០៤ កញ្ញា ២០២៦

Written on 10/12/2025
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី២២ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ៤,១-៥)

បងប្អូនជាទីស្រឡាញ់!
សូមបងប្អូនចាត់ទុកយើងថា ជាអ្នកធើ្វការក្រោមអំណាច​របស់​ព្រះគ្រីស្ដ និងជាអ្នកមើលការខុសត្រូវលើគម្រោងការដ៏លាក់កំបំាងរបស់ព្រះ​​ជាម្ចាស់។ ចំពោះអ្នក​មើលការខុសត្រូវ គួរតែមានចិត្តស្មោះត្រង់។ ចំពោះរូបខ្ញុំ​ទោះបីបងប្អូនវិនិច្ឆ័យក្ដី ឬមនុស្ស​លោកវិនិច្ឆ័យក្ដី ក៏ខ្ញុំមិនខ្វល់ខ្វាយអ្វីទេ ហើយរូបខ្ញុំ​ផ្ទាល់ក៏ខ្ញុំមិនវិនិច្ឆ័យខ្លួនឯងដែរ ដ្បិតក្នុងចិត្ត​ខ្ញុំ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានធើ្វអ្វីខុសឡើយ។ ប៉ុន្ដែ មិនមែនការយល់ឃើញរបស់ខ្ញុំនេះទេ ដែលធើ្វឱ្យខ្ញុំបានសុចរិត​​ មានតែព្រះអម្ចាស់​ប៉ុណ្ណោះ ដែលវិនិច្ឆ័យខ្ញុំ។ ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យដាក់ទោស​នរណាមុនពេល​កំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗ​ដែលមនុស្ស​បង្កប់ទុកក្នុងទីងងឹតមកដាក់នៅទីភ្លឺ ហើយព្រះអង្គក៏នឹងបង្ហាញការប៉ងប្រាថ្នានៃ​ចិត្ត​មនុស្សដែរ។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗ ស្របតាមការដែល​​ខ្លួនបានប្រព្រឹត្ត។

ទំនុកតម្កើងលេខ ៣៧ (៣៦),៣-៦.២៧-២៨.៣៩-៤០ បទព្រហ្មគី​តិ

៣ ចូរធើ្វអំពើល្អ ចិត្តស្មោះសរផ្ញើជីវិត  
  លើព្រះដ៏សក្ដិសិទ្ធ នោះអ្នកពិតជាសុខសាន្ដ ។
៤ ចូរស្វែងរកមង្គល កុំបីខ្វល់ឬខកខាន  
  ព្រះអង្គនឹងប្រទាន ឱ្យអ្នកមានតាមបំណង ។
៥ ចូរផ្ញើព្រេងវាសនា ក្នុងហត្ថាព្រះអង្គផង  
  ព្រះអង្គនឹងគ្រប់គ្រង ឥតមានហ្មងតាមសន្យា ។
៦ ព្រះអង្គនឹងបង្ហាញ ឱ្យគេឃើញយ៉ាងច្បាស់ថា  
  អ្នកសុចរិតថ្លៃថ្លា ដូចសូរិយាពេញរស្មី ។
២៧ ចូរកុំធើ្វអាក្រក់ រឿងគម្រក់កុំទៅក្បែរ  
  នោះអ្នកនឹងស្ថិតស្ថេរ លើដីកេរតរៀងទៅ ។
២៨ ព្រះម្ចាស់សព្វព្រះទ័យ ពន់ពេកក្រៃគ្មានហ្មងសៅ  
  យុត្តិធម៌ត្រង់ត្រឹមត្រូវ តរៀងទៅទ្រង់មិនភ្លេច ។
  ព្រះអង្គមិនបង់បោះ គេទាំងនោះដោយកលល្បិច  
  ព្រះអង្គជាន់ពន្លិច វិនាសខ្ទេចពូជអាក្រក់ ។
៣៩ ព្រះម្ចាស់តែងសង្គ្រោះ មនុស្សទាំងអស់ឥតទោរម្នេញ  
  ជាកំពែងពោរពេញ ការពារពាំងគ្រាអាសន្ន ។
៤០ ព្រះអម្ចាស់សង្គ្រោះ និងរំដោះមិនភាំងភាន់  
  សង្គ្រោះគេបន្ទាន់ ព្រោះជ្រកកោនក្រោមបារមី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ១៩,៧៩

អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាអរសប្បាយឡើង ព្រោះព្រះជាម្ចាស់​បានចងសម្ពន្ធមេត្រីថ្មី! អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គ​លការនៃកូនចៀម អ្នកទាំងនោះពិតជាមានសុភមង្គលហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ​៥,៣៣-៣៩) 

នៅថ្ងៃនោះ មានគេទូលសួរព្រះយេស៊ូថា៖«ពួកសិស្សរបស់លោកយ៉ូហាន និងពួក​​សិស្សខាងគណៈផារីស៊ីតែងតែតមអាហារ និងសូត្រធម៌ជាញឹកញាប់ ចុះហេតុដូចម្ដេច​បានជា​សិស្សរបស់លោកបែរជានាំគ្នាបរិភោគដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូល​តបទៅគេវិញថា៖​«ក្នុងពិធី​មង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតម​អាហារកើតឬ?។ ទេ! គេមិនអាចតម​បានឡើយ! បើថ្ងៃក្រោយពេលគេចាប់ស្វាមី​​យកទៅ ទើបភ្ញៀវទាំងនោះតមអាហារ»។​ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖«ពុំដែលមាននរណាហែកសម្លៀក​​​បំពាក់​ថ្មីយកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ បើធ្វើដូច្នេះ សម្លៀកបំពាក់ថ្មីនឹ​​​​​ង​ត្រូវរហែក ហើយ​ក្រណាត់ចាស់ និងក្រណាត់ថ្មីក៏មិនសមគ្នាដែរ។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរ​ថ្មីទៅក្នុងថង់ស្បែកចាស់ឡើយ បើធើ្វដូច្នេះ ស្រាថ្មី និង​ធើ្វ​ឱ្យ​ថង់ស្បែកចាស់នោះធ្លុះ បណ្ដាល​ឱ្យស្រាហូរចេញ ហើយថង់ស្បែកក៏ត្រូវខូចខាតមិនខាន ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី។ កាលបើបានពិសាស្រាទំពាំងបាយជូរចាស់ហើយ មិនដែលមាននរណាចង់ពិសាស្រាថ្មីទេ​ ព្រោះគេថា “ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី»។

​​