០៤ មីនា ២០២៦

Written on 16/08/2026
Sokhorn Oem

ថ្ងៃពុធ រដូវសែសិបថ្ងៃ អាទិត្យទី០២
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្តឱ្យយើងខ្ញុំ។ យើងខ្ញុំជឿសង្ឃឹមលើព្រះអង្គដែលលើកលែងទោសយើងខ្ញុំជានិច្ច ដោយព្រះហឫទ័យមេត្តាករុណាដ៏លើសលប់។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យ រស់នៅតាមរបៀបដែលគាប់ព្រះហឫទ័យព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (មរ ១៨,១៨-២០)

ពួកអ្នកស្អប់ខ្ញុំ និយាយគ្នាថា៖ «មក! យើងរកឧបាយកលសម្លាប់យេរេមីចោល! ដ្បិតថ្ងៃក្រោយ យើងមិនខ្វះបូជាចារ្យសម្រាប់បង្រៀនធម្មវិន័យ យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្តល់ពាក្យទូន្មាន ហើយយើងក៏មិនខ្វះព្យាការីសម្រាប់ថ្លែងព្រះបន្ទូលព្រះអម្ចាស់ដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យសម្តី កុំយកចិត្តទុកដាក់នឹងសេចក្តីដែលគាត់និយាយនោះអី»។ ឱ! ព្រះអម្ចាស់អើយសូមព្រះអង្គកុំព្រងើយកន្តើយនឹងខ្ញុំឡើយ! សូមស្តាប់ពាក្យរបស់បច្ចាមិត្តរបស់ខ្ញុំ!។ ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើល្អទេ! រីឯពួកគេវិញ ពួកគេបានដាក់អន្ទាក់ចំាដកជីវិតរបស់ខ្ញុំ។ សូមព្រះអង្គនឹកចាំថា ខ្ញុំបានឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ ដើម្បីអង្វរព្រះអង្គ ទូលសូមអង្វរព្រះអង្គបង្វែរព្រះពិរោធចេញពីពួកគេ។

ទំនុកតម្កើងលេខ ៣១(៣០),៥-៦.១៤-១៦ បទកាកគតិ

៥ សូមប្រោសឱ្យរួច ពីពួកមនុស្សខូច ពួនឃ្លាំចាំយាម
  សូមជួយរំដោះ ពីអន្ទាក់ភ្លាម ដ្បិតតែព្រះនាម
    ទ្រង់ជួយការពារ ។
៦ ខ្ញុំសូមប្រគល់ វិញ្ញាណនិមល ថ្វាយអង្គក្សត្រា
  ទៅក្នុងព្រះហស្ត ព្រះម្ចាស់ហើយណា ព្រោះព្រះអង្គជា
    ព្រះទុកចិត្តបាន ។
១៤ ខ្ញុំឮគេពោល ពាក្យបង្កាច់មួល ថាមនុស្សទាំងអស់
  នៅជុំវិញខ្ញុំ មានចិត្តមិនស្មោះ ពួកគេទាំងនោះ
    បម្រុងប្រហារ ។
១៥ បពិត្រព្រះម្ចាស់ ទូលបង្គំភ័យណាស់ សូមផ្ញើជីវ៉ា
  ទៅលើព្រះអង្គ ហើយសូមពោលថា ព្រះអង្គពិតជា
    ព្រះរបស់ខ្ញុំ ។
១៦ អាយុជីវិត របស់ខ្ញុំស្ថិត ដោយក្តីសុខដុម
  នៅក្នុងព្រះហស្ត ព្រះម្ចាស់ឧត្តម សូមរំដោះខ្ញុំ
    ផុតពីដៃខ្មាំង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ៨,១២

ប បពិត្រព្រះយេស៊ូជាអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
គ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក! អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមានពន្លឺនាំទៅកាន់ជីវិត។
ប បពិត្រព្រះយេស៊ូជាអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២០,១៧-២៨) 

ព្រះយេស៊ូបម្រុងនឹងយាងឡើងទៅក្រុងយេរូសាឡឹម ព្រះអង្គនាំសាវ័កទាំងដប់ពីរនាក់ទៅដាច់ឡែកពីគេ។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម។ បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់ពួកនាយកបូជាចារ្យ និងធម្មាចារ្យ។ គេនឹងកាត់ទោសប្រហារជីវិតលោក។ គេនឹងបញ្ជូនលោកទៅក្នុងកណ្តាប់ដៃរបស់សាសន៍ដទៃ ដើម្បីឱ្យពួកនោះចំអកដាក់លោក យករំពាត់វាយលោក ព្រមទាំងឆ្កាងសម្លាប់លោកទៀតផង។ ប៉ុន្តែ បីថ្ងៃក្រោយមកលោកនឹងទទួលជីវិតថ្មី»។ ពេលនោះភរិយារបស់លោកសេបេដេនាំកូនទាំងពីរចូលមកគាត់ក្រាបទៀបព្រះបាទព្រះយេស៊ូ ចង់ទូលសុំអ្វីមួយ។ ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «អ្នកចង់បានអ្វី?» គាត់ទូលព្រះអង្គវិញថា៖ «ដល់ពេលព្រះអង្គគ្រងរាជ្យ សូមឱ្យកូនរបស់ខ្ញុំម្ចាស់អង្គុយអមព្រះអង្គផង គឺម្នាក់នៅខាងស្តាំ ម្នាក់នៅខាងឆ្វេង»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថាខ្លួនសុំអ្វីឡើយ។ តើអ្នកទាំងពីរអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ?» លោកយ៉ាកុប និងលោកយ៉ូហាន​ទូលថា៖​ «យើងខ្ញុំអាចទទួលបាន»។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំមែន ចំណែកឯអង្គុយនៅខាងស្តាំ ឬខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចបានឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអស់អ្នកដែលព្រះបិតាខ្ញុំបានសម្រេចឱ្យប៉ុណ្ណោះ»។ កាលសាវ័កដប់នាក់ទៀតឮដូច្នោះ គេទាស់ចិត្តនឹងបងប្អូនទាំងពីរនាក់ណាស់។ ព្រះយេស៊ូត្រាស់ហៅសាវ័កទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយថា ពួកអ្នកគ្រប់គ្រងស្រុកតែងតែជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើអំណាចលើប្រជារាស្ត្ររបស់ខ្លួនដែរ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវដូច្នោះទេ។ ផ្ទុយទៅវិញ បើមានអ្នកណាម្នាក់ចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នាវិញ។ បើមានអ្នកណាម្នាក់ចង់ធ្វើជាមេគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំរបស់អ្នករាល់គ្នាសិន។ បុត្រមនុស្សមកក្នុងលោកនេះ មិនមែនដើម្បីឱ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សលោកទាំងអស់ផង»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះដោយអនុគ្រោះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួចពីបាប ព្រមទាំងមានសេរីភាពដោយជាប់ចិត្តគំនិតជាមួយព្រះអង្គជានិច្ចផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំធ្វើជាអាហារ គឺព្រះអង្គប្រទានអគ្គសញ្ញាក្នុងលោកនេះឱ្យយើងខ្ញុំជឿថា ព្រះអង្គសព្វព្រះហប្ញទ័យប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំនៅលោកខាងមុខដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។