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធវិញ។ ពេលនោះ ក្រុមគ្រីស្តទូតនៅជុំគ្នា គេទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គនឹងតែងតាំងព្រះរាជ្យសម្រាប់អ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ត្រង់ឯពេលវេលា និងពេលកំណត់ដែលព្រះបិតាបានកំណត់ទុកដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។ ប៉ុន្តែ អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នានឹងធ្វើជាសាក្សីរបស់ខ្ញុំនៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។ លុះព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ហើយនៅពេលដែលក្រុមគ្រីស្តទូតកំពុងតែមើលព្រះអង្គនោះ ព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពកមកបាំងព្រះអង្គបាត់ពីភ្នែកគេទៅ។ កាលពួកគេកំពុងតែសម្លឹងមើលទៅលើមេឃ នៅពេលព្រះអង្គយាងឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកសពាក់សចូលមកជិតគេពោលថា៖ «អ្នកស្រុកាលីឡេអើយ! ហេតុដូចម្តេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅលើមេឃដូច្នេះ?។ ព្រះយេស៊ូនោះ ព្រះជាម្ចាស់បានលើកពីកណ្តាលចំណោមអ្នករាល់គ្នាឡើងទៅមេឃ ហើយព្រះអង្គនឹងយាងមកតាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅដែរ»។
ទំនុកតម្កើងលេខ ៤៧ (៤៦), ២.៣.៦-៩ បទកាកគិ
| ២ | ឱ!ជនទាំងឡាយ | ចូរអរសប្បាយ | ទះដៃអបអរ |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់បវរ | ទទួលអំណរ | |
| ដោយចិត្តរីករាយ | ។ | ||
| ៣ | ដ្បិតព្រះអម្ចាស់ | ព្រះខ្ពង់ខ្ពស់ណាស់ | គួរស្ញប់ស្ញែងក្រៃ |
| ព្រោះតែព្រះអង្គ | ជាមហាក្សត្រថ្លៃ | ឧត្តមប្រពៃ | |
| លើដីទាំងអស់ | ។ | ||
| ៦ | ព្រះអម្ចាស់យាង | ឡើងក្រោមសូរសៀង | ខ្ញៀវខ្ញាអនេក |
| ទ្រង់យាងទៅខ្ពស់ | ឥតមានរារែក | អមដោយសម្រែក | |
| សូរត្រែតន្ដ្រី | ។ | ||
| ៧ | ចូរយើងនាំគ្នា | រូតរះម្នីម្នា | ថ្វាយពរសិរី |
| ព្រះជាអម្ចាស់ | រុងរឿងពេកក្រៃ | ស្មូតលាយតន្រ្តី | |
| ថ្វាយព្រះនៃយើង | ។ | ||
| ៨ | ដ្បិតព្រះអង្គជា | ព្រះមហាក្សត្រា | វិសេសថ្កុំថ្កើង |
| នៅលើផែនដី | ជាព្រះនៃយើង | ចូរនាំគ្នាថ្កើង | |
| ស្មូតកំណាព្យថ្វាយ | ។ | ||
| ៩ | ព្រះម្ចាស់គ្រងរាជ្យ | ពេញដោយអំណាច | លើជាតិជិតឆ្ងាយ |
| គង់លើបល្ល័ង្ក | ឥតបីនឿយណាយ | វិសុទ្ធពេកក្រៃ | |
| រាស្រ្តបានសុខសាន្ត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ (អភ ១,១៧-២៣)
បងប្អូនជាទីស្រឡាញ់!
