០៤ កុម្ភៈ ២០២៦

Written on 13/09/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី០៤ ឆ្នាំ«គូ» 
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (២សម ២៤,២.៩-១៧)

ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពថា៖ «ចូរលោកធ្វើដំណើរទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល គឺចាប់ពីក្រុងដាន់ រហូតទៅ​ដល់ក្រុងបៀរសេបា ហើយធ្វើជំរឿនប្រជាជន ដ្បិតយើងចង់ដឹងថា ពួកគេមានចំនួន​ប៉ុន្មាន»។ លោកយ៉ូអាប់ចូលទៅទូលស្តេចអំពីចំនួនប្រជាជន គឺនៅស្រុកអ៊ីស្រាអែលមានបុរសអាចបម្រើកងទ័ពប្រាំបីសែននាក់ និងនៅស្រុកយូដាមានចំនួនប្រាំសែននាក់។ ព្រះបាទដាវីឌដឹងខ្លួនប្រព្រឹត្តខុស ដោយបានធ្វើជំរឿនប្រជាជនដូច្នេះ ទ្រង់ទូល​ព្រះអម្ចាស់ថា៖​«បពិត្រព្រះអម្ចាស់! ទូលបង្គំបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូម​ព្រះអង្គអត់ទោសឱ្យទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំង​ស្រុង!»។ នៅថ្ងៃបន្ទាប់ ពេលព្រះបាទដាវីឌតើនឡើយ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្យាការីកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌដូចតទៅ៖ «ចូរទៅប្រាប់ស្តេច​ដាវីឌថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅនេះ “យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់ដាក់ទោសអ្នក ចូររើសយកមួយចុះ!”»។ លោកកាដចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលថា៖ «តើព្រះករុណាសព្វព្រះហប្ញទ័យឱ្យស្រុកកើតទុរ្ភិក្សអស់រយៈប្រាំពីរឆ្នាំ ឬក៏ព្រះករុណាត្រូវបាក់ទ័ពរត់នៅមុខខ្មាំងសត្រូវអស់រយៈពេលបីខែ ឬក៏ចង់ឱ្យជំងឺអាសន្នរោគកើតឡើយនៅក្នុងស្រុក​អស់រយៈពេលបីថ្ងៃ? សូមព្រះករុណាពិចារណាមើលចុះ រួចសូមទ្រង់មានរាជឱង្ការ​ប្រាប់ទូលបង្គំ ដើម្បីឱ្យទូលបង្គំនាំចម្លើយទៅទូលថ្វាយព្រះជាម្ចាស់ដែលចាត់ទូលបង្គំ​ឱ្យមក»។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងមានចិត្តតប់ប្រមល់ខ្លាំងណាស់! យើងស៊ូធ្លាក់ក្នុងកណ្តាប់ដៃរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ក្នុងកណ្តាប់ដៃរបស់មនុស្ស ដ្បិតព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាដ៏ធំធេង»។ ព្រះអម្ចាស់ធ្វើឱ្យជម្ងឺអាសន្នរោគកើតឡើងក្នុងស្រុងអ៊ីស្រាអែល ចាប់តាំងពីព្រឹក​នោះ រហូតដល់ពេលកំណត់។ ពីក្រុងដាន់ដល់ក្រុងបៀរសេបា មានប្រជាជនស្លាប់ទាំងអស់ប្រាំពីរម៉ឺននាក់។ កាលទេវទូលលើកដៃឡើងបម្រុងនឹងបំផ្លាញក្រុងយេរូសាឡឹម​ ព្រះអម្ចាស់ប្រែព្រះហប្ញទ័យ មិនព្រមដាក់ទោសក្រុងនេះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវទូតដែលកំពុងបំផ្លាញប្រជាជនថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារ​ទៅ!»។ ពេលនោះទេវទូតរបស់ព្រះអម្ចាស់ស្ថិតនៅជិតលាន​បោកស្រូវរបស់លោកអរ៉ូណា ជាជនជាតិយេប៊ូស។ កាលព្រះបាទដាវីឌឃើញទេវទូតប្រហារជីវិតប្រជាជន​ដូច្នេះ ទ្រង់ក៏ទូលព្រះអម្ចាស់ថា៖ «ទូលបង្គំទេតើដែលបានប្រព្រឹត្តអំពើបាប! ទូលបង្គំ​បានប្រព្រឹត្តខុស រី​ឯប្រជាជននេះវិញ ពុំបានធ្វើអំពើអាក្រក់ណាទេ សូមព្រះអង្គដាក់ទោសទូលបង្គំ និងក្រុមគ្រួសារទូលបង្គំចុះ!»។

