ថ្ងៃសៅរ៍ រដូវបុណ្យចម្លង អាទិត្យទី០៦
ពណ៌ស
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! មុនព្រះយេស៊ូយាងចេញពីលោកនេះទៅ ព្រះអង្គមានព្រះបន្ទូលសន្យានឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យសាវ័ក។ ព្រះវិញ្ញាណក៏យាងមកមែន ហើយបានបំភ្លឺចិត្តគំនិតរបស់គេឱ្យយល់គម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយើងខ្ញុំ តាមព្រះបន្ទូលសន្យារបស់ព្រះគ្រីស្ត។ សូមព្រះវិញ្ញាណណែនាំយើងខ្ញុំឱ្យស្គាល់ព្រះអង្គកាន់តែច្បាស់ឡើងៗផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ១៨,២២-២៨)
លោកប៉ូលស្នាក់នៅក្រុងអន់ទីយ៉ូកយូរបន្តិច រួចលោកចេញដំណើរទៅសាជាថ្មី ដោយឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគី ទាំងពង្រឹងជំនឿពួកសាវ័កទាំងអស់ផង។ មានជនជាតិយូដាម្នាក់ឈ្មោះ អប៉ូឡូស ជាអ្នកស្រុកអាឡិចសង់ឌ្រីមកនៅក្រុងអេភេសូ។ គាត់ជាមនុស្សមានវោហា ហើយស្គាល់គម្ពីរយ៉ាងល្អិតល្អន់ គាត់បានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអម្ចាស់ និងមានចិត្តឧស្សាហ៍មោះមុត។ គាត់ប្រកាសព្រះបន្ទូល ហើយប៉ិនប្រសប់បង្រៀនគេយ៉ាងច្បាស់លាស់អំពីព្រះយេស៊ូផង។ ក៏ប៉ុន្តែ គាត់បានដឹងត្រឹមតែពិធីជ្រមុជទឹករបស់លោកយ៉ូហានប៉ុណ្ណោះ។ គាត់បានបង្រៀនគេក្នុងធម្មសាលាដោយចិត្តអង់អាច។ កាលនាងព្រីស៊ីឡា និងលោកអគីឡាសបានឮគាត់បង្រៀនដូច្នេះ គេអញ្ជើញគាត់ទៅជាមួយ ព្រមទាំងពន្យល់គាត់ឱ្យរឹតតែស្គាល់មាគ៌ារបស់ព្រះជាម្ចាស់ថែមទៀត។ បន្ទាប់មក ដោយលោកអប៉ូឡូសមានបំណងធ្វើដំណើរទៅកាន់ស្រុកអាខៃ បងប្អូននាំគ្នាលើកទឹកចិត្តគាត់ឱ្យទៅ ថែមទាំងសរសេរសំបុត្រទៅជម្រាបក្រុមសាវ័កនៅស្រុកនោះឱ្យទទួលគាត់ដោយរាក់ទាក់ផង។ លុះទៅដល់ គាត់បានជួយអស់អ្នកជឿនៅទីនោះយ៉ាងច្រើនតាមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដ្បិតគាត់ចេះផ្ចាញ់សាសន៍យូដានៅមុខប្រជុំជនទាំងអស់ និងវែកញែកគម្ពីរបញ្ជាក់ប្រាប់គេថា ព្រះយេស៊ូពិតជាព្រះគ្រីស្តមែន ។
ទំនុកតម្កើងលេខ ៤៧ (៤៦), ២-៣.៨-១០ បទកាកគតិ
| ២ | ឱជនទាំងឡាយ | ចូរអរសប្បាយ | ទះដៃអបអរ |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់បវរ | ទទួលអំណរ | |
| ដោយចិត្តរីករាយ | ។ | ||
| ៣ | ដ្បិតព្រះអម្ចាស់ | ព្រះខ្ពង់ខ្ពស់ណាស់ | គួរស្ញប់ស្ញែងក្រៃ |
| ព្រោះតែព្រះអង្គ | ជាមហាក្សត្រថ្លៃ | ឧត្តមប្រពៃ | |
| លើដីទាំងអស់ | ។ | ||
| ៨ | ដ្បិតព្រះអង្គជា | ព្រះមហាក្សត្រា | វិសេសថ្កុំថ្កើង |
| នៅលើផែនដី | ជាព្រះនៃយើង | ចូរនាំគ្នាថ្កើង | |
| ស្មូតកំណាព្យថ្វាយ | ។ | ||
| ៩ | ព្រះម្ចាស់គ្រងរាជ្យ | ពេញដោយអំណាច | លើជាតិជិតឆ្ងាយ |
| គង់លើបល្ល័ង្ក | ឥតបីនឿយណាយ | វិសុទ្ធពេកក្រៃ | |
| រាស្រ្តបានសុខសាន្ត | ។ | ||
| ១០ | ពួកមេដឹកនាំ | មកមីរជួបជុំ | ឥតមានខកខាន |
| ជាប្រជាជន | វិសុទ្ធថ្កើងថ្កាន | ព្រះដ៏ចំណាន | |
| អប្រាហាំថ្លៃ | ។ | ||
| ដ្បិតមហាក្សត្រ | ម្ចាស់ផែនដីស្ថិត | ក្រោមម្លប់បារមី | |
| អំណាចព្រះម្ចាស់ | ខ្លាំងលើសអ្វីៗ | ក្នុងនាលោកីយ៍ | |
| គ្មានអ្វីស្មើផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១៦,២៨)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបិតាបានចាត់ព្រះគ្រីស្តឱ្យយាងមកក្នុងលោក។ ឥឡូវនេះ ព្រះគ្រីស្តយាងចេញពីលោកនេះទៅឯព្រះបិតាវិញ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៦,២៣-២៨)
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាទូលសុំព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គមុខជានឹងប្រទានឱ្យអ្នករាល់គ្នាជាមិនខាន។ មកដល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ! អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ។ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាអំពីសេចក្តីទាំងនេះ ដោយប្រើប្រស្នា។ បន្តិចទៀត ខ្ញុំនឹងនិយាយយ៉ាងច្បាស់ៗប្រាប់អ្នករាល់គ្នាអំពីព្រះបិតា ខ្ញុំមិនប្រើប្រស្នាទៀតទេ។ នៅគ្រានោះ កាលណាអ្នករាល់គ្នាទូលសុំអ្វីៗពីព្រះបិតាក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរព្រះអង្គឱ្យអ្នករាល់គ្នាឡើយ ដ្បិតព្រះបិតាមានព្រះហឫទ័យស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថា ខ្ញុំចេញពីព្រះជាម្ចាស់មក ខ្ញុំបានចេញពីព្រះបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯព្រះបិតាវិញ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាជាទីស្រឡាញ់! ក្នុងអភិបូជានេះ យើងខ្ញុំសូមចូលរួមជាមួយព្រះគ្រីស្តដែលបានបូជាព្រះជន្ម។ យើងខ្ញុំក៏នាំគ្នាអង្វរព្រះអង្គរួមជាមួយព្រះយេស៊ូដែរ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណឱ្យយាងមកសណ្ឋិតជាមួយយើងខ្ញុំ តាមព្រះបន្ទូលសន្យារបស់ព្រះយេស៊ូ ជាព្រះបុត្រាដែលគង់នៅជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណឱ្យយើងខ្ញុំ សូមឱ្យយើងខ្ញុំរួមស្លាប់រួមរស់ជាមួយព្រះបុត្រា ក្នុងគ្រប់កិច្ចការប្រចាំជីវិតយើងខ្ញុំផង។