១០ ឧសភា ២០២៦

Written on 10/06/2026
Catholic Faith Cambodia

ថ្ងៃអាទិត្យ រដូវបុណ្យចម្លង អាទិត្យទី០៦ ឆ្នាំ«ក»
 ពណ៌ស 

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យ​បង្រួប​បង្រួម​មនុស្សដែលបាក់បែកគ្នា ឱ្យចូលរួមក្នុងមហាគ្រួសារតែមួយ។ សូមទ្រង់​ព្រះមេត្តា​ប្រោស​ប្រទាន​ព្រះវិញ្ញាណ​ព្រះ​អង្គឱ្យយើងខ្ញុំ សូមឱ្យយើងខ្ញុំអាចរស់​នៅយ៉ាងសមរម្យនឹងឋានៈរបស់ខ្លួនជាបុត្រធីតារបស់ព្រះអង្គផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៨,៥-៨.១៤-១៧)

លោកភីលីពជាសាវ័កម្នាក់ក្នុងក្រុមប្រាំពីរ ធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់​អ្នក​ក្រុង​​អំពីព្រះគ្រីស្ត។ មហាជនរួមចិត្តគំនិតគ្នា ពេញចិត្តនឹងពាក្យសំដីរបស់​លោក​ភីលីព​ ព្រោះ​គេបាន​ឮលោក​មាន​ប្រសាស​ន៍ និងបានឃើញទីសម្គាល់ដ៏អស្ចារ្យដែលលោកបានធ្វើ គឺមានខ្មោចជាច្រើនចេញពីមនុស្សទាំងស្រែកខ្លាំងៗ និងមានមនុស្សខ្វិន មនុស្សស្លាប់ដៃជើងជាច្រើនបានជា។ ប្រជាជននៅក្រុងនោះមាន​អំណរ​សប្បាយ​ដ៏លើស​លប់។ ក្រុមគ្រីស្តទូតនៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុក​សាម៉ារីនាំគ្នាទទួលព្រះបន្ទូល​របស់​ព្រះជា​​ម្ចា​ស់​ ក៏ចាត់លោកសិលានិងលោកយ៉ូហានឱ្យទៅជួបអ្នកទាំងនោះ។ លុះទៅដល់ស្រុក​សាម៉ារី គ្រីស្តទូតទាំង​ពីរ​ក៏​ទូ​លអង្វរព្រះជាម្ចាស់ សុំឱ្យពួកអ្នកជឿបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដ្បិតព្រះវិញ្ញាណ​ពុំទាន់​យាង​ចុះមក​សណ្ឋិត​លើ​អ្នកណាម្នាក់ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបាន​ទទួល​ពិធីជ្រមុជ​ទឹកក្នុង​ព្រះនាមព្រះអម្ចាស់​យេ​ស៊ូប៉ុណ្ណោះ។ ពេលនោះ លោកសិលា និងលោកយ៉ូហានដាក់ដៃលើគេ ហើយគេក៏ទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ។

ទំនុកតម្កើងលេខ ៦៦ (៦៥), ១-៧,១៦.២០ បទកាកគតិ

១ ប្រជាប្រុសស្រី នៅលើផែនដី ទាំងអស់គ្នាអើយ
  នាំគ្នាអបអរ កុំបីកន្តើយ អបអរសប្បាយ
    សាទរព្រះម្ចាស់ ។
២ ចូរច្រៀងតម្កើង សិរីរុងរឿង ព្រះនាមរបស់
  ព្រះម្ចាស់នៃយើង បារមីខ្ពង់ខ្ពស់ តម្កើងថ្កើងយស
    ថ្វាយដល់ព្រះអង្គ ។
៣ ចូរទូលទ្រង់ថា បពិត្រព្រះជា អម្ចាស់នៃយើង
  គ្រប់ស្នាព្រះហស្ដ វិសេសថ្កុំថ្កើង យើងសូមលើកឡើង
    ឱ្យខ្ពស់ដរាប ។
  ពួកខ្មាំងសត្រូវ ព្រះអង្គចាំនៅ នាំគ្នាលុតក្រាប
  ដោយឃើញចេស្តា ឫទ្ធានុភាព ព្រះអង្គរៀងរាប
    ធំធេងកន្លង ។
៤ មនុស្សម្នាលើដី ទាំងប្រុសទាំងស្រី ក្រាបថ្វាយព្រះអង្គ
  គេនាំគ្នាច្រៀង លើកសិរីផង ច្រៀងបទតម្កើង
    ព្រះនាមល្បាញល្បី ។
៥ ចូរយើងនាំគ្នា ពីគ្រប់ទិសា កុំនៅធ្វើហី
  មើលស្នាព្រះហស្ត សុទ្ធតែប្រពៃ ដែលទ្រង់លកលៃ
    ធ្វើមកមនុស្សលោក ។
៦ ទ្រង់ធ្វើឱ្យទឹក សមុទ្រគគ្រឹក ប្រែជារីងគោក
  ឱ្យប្រជាជន ដើរឆ្លងទៅមក យើងផុតទុក្ខសោក
    ប្រែជាសប្បាយ ។
៧ ព្រះអង្គគ្រប់គ្រង អស់កល្បយូរលង់ ដោយឫទ្ធិបារមី
  ទ្រង់ត្រួតពិនិត្យ ប្រជាប្រុសស្រី កុំឱ្យគ្រប់កាយ
    ក្រោកប្រឆាំងបាន ។
១៦ សូមអ្នកទាំងអស់ ដែលធ្លាប់ស្ម័គ្រស្មោះ លើព្រះគ្មានហ្មង
  ខ្ញុំនឹងរៀបរាប់ គ្រប់កិច្ចដែលទ្រង់ មានមកកន្លង
    មកលើរូបខ្ញុំ ។
២០ សូមថ្កើងព្រះម្ចាស់ ខ្ពង់ខ្ពស់ពេកណាស់ ដោយចិត្តស្មោះសរ
  ទ្រង់ពុំបដិសេធ ពាក្យខ្ញុំអង្វរ ទ្រង់ប្រទានពរ
    ដល់ខ្ញុំជានិច្ច ។

អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់សន្ដសិលា (១សល ៣,១៥-៨)

បងប្អូនជាទីស្រឡាញ់!
បងប្អូនត្រូវទទួលស្គាល់ព្រះគ្រីស្តទុកជាព្រះអម្ចាស់ដ៏វិសុទ្ធតែមួយក្នុងចិត្តបងប្អូន។ ត្រូវ​ប្រុងប្រៀបខ្លួន ឆ្លើយតទល់នឹងអស់អ្នកដែលសាកសួរអំពីសេចក្តីសង្ឃឹមរបស់បងប្អូននោះជានិច្ច ប៉ុន្តែ ត្រូវឆ្លើយទៅគេដោយទន់ភ្លន់ ដោយគោរព និងដោយមានមនសិការល្អ ដើម្បីឱ្យអស់អ្នកដែលចង់មួលបង្កាច់កិរិយាល្អរបស់បងប្អូន ជាអ្នកជឿព្រះគ្រីស្តត្រង់ចំណុចណាមួយ បែរ​ជា​ត្រូវ​ខ្មាស់​ទៅវិញ។ សូវរងទុក្ខដោយប្រព្រឹត្តអំពើល្អ ជាជាងប្រព្រឹត្តអំពើអាក្រក់ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យយ៉ាង​នេះ។ សូម្បីតែព្រះគ្រីស្តក៏ព្រះអង្គបានសោយទិវង្គតម្តងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតបាន​សោយ​ទិវង្គ​ត​ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ទ្រង់ត្រូវ​គេ​​ធ្វើ​គុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មវិញ ដោយសារព្រះវិញ្ញាណ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១៤,៦.៩)

អាលេលូយ៉ា! អាលេលូយ៉ា!
ចូររួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ​ផ្តល់សក្ខីភាពថា ព្រះយេស៊ូពិតជា​ព្រះបុត្រារបស់​ព្រះ​ជាម្ចាស់ ដ្បិតព្រះវិញ្ញាណជាសេចក្តីពិត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៤,១៥-២១)

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុម​សា​វ័ក​ថា៖ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយ​ទ្រង់ប្រទានព្រះជួយការពារមួយអង្គទៀត ឱ្យគង់នៅជាមួយអ្នករាល់គ្នាជាដរាបតរៀងទៅ។ ព្រះអង្គ​ជាព្រះវិ​ញ្ញាណ​​ដែលសម្តែងសេចក្តីពិត។ មនុស្សលោកពុំអាចទទួលព្រះអង្គបានទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយ​ក៏មិន​ស្គាល់ព្រះអង្គផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ព្រោះព្រះអង្គស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយ​ព្រះអង្គនឹងគង់ក្នុងអ្នករាល់គ្នា។ ខ្ញុំមិនចោលអ្នករាល់គ្នាឱ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំ ព្រោះខ្ញុំមានជីវិត ហើយ​អ្នក​រាល់​គ្នាក៏នឹងមានជីវិតដែរ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំ​ក៏​​នៅក្នុងអ្នករាល់គ្នាដែរ។ អ្នកណាមានវិន័យរបស់ខ្ញុំ និងប្រតិបត្តិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំស្រឡាញ់​អ្នក​ដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញឱ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត ចំពោះព្រះអង្គ រួមជាមួយ​ព្រះយេស៊ូ​ដែល​បាន​បូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណយាងមកញ៉ាំងតង្វាយទាំងនេះឱ្យបានគាប់​ហឫទ័យព្រះអង្គ និងឱ្យបានទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រា ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ​។

ធម៌លើកតម្កើង

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើក​តម្កើងសិរីរុង​រឿង​របស់ព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តប្រទាន​ជីវិតថ្មីឱ្យ​យើងខ្ញុំ​ដែល​ជឿ​សង្ឃឹម​លើ​​ព្រះ​អង្គ។ ទ្រង់បង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ឱ្យចូលក្នុងព្រះសហគមន៍តែមួយ។ ព្រះសហគមន៍​ក៏ទទួល​ឫទ្ធិបារមីពីព្រះវិញ្ញាណដែរ ដើម្បីបង្ហាញធម៌មេត្តាការុណារបស់ព្រះអង្គសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះ​ហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូម​លើក​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ដោយព្រះអង្គប្រោសព្រះយេស៊ូ ឱ្យមានព្រះជន្មថ្មី​ដ៏រុង​រឿ​ង​​ ព្រះអង្គក៏ប្រទានជីវិតថ្មីឱ្យ​យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គឱ្យបង្ហាញ​សេចក្តីពិតដល់​យើ​ង​ខ្ញុំ​ផង។ សូមព្រះវិញ្ញាណណែនាំយើងខ្ញុំ ឱ្យរស់នៅយ៉ាងសមរម្យនឹងឋានៈរបស់ខ្លួន ជាបុត្រធីតា​របស់​ព្រះ​អង្គ​ផង​។