ទំនុកតម្កើងលេខ ៣២ (៣១),១-២.៥-៧ បទព្រហ្មគីតិ

អ្នកដែលព្រះម្ចាស់ លើកលែងទោសប្រោសប្រណី  
  រួចពីបាបទុក្ខភ័យ មានសេរីសុខមង្គល
អស់អ្នកដែលព្រះម្ចាស់ មិនចាប់ទោសផុតអំពល់  
  គ្មានចិត្តវៀចវិលវល់ មានមង្គលសុខឥតល្ហែ
រូបខ្ញុំបានសារភាព អំពើបាបមុខព្រះអង្គ  
  ខ្ញុំមិនលាក់លៀមសោះ នូវកំហុសខ្ញុំនោះឡើយ
  ទូលបង្គំពោលថា ខ្ញុំនេះណាសារភាពហើយ  
  ទោសខ្ញុំធ្ងន់ឥតស្បើយ ទ្រង់លើកឱ្យរួចពីបាប
ហេតុនេះហើយបានជា អ្នករាល់គ្នាប្រណិប័តន៍ក្រាប  
  ព្រះម្ចាស់ជាដរាប ជាប់រៀងរៀបមិនភិតភ័យ
  ទោះជាមានកង្វល់ ជួបព្យុះខ្យល់ទឹកជក់ក្តី  
  ព្រះម្ចាស់តែងប្រណី មិនឱ្យក្ស័យឬលិចលង់
ព្រះអង្គជាជំរក ឱ្យខ្ញុំជ្រកមិនឱ្យហ្មង  
  ការពាររូបខ្ញុំផង កំចាត់បង់អាសន្នភ័យ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១០,២៧)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គ​ជាគង្វាលដ៏ពិតប្រាកដ! យើងខ្ញុំស្តាប់ព្រះសូរសៀងព្រះអង្គ យើងខ្ញុំដើរតាមព្រះអង្គ​។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៦,១-៦)

ព្រះយេស៊ូយាងទៅភូមិស្រុករបស់ព្រះអង្គ។ ក្រុមសាវ័កក៏ទៅតាមព្រះអង្គដែរ។ លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងធម្មសាលា។ មនុស្សជាច្រើនដែលបានស្តាប់ព្រះអង្គងឿងឆ្ងល់ក្រៃលែង។ គេនិយាយថា៖ «តើគាត់ដឹងសេចក្តី​ទាំងនេះមកពីណា? ប្រាជ្ញាដែលគាត់បានទទួលនេះជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែល​គាត់បានធ្វើនេះ កើតឡើយដោយវិធីណា?។ តើអ្នកនេះមិនមែនជាជាងឈើ ជាកូន​នាងម៉ារី ជាបងប្អូនរបស់យ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬអី? បងប្អូនស្រីរបស់​គាត់ទាំងប៉ុន្មានក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយ បានជា​គេមិនអាចជឿព្រះអង្គបានឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា​គេមើលងាយព្យាការីតែក្នុងស្រុកកំណើត ក្នុងក្រុមគ្រួសារ និងក្នុងផ្ទះរបស់លោក​ប៉ុណ្ណោះ»។ នៅទីនោះ ព្រះយេស៊ូពុំអាចធ្វើការអស្ចារ្យអ្វីបានឡើយ បានត្រឹមតែដាក់​ព្រះហស្តលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេឱ្យបានជាប៉ុណ្ណោះ។ ព្រះអង្គនឹកឆ្ងល់ដោយឃើញគេគ្មានជំនឿបែបនេះ។