១០ មីនា ២០២៦

Written on 10/08/2026
Catholic Faith Cambodia

ថ្ងៃអង្គារ រដូវសែសិបថ្ងៃ អាទិត្យទី០៣
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ប្រកបដោយព្រះហប្ញទ័យស្មោះត្រង់ជានិច្ច! សូមព្រះអង្គទ្រង់ព្រះមេត្តាសម្តែងធម៌មេត្តាករុណាចំពោះយើងខ្ញុំតទៅទៀត។ សូមជួយឧបត្ថម្ភយើងខ្ញុំឱ្យស្ម័គ្រចិត្តបម្រើព្រះអង្គជារៀងរាល់ថ្ងៃផង។

សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល (ដន ៣,២៥.៣៤-៤៣)

ព្រះបាទនេប៊ូកាណេសារបញ្ជាឱ្យទម្លាក់លោកអសារីយ៉ានៅក្នុងភ្លើង។ លោកអសារីយ៉ាទូលអង្វរព្រះជាម្ចាស់នៅកណ្តាលភ្លើងថា៖ «បពិត្រព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសយើងខ្ញុំ! សូមព្រះអង្គកុំបោះបង់ចោលយើងខ្ញុំ សូមទ្រង់កុំផ្តាច់សម្ព័ន្ធមេត្រីរបស់ព្រះអង្គឡើយ។ សូមព្រះអង្គនឹកដល់សេចក្តីស្រឡាញ់របស់លោកអប្រាហាំដែលជាមិត្តសម្លាញ់របស់ព្រះអង្គ លោកអ៊ីសាកដែលជាអ្នកបម្រើរបស់ព្រះអង្គ និងលោកអ៊ីស្រាអែលជាអ្នកដ៏វិសុទ្ធរបស់ព្រះអង្គ! ហើយអាណិតអាសូរយើងខ្ញុំផង! កាលពីដើមព្រះអង្គបានសន្យានឹងលោកទាំងបីនោះថា នឹងប្រទានឱ្យលោកមានកូនចៅដ៏ច្រើនឥតគណនាដូចចំនួនផ្កាយនៅលើមេឃ ឬដូចចំនួនគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ។ បពិត្រព្រះអម្ចាស់! ថ្ងៃនេះ យើងខ្ញុំត្រឡប់ទៅជាប្រជាជនមួយដ៏តូចជាងគេបំផុតក្នុងចំណោមប្រជាជនទាំងឡាយ យើងខ្ញុំក៏ត្រូវអាម៉ាស់មុខនៅលើផែនដីទាំងមូលព្រោះ​តែអំពើបាបរបស់យើងខ្ញុំ។ នៅពេលនេះ យើងខ្ញុំគ្មានស្តេច គ្មានព្យាការី គ្មានអ្នកដឹកនាំ រីឯយញ្ញដុតទាំងមូល សក្ការបូជា តង្វាយផ្សេងៗ និងគ្រឿងក្រអូបថ្វាយព្រះអង្គក៏គ្មានដែរ។ យើងខ្ញុំគ្មានកន្លែងយកផលផ្លែដំបូងមកថ្វាយព្រះអង្គ ដើម្បីឱ្យបានគាប់ព្រះហប្ញទ័យព្រះអង្គឡើយ។ សូមព្រះអង្គទទួលចិត្តសោកសង្រេង និងចិត្តសុភាពរាបសារបស់យើងខ្ញុំទុកជាតង្វាយ ហាក់ដូចជាយើងខ្ញុំយកពពែ ឬគោ ឬកូនចៀមដ៏ធាត់រាប់ពាន់ក្បាលមកដុតទាំងមូលថ្វាយព្រះអង្គផង។ សូមឱ្យសក្ការបូជាដែលយើងខ្ញុំថ្វាយនៅថ្ងៃនេះ បានគាប់ព្រះហប្ញទ័យព្រះអង្គ។ សូមព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ ដ្បិតអ្នកដែលជឿសង្ឃឹមលើព្រះអង្គមិនត្រូវខកចិត្តឡើយ។ ឥឡូវនេះ យើងខ្ញុំយកចិត្តទុកដាក់ដើរតាមគន្លងធម៌របស់ព្រះអង្គ គោរពកោតខ្លាចព្រះអង្គ និងស្វែងរកព្រះភក្ត្រព្រះអង្គផង។ សូមព្រះអង្គកុំចោលយើងខ្ញុំឱ្យអាម៉ាស់មុខតទៅទៀត! សូមទ្រង់ព្រះមេត្តាអាណិតអាសូរយើងខ្ញុំតាមព្រះហប្ញទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង។ សូមព្រះអង្គប្រព្រឹត្តការអស្ចារ្យឱ្យបានដូចពីដើម ដើម្បីរំដោះយើងខ្ញុំ។ បពិត្រព្រះអម្ចាស់! សូមទ្រង់សម្តែងព្រះបារមីរបស់ព្រះអង្គ ដើម្បីឱ្យមនុស្សលោកទាំងអស់លើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ»។

