១១ ឧសភា ២០២៦

Written on 09/06/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវបុណ្យចម្លង អាទិត្យទី០៦
ពណ៌ស 

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងលើលប់! នៅគ្រប់សម័យ​ ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យបំភ្លឺចិត្តគំនិតមនុស្សលោកឱ្យយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះអង្គ និងឱ្យជឿសង្ឃឹមលើព្រះគ្រីស្តដែរ។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណព្រះអង្គ ឱ្យយាងមកទាក់ទាញចិត្តមនុស្សសព្វថ្ងៃនេះផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ១៦,១១-១៥)

នៅក្រុងត្រូអាស យើងចុះសំពៅធ្វើដំណើរតម្រង់ឆ្ពោះទៅកោះសាម៉ូត្រាសតែម្តង។ ស្អែកឡើង យើងទៅ​ដល់​ក្រុង​ណេអាប៉ូលី រួចយើងចេញដំណើរពីក្រុងនោះឆ្ពោះទៅក្រុងភីលីព ជាក្រុងធំជាងគេក្នុងស្រុកម៉ាសេដូន ហើយជា​ក្រុង​ដែលមានឯកសិទ្ធិនៅក្រោមអាណានិគមរ៉ូមុំាង។ យើងស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។ នៅថ្ងៃសប្ប័ទ យើងចេញ​ទៅ​ខាងក្រៅកំពែងក្រុង សំដៅទៅមាត់ស្ទឹង ដោយនឹកគិតថា នឹង​មានកន្លែងអធិដ្ឋាន។ យើងក៏នាំគ្នា​អង្គុយ ហើយ​និ​យា​យ​ជាមួយស្ត្រីៗដែលមកជួបជុំគ្នានៅទីនោះ។ មានស្ត្រីម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ ឈ្មោះ​លីឌី ជា​អ្នក​​ស្រុក​ធីយ៉ាទៀរ និងជាឈ្មួញក្រណាត់ពណ៌ក្រហមដ៏មានតម្លៃ។ ពេលនោះនាងផ្ទៀងត្រចៀកស្តាប់​។ ព្រះអម្ចាស់ក៏​បា​ន​បំភ្លឺចិត្តគំនិតនាងឱ្យយកចិត្តទុកដាក់នឹងសេចក្តីដែលលោកប៉ូលមានប្រសាសន៍។ បន្ទាប់ពីនាងបានទទួល​ពិធី​ជ្រ​មុជ​​ទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងអញ្ជើញយើងទៅស្នាក់នៅផ្ទះនាងដោយ​ពោល​ថា៖ «បើលោក​យល់​ឃើញថា នាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះនាងខ្ញុំទៅ!»។ នាងទទូចសុំ​ឱ្យ​យើង​យល់ព្រមតាមសេចក្តីអញ្ជើញរបស់នាង។

