ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី០៣ ឆ្នាំ«គូ»
ពណ៌ស
បុណ្យរម្លឹក សន្តធីម៉ូថេ និងសន្តទីតុស ជាអភិបាល
សូមចុចទីនេះ
លោកធីម៉ូថេ និងលោកទីតុសជាសហការីរបស់គ្រីស្តទូតប៉ូល។ លោកធីម៉ូថេកើតនៅក្រុងលីស្ត្រា ឪពុកជាតិក្រិក ម្តាយជាតិយូដា។ លោកបំពេញមុខងារជាអភិបាលនៅក្រុងអេភេសូ។ លោកទីតុសជាជនជាតិក្រិក មានចិត្តនឹងនរ អាចបំពេញមុខងារដ៏លំបាក។ លោកណែនាំព្រះសហគមន៍ក្រុងកូរិនថូសឱ្យមានរបៀបរៀបរយ និងចាត់ចែងព្រះសហគមន៍នៅកោះក្រែត។ គ្រីស្តទូតប៉ូលសរសេរលិខិតទៅលោកទាំងពីរ។ លិខិតទាំងនោះមានសារៈសំខាន់សម្រាប់ដាស់តឿនអ្នកបំពេញមុខងារជាអភិបាល និងបូជាចារ្យគ្រប់សម័យ។
សូមថ្លែងលិខិតទី ២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ (២ធម ១,១-៨)
ខ្ញុំប៉ូល ជាគ្រីស្តទូតរបស់ព្រះគ្រីស្តយេស៊ូ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំបានទទួលមុខងារប្រកាសអំពីជីវិតដែលយើងមានក្នុងអង្គព្រះគ្រីស្តយេស៊ូ ស្របតាមព្រះបន្ទូលសន្យាមកដល់ធីម៉ូថេជាកូនដ៏ជាទីស្រឡាញ់ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រីស្តយេស៊ូ ជាព្រះអម្ចាស់នៃយើងប្រណីសន្ដោស មេត្តាករុណា និងប្រទានសេចក្ដីសុខសាន្តដល់អ្នក។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំគោរពបម្រើបន្ដពីបុព្វបុរសដោយមនសិការបរិសុទ្ធ ហើយរាល់ពេលខ្ញុំអធិស្ឋាន ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។ ខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកជាថ្មីយ៉ាងខ្លាំង ដើម្បីឱ្យខ្ញុំបានពោរពេញដោយអំណរ។ ខ្ញុំក៏នៅនឹកចាំពីជំនឿ ឥតលាក់ពុតរបស់អ្នក គឺជាជំនឿដែលលោកយាយឡូអ៊ីសជាជីដូន និងអ្នកស្រីអឺនីសជាម្ដាយរបស់អ្នកធ្លាប់មានមុនអ្នក ខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។ ហេតុនេះហើយបានជាខ្ញុំសុំរំឭកដាស់តឿនអ្នកថា ចូរធ្វើឱ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ដែលអ្នកបានទទួលដោយខ្ញុំដាក់ដៃលើនោះមានសកម្មភាពឡើងវិញ ដ្បិតព្រះជាម្ចាស់ពុំបានប្រទានឱ្យយើងមានវិញ្ញាណដែលនាំឱ្យខ្លាចទេ គឺព្រះអង្គប្រទានឱ្យយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្តធ្ងន់។ ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬខ្មាសនឹងខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សម្រាប់ដំណឹងល្អ ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
ឬសូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកទីតុស (ទត ១,១-៥)
ខ្ញុំប៉ូល ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាគ្រីស្តទូតរបស់ព្រះយេស៊ូគ្រីស្ត។ ព្រះជាម្ចាស់ចាត់ខ្ញុំឱ្យនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសឱ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិតដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។ អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យាតាំងពីមុនកាលសម័យទាំងអស់ ព្រះអង្គមិនកុហកទេ។ នៅពេលកំណត់ ព្រះអង្គបានសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកឱ្យខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង។ មកដល់ទីតុសជាកូនដ៏ពិតប្រាកដខាងជំនឿដែលយើងមានរួមគ្នា។ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះនៃយើងប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់អ្នក។ ខ្ញុំបានទុកអ្នកឱ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឱ្យមានរបៀបរៀបរយ និងតែងតាំងព្រឹទ្ធាចារ្យនៅតាមក្រុងនីមួយៗដូចខ្ញុំបានផ្ដាំរួចហើយ។
ទំនុកតម្កើងលេខ ៨៩ (៨៨),២០-២២.២៥-២៦ បទកាកគតិ
| ២០. | នាថ្ងៃមួយនោះ | ព្រះអង្គមានព្រះ | បន្ទូលមកថា |
| យើងនឹងគាំទ្រ | អ្នកច្បាំងហានក្លា | យុវជនសង្ហា | |
| ពីក្នុងរាស្រ្តយើង | ។ | ||
| ២១. | យើងឃើញដាវីឌ | ជាអ្នកប្រណិប័តន៍ | ឥតមានឆ្មៃឆ្មើង |
| យើងក៏ចាក់ប្រេង | អភិសេកគេឡើយ | ជាស្តេចថ្កុំថ្កើង | |
| គ្រងរាជ្យរហូត | ។ | ||
| ២២. | ហើយយើងនឹងជួយ | ជ្រែងជាជំនួយ | មិនឱ្យរបូត |
| ទាំងផ្តល់កម្លាំង | រៀងរៀបរហូត | ពូកែមិនអួត | |
| មានអំណាចជាប់ | ។ | ||
| ២៥. | យើងនឹងបញ្ចេញ | ហប្ញទ័យពោរពេញ | ករុណាអាណិត |
| ចំពោះរូបគេ | នឹងបាននែបនិត្យ | ថ្កើងរុងរឿងពិត | |
| ដោយសារនាមយើង | ។ | ||
| ២៦. | យើងនឹងធ្វើឱ្យ | ដាវីឌពេញដោយ | អំណាចថ្កុំថ្កើង |
| រេលើសមុទ្រ | និងត្រួតគ្រប់គ្រង | ដល់ទន្លេផង | |
| ទាំងតូចទាំងធំ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ (២ធម ១,១០)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង បានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៣,២២-៣០)
ពួកធម្មាចារ្យដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖«អ្នកនេះមានបេលសេប៊ូលជាស្តេចខ្មោចនៅក្នុងខ្លួន។ គាត់អាចដេញខ្មោចបានដូច្នេះ ព្រោះស្តេចខ្មោចប្រគល់អំណាចឱ្យ» ។ ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារសាតាំងអាចដេញមារសាតាំងដូមម្តេចកើត?។ ប្រសិនបើពលរដ្ឋក្នុងនគរណាមួយ បែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខបានឡើយ។ ប្រសិនបើក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចស្ថិតស្ថេរគង់វង្សបានដែរ។ ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯងបែកបាក់ទាសតែងនឹងខ្លួនឯង វាមិនអាចស្ថិតស្ថេរគង់វង្សបានឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។ គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្សលោកធ្វើអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសទាំងអស់ រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច។ ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថា “ព្រះអង្គមានខ្មោចនៅក្នុងខ្លួន”។