១៦ មេសា ២០២៦

Written on 04/07/2026
Catholic Faith Cambodia

ថ្ងៃព្រហស្បតិ៍ សប្តាហ៍បុណ្យចម្លង អាទិត្យទី០២
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានលើកព្រះយេស៊ូឡើងតែងតាំងជាព្រះអម្ចាស់និងជាព្រះសង្គ្រោះរបស់មនុស្សលោក។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបំពេញកិច្ចការរាល់ថ្ងៃ ដោយរួមរស់ជាមួយព្រះយេស៊ូ​ផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៥,២៧-៣៣)

នៅគ្រានោះមេកងរក្សាព្រះវិហារនាំក្រុមគ្រីស្តទូតមកឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់។ លោកមហាបូជាចារ្យសួរក្រុមគ្រីស្តទូតថា៖ «យើងបានហាមប្រាមអ្នករាល់គ្នាមិនឱ្យបង្រៀនប្រជាជនក្នុងនាមអ្នកនោះជាដាច់ខាត តែ​ឥឡូវនេះអ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះមកលើយើងថែមទៀតផង!»។ លោកសិលា និងគ្រីស្តទូតឯទៀតៗឆ្លើយឡើងថា៖«យើងខ្ញុំត្រូវស្តាប់បង្គាប់ព្រះជាម្ចាស់ ជាជាងស្តាប់បង្គាប់មនុស្ស។ ព្រះនៃបុព្វបុរសរបស់យើងទ្រង់បានប្រោសលោកយេស៊ូដែលអស់លោកបានសម្លាប់ដោយព្យួរនៅលើឈើនោះឱ្យភ្ញាក់ឡើងវិញ។ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយ​ឫទ្ធិបារមីរបស់ព្រះអង្គ ហើយតែងតាំងលោកជាព្រះអម្ចាស់ និងជាព្រះ​សង្គ្រោះ ដើម្បីឱ្យប្រជាជនអ៊ីស្រាអែលកែប្រែចិត្តគំនិត និងលើកលែងទោស​ឱ្យរួចពីបាប។ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ព្រះអង្គទ្រង់ក៏ជាសាក្សីដែរ»។ កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ គេហួសចិត្ត ហើយចង់សម្លាប់ក្រុមគ្រីស្ត​ទូតថែមទៀតផង។

ទំនុកតម្កើងលេខ ៣៤ (៣៣) ,២.៩.១៧-២០ បទកាកគតិ

២ ខ្ញុំអរព្រះគុណ អម្ចាស់ពេកពន់ គ្រប់ពេលវេលា
  សូមលើកតម្កើង ព្រះអង្គគ្រប់គ្រា ឥតមានរួញរា
    ឈប់ឈរសោះឡើយ ។
៩ ចូរអ្នកផ្អែកពឹង ពិសោធន៍ឱ្យដឹង ថាព្រះម្ចាស់ថ្លៃ
  ទ្រង់មានមេត្តា សប្បុរសពេកក្រៃ អស់ជនប្រុសស្រី
    មានជ័យមង្គល ។
១៧ ព្រះជាអម្ចាស់ តែងតែប្រកាស ប្រឆាំងគ្រប់គ្រា
  នឹងមនុស្សអាក្រក់ ទុច្ចរិតពាលា កុំមាននរណា
    នឹកនាដល់ឡើយ ។
១៨ ពេលអ្នកទៀងត្រង់ ស្រែករកព្រះអង្គ ទ្រង់មិនកន្តើយ
  ព្រះអង្គសណ្តាប់ ពាក្យគេរួចហើយ រំដោះគេឱ្យ
    ផុតគ្រោះទាំងឡាយ ។
១៩ ព្រះម្ចាស់គង់ស្ថិត ក្បែរអ្នកគ្រាំចិត្ត មានទុក្ខខ្វល់ខ្វាយ
  ព្រះអង្គសង្គ្រោះ អស់អ្នកទាំងឡាយ បានសុខសប្បាយ
    ផុតទុក្ខរីងរៃ ។
២០ មនុស្សសុចរិត រមែងជួបពិត ទុក្ខលំបាកក្រៃ
  ប៉ុន្តែព្រះម្ចាស តែងជួយលកល រំដោះផុតភ័យ
    បានសុខគ្រប់គ្រា ។

អបអរសាទរព្រះគម្ពីរដំណឹងល្អតាម (១យហ ៤,១៥; ៥,១)

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាប្រកាសជំនឿថា ព្រះយេស៊ូ​ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះពិតជាកើតមកពីព្រះ​ជាម្ចាស់មែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៣,៣១-៣៦)

លោកយ៉ូហានផ្តល់សក្ខីភាពថា៖ «ព្រះអង្គដែលយាងពីស្ថានបរមសុខមក ទ្រង់​មានឋានៈធំលើសគេទាំងអស់។ អ្នកដែលកើតពីលោកីយ៍ នៅតែជាលោកីយ៍​ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ ព្រះអង្គដែលយាងពីស្ថានបរម​សុខមក ទ្រង់មានឋានៈធំលើសគេទាំងអស់ ព្រះអង្គធ្វើជាបន្ទាល់បញ្ជាក់ពីអ្វី​ទាំងអស់ដែលទ្រង់បានឃើញ និងបានឮ ប៉ុន្តែគ្មាននរណាទទួលសក្ខីភាពរបស់ព្រះអង្គទេ។ អ្នកដែលទទួលសក្ខីភាពរបស់ព្រះអង្គបញ្ជាក់ថា ព្រះជាម្ចាស់បានសម្តែងសេចក្តីពិតមែន ដ្បិតព្រះអង្គដែលព្រះជាម្ចាស់ចាត់ឱ្យយាងមកថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពីព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គយ៉ាងបរិបូណ៍។ ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ឱ្យនៅក្រោមអំណាចរបស់ព្រះបុ្រតា។ អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រាទេ អ្នកនោះនឹងមិនទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះបិតា! ព្រះអង្គស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ឱ្យនៅក្រោមអំណាចរបស់ព្រះបុត្រា។ មានតែព្រះបុត្រាតែមួយព្រះអង្គប៉ុណ្ណោះដែលបានឃើញ និងបានឮព្រះបិតា។ ក្នុងអភិបូជានេះ យើងខ្ញុំសូមថ្វាយតង្វាយ និងពាក្យអធិដ្ឋាន សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួបរួមយ៉ាងជិតស្និទ្ធជាមួយព្រះយេស៊ូ មកថ្វាយសក្ការបូជាដែលគាប់ព្រះហឫទ័យព្រះអង្គផង។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សលោកហួសប្រមាណ! ព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចឱ្យអស់អ្នកដែលជឿសង្ឃឹមលើព្រះយេស៊ូ ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿយើងខ្ញុំ ព្រមទាំងប្រោសយើងខ្ញុំឱ្យធ្វើសាក្សី បញ្ជាក់ពីជំនឿនេះដោយស្តាប់បង្គាប់ព្រះអង្គជាជាងអនុវត្តតាមមតិទូទៅរបស់មនុស្សផង។