ទំនុកតម្កើងលេខ ១១៥ (១១៣ខ), ១-៤.១៥-១៦ បទកាកគតិ

១ ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ ប្រសើរកន្លង
  ចូរច្រៀងតម្កើង ព្រះនាមព្រះអង្គ ក្នុងចំណោមផង
    អ្នកដែលជឿព្រះ ។
២ ចូរឱ្យជនជាតិ អ៊ីស្រាអែលខ្មីឃ្មាត រីករាយទាំងអស់
  ដោយសារព្រះអង្គ បានបង្កើតមនុស្ស ទាំងស្រីទាំងប្រុស
    ពាសពេញផែនដី ។
  សូមប្រជាជន ក្នុងក្រុងស៊ីយ៉ូន អបអរសប្បាយ
  នឹងព្រះមហាក្សត្រ គ្រងលើផែនដី ជាស្តេចល្បាញល្បី
    របស់ផងខ្លួន ។
៣ សូមនាំគ្នារាំ ថ្វាយព្រះឧត្តម កុំវេះគេចពួន
  តម្កើងព្រះនាម ឱ្យបានសមសួន វាយក្រាប់ផ្ទួនៗ
    ទាំងដេញពិណថ្វាយ ។
៤ ដ្បិតព្រះអម្ចាស់ សព្វព្រះទ័យណាស់ នឹងរាស្រ្តទាំងឡាយ
  ទ្រង់តែងសង្គ្រោះ ដឹកនាំត្រួសត្រាយ ហើយតែងខ្វល់ខ្វាយ
    ជួយអ្នកទន់ទាប ។
៥ សូមឱ្យអស់អ្នក សង្ឃឹមជឿជាក់ លើព្រះដរាប
  នាំគ្នាសប្បាយ ប្រសើរលើសលប់ តម្កើងសាយសព្វ
    សិរីព្រះម្ចាស់ ។
  ទោះជាពេលយប់ ក៏គេមិនឈប់ គេនៅប្រកាស
  ទាំងលើកតម្កើង សិរីព្រះម្ចាស់ ឱ្យបានខ្ពង់ខ្ពស់
    ទាំងអំណរផង ។
 

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ១៥,២៦)

អាលេលូយ៉ា! អាលេលូយ៉ា! 
សូមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមក គឺព្រះវិញ្ញាណដែលសម្តែងសេចក្តីពិត សូម​ព្រះ​អង្គធ្វើជាសាក្សី​ក្នុងចិត្តរបស់យើងខ្ញុំផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៥,២៦-១៦,៤)

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅកាន់​ក្រុម​សាវ័កថា៖ «ព្រះអង្គដែល​ជួយការពារ ដែលខ្ញុំនឹងចាត់ពីព្រះបិតាឱ្យមកឯអ្នករាល់គ្នា គឺជា​ព្រះវិញ្ញាណ​ដែល​សម្តែង​សេចក្តី​​ពិត​ ព្រះអង្គចេញពីព្រះបិតាមក។ កាលព្រះអង្គយាងមកដល់ ទ្រង់នឹងធ្វើជាសាក្សីអំពីខ្ញុំ ហើយអ្នករាល់គ្នាក៏ធ្វើសាក្សីអំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំតាំងពីដើមរៀងមក​។ ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកុំឱ្យអ្នករាល់គ្នារវាតចិត្ត ងាកចេញពីជំនឿ។ គេនឹងបណ្តេញ​អ្នករាល់​គ្នា​ចេញ​ពី​ធម្មសាលា ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹកស្មានថា ខ្លួនគោរពបម្រើព្រះជាម្ចាស់។ គេធ្វើ​ដូច្នេះ មក​ពីគេមិនបានស្គាល់ព្រះបិតា ទាំងមិនបានស្គាល់ខ្ញុំផង។ ខ្ញុំនិយាយសេចក្តីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចមកហើយ។ កាលពីមុនខ្ញុំមិន​បាននិយាយ​ប្រាប់អ្នក​រាល់គ្នាទេ ពីព្រោះកាលណោះខ្ញុំនៅជាមួយអ្នករាល់គ្នានៅ​ឡើយ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅក្នុងអភិបូជានេះ យើងខ្ញុំសូមចូលរួមជាមួយព្រះយេស៊ូ ជាព្រះបុត្រា​ដែល​បូជា​ព្រះជន្មថ្វាយព្រះអង្គ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត សូមទ្រង់​ព្រះមេត្តាទទួលតង្វាយ​របស់យើង​ខ្ញុំដោយ​អនុ​គ្រោះ ហើយសូមចាត់ព្រះវិញ្ញាណឱ្យយាង មកពង្រឹងជំនឿយើងខ្ញុំផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទាន​ព្រះបុត្រា​ឱ្យ​យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកការពារយើងខ្ញុំ សូមព្រះវិញ្ញាណ​សម្តែង​សេចក្តី​ពិតឱ្យ​យើងខ្ញុំ សូមឱ្យយើងខ្ញុំអាចធ្វើសាក្សីពីព្រះយេស៊ូបានផង។