សូមព្រះរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានព្រះវិញ្ញាណឱ្យបងប្អូនមានប្រាជ្ញា និងសម្តែងឱ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូនឱ្យយល់ថា ដោយព្រះអង្គត្រាស់ហៅបងប្អូន បងប្អូនមានសេចក្តីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។ សូមទ្រង់ប្រទានឱ្យបងប្អូនយល់ទៀតថា ឫទ្ធានុភាពដ៏អស្ចារ្យបំផុតដែលព្រះអង្គសម្តែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿមានទំហំធំធេងយ៉ាងណា ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្តាដ៏ខ្លាំងក្លាដែលទ្រង់បានសម្តែងក្នុងអង្គព្រះគ្រីស្ត។ ព្រះអង្គបានសម្តែងមហិទ្ធិឫទ្ធិនេះ ដោយប្រោសព្រះគ្រីស្តឱ្យមានព្រះជន្មរស់ឡើងវិញ និងឱ្យគង់នៅខាងស្តាំព្រះអង្គនៅស្ថានបរមសុខ ខ្ពស់ជាងវត្ថុសក្តិសិទ្ធិគ្រប់យ៉ាង ខ្ពស់ជាងអ្វីៗដែលមានអំណាច មានឫទ្ធិ មានម្ចាស់ទឹកម្ចាស់ដីជាដើម និងខ្ពស់លើសអ្វីៗដែលមានឈ្មោះ មិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។ ព្រះជាម្ចាស់បានបង្រ្កាបអ្វីៗទាំងអស់ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត ព្រមទាំងប្រទានឱ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ដែលជាព្រះកាយរបស់ព្រះអង្គ។ ព្រះសហគមន៍នេះបានពោរពេញដោយគ្រប់លក្ខណៈសម្បត្តិរបស់ព្រះគ្រីស្ត ហើយព្រះគ្រីស្តផ្ទាល់ក៏បានពោរពេញដោយគ្រប់លក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់ដែរ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់យាងឡើង ប្រជាជនស្រែកជ័យឃោសន៍។ ព្រះអង្គយាងឡើងទៅទីដ៏ខ្ពង់ខ្ពស់បំផុត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៨,១៦-២០)
សាវ័កទាំងដប់មួយនាក់នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់គេឱ្យទៅ។ កាលគេបានឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ ប៉ុន្តែ មានអ្នកខ្លះនៅសង្ស័យ។ ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី។ ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក ហើយធ្វើពិធីជ្រមុជទឹកឱ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រូវបង្រៀនគេឱ្យប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះ ព្រះអង្គលើកតម្កើងព្រះបុត្រាឱ្យគង់នៅខាងស្តាំព្រះអង្គ។ ព្រះបុត្រាក៏ជាតំណាងរបស់មនុស្សលោកទាំងអស់ និងអង្វរព្រះអង្គសម្រាប់យើងខ្ញុំដែរ។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត យើងខ្ញុំ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! នៅថ្ងៃនេះ យើងខ្ញុំសូមអរព្រះគុណ និងសូមលើកតម្កើងសិរីរុងរឿងព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ ព្រះអង្គបានលើកព្រះយេស៊ូជាមនុស្សដូចយើងខ្ញុំឡើងទៅស្ថានបរមសុខ។ ព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំមានឋានៈជាបុត្រធីតា ហើយនៅជាមួយព្រះអង្គដែរ។ ព្រះអង្គមិនបោះបង់យើងខ្ញុំទេ គឺទ្រង់ប្រទានព្រះវិញ្ញាណឱ្យស្ថិតនៅជាមួយយើងខ្ញុំជានិច្ច រហូតដល់អវសានកាលនៃពិភពលោក។ ព្រះវិញ្ញាណប្រែចិត្តគំនិតយើងខ្ញុំ ហើយផ្តល់សេចក្តីសង្ឃឹមឱ្យយើងខ្ញុំផង។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! “
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះ យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលប្រោសព្រះយេស៊ូជាអម្ចាស់ ឱ្យទទួលសិរីរុងរឿងយ៉ាងអស្ចារ្យនៅស្ថានបរមសុខ។ ព្រះបិតាប្រទានឱ្យយើងខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមោះមុតថា នឹងបានសិរីរុងរឿងដូចព្រះយេស៊ូដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំរស់នៅស្របតាមជំនឿនេះផង។