ទំនុកតម្កើងលេខ ២៥ (២៤),៤-១០.១៤ បទពាក្យ ៧

​៤ ឱ! ព្រះអម្ចាស់ទូលបង្គំ សូមជួយណែនាំនិងបង្រៀន  
  ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន វិសុទ្ធហួសស្មាននៃព្រះអង្គ ។
៥ សូមជួយអប់រំខ្ញុំឱ្យរស់ តាមក្តីពិតស្មោះព្រះអង្គផង  
  ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ ។
៦ ឱព្រះអម្ចាស់សូមកុំភ្លេច ចាំជាប់ជានិច្ចពេញព្រះទ័យ  
  ដែលធ្លាប់អាណិតពន់ពេកក្រៃ ករុណាប្រណីខ្ញុំជានិច្ច ។
៧ សូមបំភ្លេចបាបនិងកំហុស ដែលខ្ញុំមានទោះច្រើនឬតិច  
  នៅពីក្មេងខ្ចីសូមបំភ្លេច ទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា ។
៨ ព្រះអម្ចាស់មានព្រះហប្ញទ័យ សប្បុរសពេកក្រៃករុណា  
  សូមជួយបង្ហាញពីមាគ៌ា មនុស្សបាបរាល់គ្នាបានស្គាល់ផង ។
៩ ព្រះអង្គនាំមនុស្សដែលមានចិត្ត សុភាពសុចរិតតាមគន្លង  
  មាគ៌ាត្រឹមត្រូវល្អផូរផង់ មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ ។
១០ មាគ៌ារបស់ព្រះអម្ចាស់ សម្តែងយ៉ាងច្បាស់ករុណាធម៌  
  ដល់អ្នកគោរពទោះក្រីក្រ ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ ។
១៤ ព្រះតែងសម្តែងភក្តីភាព អ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ  
  អ្នកដែលកោតខ្លាចទ្រង់សប្បុរស ឱ្យគេទាំងអស់ស្គាល់មេត្រី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ២,១២-១៣)

ប បពិត្រព្រះអម្ចាស់! ជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច យើងខ្ញុំសូមលើកតម្កើងព្រះអង្គ។
គ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ”សូមវិលមករកយើងវិញដោយស្មោះអស់ពីចិត្តមក! យើងមានហប្ញទ័យសប្បុរសមេត្តាករុណា!”។
ប បពិត្រព្រះអម្ចាស់! ជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច យើងខ្ញុំសូមលើកតម្កើងព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៨,២១-៣៥)

ពេលនោះលោកសិលាចូលមកជិតព្រះយេស៊ូ ហើយទូលសួរថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឱ្យគេប៉ុន្មាន​ដង? រហូតដល់ប្រាំពីរដងឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឱ្យគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឱ្យគេចិតសិបដងគុណនឹងប្រាំពីរ។ ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងស្តេចមួយអង្គដែងចង់គិតបញ្ជីជាមួយអ្នកបម្រើ។ ពេលព្រះរាជាចាប់ផ្តើមគិត​បញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។ ដោយអ្នកនោះ​គ្មានប្រាក់សង ស្តេចក៏ចេញបញ្ជាឱ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរ​ដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ អ្នកបម្រើនោះលុតជង្គង់ ក្រាបទៀបព្រះ​បាទាស្តេចទូលអង្វរថា៖ «សូមទ្រង់មេត្តាអត់ឱនពន្យារពេលឱ្យទូលបង្គំផង ទូលបង្គំ​នឹងសងព្រះអង្គវិញគ្រប់ចំនួន»។ ព្រះរាជាមានព្រះហប្ញទ័យអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ព្រះអង្គក៏ឱ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។ ពេលអ្នកបម្រើនោះចេញទៅ គាត់បាន​ជួបនឹងគូកនម្នាក់ដែលជំពាក់ប្រាក់គាត់មួយរយ​ដួង គាត់ចាប់អ្នកនោះច្របាច់កទាំងពោលថា៖ «សងប្រាក់អញទាំងអស់មក!»។ គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះអង្វរថា៖ «សុំអត់ឱនពន្យាពេលឱ្យគ្នាផង គ្នានឹងសង​ឯងវិញគ្រប់ចំនួន។ ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់​អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ អ្នកបម្រើ​ឯទៀតឃើញដូច្នោះ ទាស់ចិត្តជាខ្លាំង ហើយនាំគ្នាយករឿងនេះទៅទូលស្តេច។ ស្តេច​ក៏ហៅអ្នកបម្រើនោះមកសួរថា៖ «នែ៎! អ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង យើងបានអាណិតមេត្តាឯង។ ហេតុ​ដូចម្តេចបានជាឯងពុំព្រមអាណិតមេត្តាដល់គូកនរបស់ឯងផងដូច្នេះ?»។ ស្តេចទ្រង់​ខ្ញាល់ក្រៃលែង ក៏បញ្ជាឱ្យគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុល​គ្រប់ចំនួន។ ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឱ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខក៏នឹងដាក់ទោសដល់អ្នករាល់គ្នាដូច្នោះដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមថ្វាយសក្ការបូជាដែលសង្គ្រោះយើងខ្ញុំ។ សូមឱ្យព្រះយេស៊ូដែលបានបូជាព្រះជន្ម ប្រោសយើងខ្ញុំឱ្យបានជាសះស្បើយ! សូមព្រះអង្គទ្រង់ព្រះមេត្តាទាក់ទាញចិត្តយើងខ្ញុំឱ្យស្វែងរកព្រះអង្គជានិច្ចផង!។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួបរួមជាមួយព្រះគ្រីស្តដែលបានបូជាព្រះជន្ម។ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះគ្រីស្តកាន់តែជិតស្និទ្ធឡើងៗ សូមថែរក្សាការពារយើងខ្ញុំគ្រប់ពេលវេលាផង។