ថ្ងៃអង្គារ សប្តាហ៍បុណ្យចម្លង អាទិត្យទី០២
ពណ៌ស
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានសម្តែងឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ ដោយប្រោសព្រះយេស៊ូឱ្យទទួលសិរីរុងរឿងរបស់ព្រះអង្គផ្ទាល់។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំជាព្រះសហគមន៍ឱ្យបង្ហាញឫទ្ធានុភាពនេះដល់មនុស្សលោកសព្វថ្ងៃនេះដែរ! សូមឱ្យយើងខ្ញុំបង្កើតផលស្របតាមជីវិតថ្មីដែលព្រះអង្គបានប្រទានឱ្យយើងខ្ញុំផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៤,៣២-៣៧)
អ្នកជឿទាំងអម្បាលម៉ានមានចិត្តថ្លើមតែមួយ គ្មានអ្នកណាម្នាក់នឹកគិតថា ទ្រព្យសម្បត្តិដែលខ្លួនមានជារបស់ខ្លួនផ្ទាល់នោះឡើយ គឺគេយកមកដាក់ជាសម្បត្តិរួមទាំងអស់។ ក្រុមគ្រីស្តទូតបានប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា ហើយនាំគ្នាផ្តល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូទទួលព្រះជន្មថ្មី។ ព្រះជាម្ចាស់ទ្រង់សម្តែងព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់ដល់ពួកគេទាំងអស់គ្នា។ ក្នុងចំណោមពួកគេ គ្មាននរណាខ្វះខាតអ្វីឡើយ។ អស់អ្នកដែលមានដីធ្លីឬផ្ទះសម្បែងនាំគ្នាលក់ដីធ្លី និងផ្ទះនោះ យកប្រាក់មកជូនក្រុមគ្រីស្តទូត។ បន្ទាប់មក អ្នកជឿទាំងអស់ទទួលចំណែកតាមសេចក្តីត្រូវការរៀងៗខ្លួន។ មានបុរសម្នាក់ឈ្មោះយ៉ូសែប ជាពួកលេវី ស្រុកកំណើតនៅកោះគីប្រុស។ ក្រុមគ្រីស្តទូតដាក់ឈ្មោះគាត់ថា “បារណាបាស” (ឈ្មោះនេះមានន័យថា” អ្នកលើកទឹកចិត្តគេ”)។ គាត់លក់ចម្ការរបស់គាត់ ហើយយកប្រាក់មកជូនក្រុមគ្រីស្តទូតដែរ។
ទំនុកតម្កើងលេខ ៩៣(៩២),១-២.៥ បទកាកគតិ
| ១ | ព្រះអម្ចាស់ជា | មហាក្សត្រា | រុងរឿងថ្កើងថ្កុំ |
| ទ្រង់ប្រកបដោយ | ចេស្ដាឧត្តម | ផែនដីនៅមាំ | |
| ឥតរង្គើឡើយ | ។ | ||
| ២ | បល្ល័ង្កព្រះអង្គ | ស្ថិតស្ថេររឿងរុង | យូរលង់មកហើយ |
| ព្រះអង្គមានជន្ម | អស់កល្បអន្លាយ | ដើមមករៀងអាយ | |
| អង្វែងជានិច្ច | ។ | ||
| ៥ | បពិត្រព្រះម្ចាស់ | ក្រឹត្យវិន័យព្រះ | ត្រឹមត្រូវបរិសុទ្ធ |
| ដំណាក់ព្រះអង្គ | ល្អល្អះបំផុត | វិសេសវិសុទ្ធ | |
| អស់កល្បតទៅ | ។ |
អបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១២,៣២)
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្របុត្រនៃមនុស្ស! ដោយគេលើកព្រះអង្គពីដីឡើង ព្រះអង្គពិតជាទាញមនុស្សទាំងអស់ទៅឯព្រះអង្គមែន!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៣,៧-១៥)
ព្រះយេស៊ូរមានព្រះបន្ទូលទៅកាន់លោកនីកូដេមថា៖ «ពេលខ្ញុំជម្រាបលោកថា អ្នករាល់គ្នាត្រូវកើតជាថ្មី សូមកុំឆ្ងល់ឱ្យសោះ។ ខ្យល់ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវាតែលោកពុំដឹងថា ខ្យល់បក់មកពីទិសណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នោះដែរ»។ លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្ដេចបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ « លោកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ម្ដេចក៏លោកមិនជ្រាបសេចក្ដីទាំងនេះ?។ ខ្ញុំសូមជម្រាបលោកឱ្យបានដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងបានដឹង ហើយយើងធ្វើជាសាក្សីបញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។ ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅស្ថានបរមសុខវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។ ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រនៃមនុស្សប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។ កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យកើតជាថ្មីពីទឹក និងពីព្រះវិញ្ញាណ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានជីវិតថ្មីឱ្យយើងខ្ញុំជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាកែប្រែចិត្តគំនិតយើងខ្ញុំដែលជាព្រះសហគមន៍។ សូមបំភ្លឺគ្រីស្តបរិស័ទទាំងអស់នាបច្ចុប្បន្នកាលនេះឱ្យយកចិត្តទុកដាក់កសាងពិភពលោកថ្មីប្រកបដោយយុត្តិធម៌ និងភាតរភាព ដូចសាវ័កពីដើមផង។