១២ កុម្ភៈ ២០២៦

Written on 05/09/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី០៥ ឆ្នាំ«គូ» 
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ (១ពង្ស ១១,៤-១៣)

ពេលព្រះបាទសាឡូម៉ូន មានព្រះជន្មកាន់តែចាស់ជរាណាស់ហើយនោះ មហេសី និង​ស្រីស្នំ បានអូសទាញព្រះហឬទ័យព្រះអង្គ ឱ្យទៅគោរពព្រះដទៃ។ ព្រះបាទសាឡូម៉ូនលែងស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាបិតាទៀតហើយ។ ព្រះបាទសាឡូម៉ូនថ្វាយបង្គំព្រះអាស្តាតេ ជាព្រះរបស់ជនជាតិស៊ីដូន និងព្រះមីលកូម ជា ព្រះគួរឱ្យស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។ ព្រះបាទសាឡូម៉ូនបានប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ហើយមិនតាមមាគ៌ារបស់ព្រះអម្ចាស់ទាំងស្រុង ដូច​ព្រះបាទដាវីឌជាបិតាឡើយ។ នៅគ្រានោះ ព្រះបាទសាឡូម៉ូនសង់ទីសក្ការៈមួយនៅលើភ្នំដែលនៅទល់មុខក្រុងយេរូសាឡឹម សម្រាប់ព្រះកេមូស ជាព្រះដ៏គួរឱ្យស្អប់ខ្ពើមរបស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡុក ជាព្រះគួរឱ្យស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។ ព្រះរាជា​សង់ទីសក្ការៈជាច្រើនទៀត សម្រាប់មហេសីទាំងអស់ដែលជាសាសន៍ដទៃ ដើម្បីឱ្យ​ពួកនាងថ្វាយគ្រឿងក្រអូប និងថ្វាយយញ្ញបូជាដល់ព្រះរបស់ខ្លួន។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះបាទសាឡូម៉ូន ដ្បិតទ្រង់បែរព្រះហប្ញទ័យចេញពីព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានយាងមកជួបស្តេចដល់ទៅពីរដងហើយហាមផ្តាច់មិនឱ្យទ្រង់គោរពព្រះដទៃ។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនប្រតិបត្តិតាមបញ្ជារបស់ព្រះអម្ចាស់ឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូន​ថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមក្រឹត្យវិន័យដែលយើងបង្គាប់ដល់អ្នកដែរ យើងនឹងដកយករាជសម្បត្តិពីអ្នកប្រគល់ទៅឱ្យអ្នកបម្រើរបស់អ្នកវិញ។ ប៉ុន្តែ ដោយយល់ដល់ដាវីឌជាបិតារបស់អ្នកយើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹង​ ដកយករាជសម្បត្តិពីកូនរបស់អ្នក។ យើងនឹងមិនដកហូតយករាជាណាចក្រទាំងមូលទេ​គឺយើងនឹងទុកកុលសម្ពន្ធមួយឱ្យកូនរបស់អ្នកគ្រប់គ្រង ដោយយល់ដល់ដាវីឌជាបិតា​របស់អ្នក និងយល់ដល់យេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស»។

ទំនុកតម្កើងលេខ ១០៦ (១០៥),៣-៤.៦.៣៥-៣៧.៣៩-៤០ បទពាក្យ ៧

៣ អ្នកណាប្រព្រឹត្តយុត្តិធម៌ សុចរិតស្មោះសរឥតខកខាន  
  គ្រប់ពេលវេលានោះនឹងបាន ជួបក្តីសុខសាន្តគ្មានសៅហ្មង ។
៤ បពិត្រព្រះជាអម្ចាស់ថ្លៃ ពេលគាប់ព្រះទ័យរាស្រ្តព្រះអង្គ  
  សូមនឹកដល់ទូលបង្គំផង កុំបោះកុំបង់ខ្ញុំកំព្រា ។
៦ យើងខ្ញុំបានធ្វើអំពើបាប អាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ  
  ដូចបុព្វបុរសកន្លងទៅ ធ្វើរឿងអាស្រូវមិនទំនង ។
៣៥ ពួកគេបែរទៅជាប់ព័ន្ធពាក់ ជាមួយពួកអ្នកសាសន៍នានា  
  ហើយគេបានរៀនតៗគ្នា ប្រព្រឹត្តពាលាតាមសាសន៍ផ្សេង ។
៣៧ គេយកបុត្រភ្ញារទាំងស្រីប្រុស ធ្វើយញ្ញទាំងខុសគ្មានអៀនខ្មាស  
  ទៅថ្វាយអារក្សដោយផ្តេសផ្តាស ថ្វាយទៅដល់ព្រះមិនដឹងអី ។
៣៩ អំពើដែលពួកគេប្រព្រឹត្ត ធ្វើឱ្យដក់ដិតរៀងរហូត  
  គេបានក្បត់ព្រះតែមួយគត់ ព្រោះគេមានពុតមិនព្រមកែ ។
៤០ ពេលនោះព្រះអម្ចាស់មិនទ្រាំ នឹងប្រជាជនទ្រង់ទៀតទេ  
  ទ្រង់ព្រះពិរោធនឹងពួកគេ ដែលជាប្រជាផ្ទាល់ព្រះអង្គ  

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យក ១,២១)

អាលេលូយ៉ា! អាលេលូយ៉ា!
យើងត្រូវតែទទួលព្រះបន្ទូលដែលព្រះជាម្ចាស់​បានបណ្តុះក្នុងយើង ព្រះបន្ទូលនេះអាចសង្រ្គោះយើងបាន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៧,២៤-៣០)

ព្រះយេស៊ូយាងទៅកាន់តំបន់ជិតក្រុងទីរ៉ូស។ ព្រះអង្គយាងចូលក្នុងផ្ទះមួយ ទ្រង់ពុំ​ចង់ឱ្យនរណាដឹងថា ទ្រង់គង់នៅទីនោះឡើយ តែលាក់មិនជិត។ ភ្លាមនោះ ស្ត្រី​ម្នាក់ដែលកូនស្រីមានខ្មោចចូល បានឮគេនិយាយអំពីព្រះយេស៊ូ នាងមកក្រាបទៀប​ព្រះបាទទាព្រះអង្គ។ ស្ត្រីនោះជាសាសន៍ក្រិក មានកំណើតនៅភេនីស៊ី ក្នុងស្រុកស៊ីរី។ នាងទូលសូមព្រះយេស៊ូ ឱ្យដេញខ្មោចចេញពីកូននាង។ ព្រះយេស៊ូមានព្រះបន្ទូល​ទៅនាងថា៖ «ត្រូវទុកឱ្យកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់​កូនចៅបោះទៅឱ្យកូនឆ្កែស៊ីឡើយ»។ នាងទូលព្រះអង្គថា៖ «ពិតមែនហើយលោក​ម្ចាស់! ប៉ុន្តែ កូនឆ្កែនៅក្រោមតុ វាស៊ីកម្ទេចអាហារដែលកូនក្មេងធ្វើឱ្យជ្រុះនោះបាន»។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ដោយនាងនិយាយដូច្នេះ ចូរនាង​វិលត្រឡប់ទៅវិញចុះ ខ្មោចបានចេញពីកូននាងហើយ»។ ពេលស្ត្រីនោះមកដលើផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតខ្មោចបានចេញពីក្មេងនោះហើយ។