០៩ ឧសភា ២០២៦

Written on 11/06/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវបុណ្យចម្លង អាទិត្យទី០៥
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រទានជីវិតថ្មីឱ្យមនុស្សដោយសាជំនឿ និង​ដោយ​ពិធីជ្រមុជទឹក។ ព្រះអង្គក៏បានប្រោសយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យនាំដំណឹងល្អនៃការសង្គ្រោះនេះ ដល់មនុស្សលោកសព្វថ្ងៃនេះផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ១៦,១-១០)

លោកប៉ូលធ្វើដំណើរចេញពីក្រុងអន់ទីយ៉ូកមកដល់ក្រុងឌែរបេ រួចទៅដល់ក្រុងលីស្ត្រា។ នៅក្រុង​លីស្ត្រា​នោះ​​ មានសាវ័កម្នាក់ឈ្មោះ​ធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ដែលជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក។ គាត់​មាន​កេរ្តិ៍ឈ្មោះល្អក្នុងចំណោមបងប្អូននៅក្រុង​លីស្ត្រា និងបងប្អូននៅក្រុងអ៊ីកូញ៉ុម។ លោកប៉ូលមានបំណងយកគាត់ឱ្យរួមដំណើរទៅជាមួយ។ លោកនាំគាត់មកធ្វើពិធីកាត់ស្បែកឱ្យ ព្រោះលោកយោគយល់ដល់​សាសន៍​យូដា​នៅ​ស្រុក​នោះ​ ដ្បិតគេដឹងគ្រប់គ្នាថា ឪពុកគាត់ជាសាសន៍ក្រិក។ នៅតាមក្រុងនានាដែលពួកលោកប៉ូលធ្វើដំណើរកាត់​ លោក​ប្រាប់អ្នកជឿឱ្យដឹងអំពីសេចក្តីសម្រេចរបស់ក្រុមគ្រីស្តទូត និងព្រឹទ្ធាចារ្យនៅក្រុងយេរូសាឡឹម ហើយ​សុំឱ្យគេអនុវត្តតាម។ ព្រះសហគមន៍នានាក៏កាន់តែមាំមួនជារៀងរាល់ថ្ងៃ ហើយមានចំនួនកាន់តែច្រើនជាលំដាប់។ ព្រះវិញ្ញាណដ៏វិសុទ្ធឃាត់ពួកលោកប៉ូលមិនឱ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ហេតុនេះហើយ​ បាន​ជា​លោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគី និងដែនដីកាឡាទី។ ពេលទៅដល់ជិតស្រុកមីស៊ី លោក​មានបំណង​ទៅ​ស្រុក​ប៊ីធីនី ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូពុំអនុញ្ញាតឱ្យទៅទេ។ ដូច្នេះ លោកនាំគ្នាឆ្លងកាត់ស្រុកមីស៊ីទៅដល់ក្រុងត្រូ​​​​​​​​​អា​ស​។ នៅពេលយប់ លោកប៉ូលនិមិត្តឃើញអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរលោកថា៖ «សូមលោក​អញ្ជើញ​ឆ្លង​​មក​​​ស្រុកម៉ាសេដូនជួយយើងខ្ញុំផង!»។ ក្រោយពេលលោកឃើញនិមិត្ត​ហេតុនេះហើយ យើងរូត​រះ​ចេញ​ដំណើរ​ទៅ​ស្រុ​ក​ម៉ាសេដូនជាប្រញាប់ ព្រោះយើងជឿជាក់ថា ព្រះជាម្ចាស់ត្រាស់ហៅយើង​ឱ្យទៅ​នាំ​ដំណឹង​ល្អដល់អ្នក​ស្រុក​នោះ​។

ទំនុកតម្កើងលេខ ១០០ (៩៩), ១-៣.៥ បទកាកគតិ

មនុស្សលើផែនដ ទាំងប្រុសទាំងស្រី ចូរអបអរឡើង
  សាទរព្រះម្ចាស់ ជាព្រះថ្កុំថ្កើង ព្រះម្ចាស់នៃយើង
    កុំបីរួញរា
នាំគ្នាគោរព ទាំងថ្ងៃទាំងយប់ ដោយចិត្តជ្រះថ្លា
  នាំគ្នាមកជិត អង្គព្រះនាមា ច្រៀងហ៊ោរខ្ញៀវខ្ញា
    ដោយអរសប្បាយ
ចូរអ្នកដឹងថា ព្រះម្ចាស់ពិតជា ព្រះយើងគ្រប់កាយ
  ជាព្រះអម្ចាស់ ពិតឥតក្លែងក្លាយ បង្កើតយើងហើយ
    ទ្រង់ថែថ្នាក់ថ្នម
ដ្បិតព្រះអម្ចាស់ ទ្រង់សប្បុរសណាស់ ករុណាហ្មត់ហ្មង
  គង់នៅស្ថិតស្ថេរ អង្វែងយូរលង់ ស្មោះស្ម័គ្រកន្លង
    អស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (កូឡូ ៣,១)

អាលេលូយ៉ា! អាលេលូយ៉ា!
ដោយបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្ត ចូរបងប្អូនស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្តគង់នៅខាងស្តាំព្រះជាម្ចាស់នោះវិញ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៥,១៨-២១)

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅកាន់​ក្រុម​សា​វ័ក​​ថា៖ «ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។ ប្រសិនបើ​អ្នក​រាល់​គ្នាកើតមកពីលោកីយ៍ នោះលោកីយ៍មុខជាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នានៅខាងគេ។ ប៉ុន្តែ ខ្ញុំបានយក​អ្នករាល់គ្នាចេញពីអំណាចលោកីយ៍មក ហើយអ្នករាល់គ្នាមិនកើតពីលោកីយ៍ទេ ហេតុនេះហើយ​ បាន​ជាលោកីយ៍ស្អប់អ្នករាល់គ្នា។ ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិន​បើ​គេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នាដែរ។ ប្រសិនបើគេប្រតិបត្តិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្តិតាម​ពាក្យ​របស់​អ្នករាល់គ្នាដែរ។ ប៉ុន្តែ គេប្រព្រឹត្តអំពើទាំងនោះចំពោះអ្នករាល់គ្នា ព្រោះតែនាមខ្ញុំ មកពីគេ​ពុំបានស្គាល់​ព្រះអង្គ​ដែល​បានចាត់ខ្ញុំឱ្យមកទេ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះបិតា! ក្នុងអភិបូជានេះ យើងខ្ញុំសូមរួមជាមួយព្រះយេស៊ូដើម្បីលើកតម្កើងព្រះអង្គ។ ទោះមនុស្ស​លោក​​មិនស្រឡាញ់ព្រះអង្គក៏ដោយ ក៏ព្រះអង្គនៅតែស្រឡាញ់មនុស្សលោកជានិច្ច។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត ដែលយើងខ្ញុំសូមថ្វាយក្នុងនាមមនុស្សលោកទាំងអស់។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំចូលរួមជាមួយព្រះយេស៊ូគ្រីស្ត​ដែល​បាន​បូជា​ព្រះជន្ម។ ព្រះអង្គក៏បានជ្រើសរើស និងចាត់យើងខ្ញុំឱ្យទៅក្នុងពិភពលោកនេះ។ សូមទ្រង់​ព្រះមេត្តា​ប្រោសឱ្យ​យើង​​ខ្ញុំមានចិត្តស្រឡាញ់អ្នកដែលស្អប់យើងខ្ញុំ ដូចព្រះបុត្រាព្រះអង្គ។ សូមលើកទឹកចិត្តគ្រីស្តបរិស័ទ​ដែលត្រូវគេបៀត​បៀន​ផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។