៣០ មករា ២០២៦

Written on 18/09/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី០៣ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (២​សម ១១,១-១០.១៣-១៧)

នៅគ្រាដែលស្តេចនានាមានទម្លាប់ចេញទៅធ្វើសឹក ព្រះបាទដាវីឌចាត់លោកយ៉ូអាប់​ព្រមទាំងនាយទាហាន និងកងទ័ពអ៊ីស្រាអែលទាំងមូល ឱ្យចេញទៅច្បាំងនឹងជន​ជាតិអាំម៉ូន។ ពួកគេបានកំទេចស្រុកនោះ ហើយឡោមព័ទ្ធក្រុងរ៉ាបា។ រីឯព្រះបាទ​ដាវីឌ ទ្រង់គង់នៅក្រុងយេរូសាឡឹម។ មានថ្ងៃមួយ នៅពេលរសៀល ព្រះបាទដាវីឌ​តើនពីផ្ទំ ហើយទ្រង់យាងកំសាន្តតាមថែវ ដែលនៅជាន់ខាងលើព្រះដំណាក់។ ទ្រង់ទត​ឃើញស្ត្រី​ម្នាក់កំពុងមុជទឹក ស្ត្រីនោះមានរូបឆោមល្អណាស់។ ស្តេចក៏ស៊ើបសួរពីស្រ្តី​នោះ គេ​ទូលថា៖«នាងឈ្មោះបាតសេបា ជាកូនរបស់លោកអេលីយ៉ាំ ហើយជា​ប្រ​ពន្ធ​របស់លោកអ៊ូរី ជាជនជាតិហេត»។ ព្រះបាទដាវីឌចាត់គេឱ្យទៅនាំនាងមក នាងមកឯ​ដំណាក់ស្តេច ហើយស្តេចក៏រួមដំណេកជាមួយនាង រួចនាងវិលត្រឡប់ទៅផ្ទះវិញ។ នាង​បាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឱ្យទៅទូលព្រះបាទដាវីឌថា៖ «ខ្ញុំម្ចាស់មាន​គភ៌​ហើយ»។ ពេលនោះ ព្រះបាទដាវីឌចាត់គេឱ្យទៅប្រាប់លោកយ៉ូអាប់ថា «ចូរបញ្ជូន​អ៊ូរី ជាជនជាតិហេតមកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។ លុះ​លោកអ៊ូរីមកដល់ព្រះបាទដាវីឌសាកសួរដំណឹងពីលោកយ៉ូអាប់ និងកងទ័ព ព្រមទាំង​សភាពការណ៍សឹក។ បន្ទាប់មក ទ្រង់មានរាជឱង្ការថា៖ «ចូរលោកត្រឡប់ទៅផ្ទះ ហើយទៅរួមសុខទុក្ខជាមួយគ្រួសារចុះ»។ លោកអ៊ូរីចាកចេញពីដំណាក់ ហើយស្តេចក៏ឱ្យគេយកអំណោយទៅជូនលោកតាមក្រោយ។ ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះ​ទេ គឺលោកទទួលទានដំណេកជាមួយពួកទាហាននៅខ្លោងទ្វារដំណាក់ស្តេច។ មានគេទូលព្រះបាទដាវីឌថា៖«លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ» ពេលនោះ ស្តេចសួរ​លោកអ៊ូរី​ថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។ ព្រះបាទដាវីឌអញ្ជើញលោកមកជប់លៀងរួមតុព្រមទាំងបង្អកស្រាលោកឱ្យស្រវឹង​ថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅទទួលទានដំណេកជាមួយនាយទាហានរបស់លោកដដែល គឺលោកពុំបានវិលត្រឡប់ទៅផ្ទះរបស់លោកទេ។ ព្រលឹមឡើង ព្រះបាទដាវីឌសរសេរសំបុត្រមួយផ្ញើទៅលោក យ៉ូអាប់ តាមរយៈលោក​អ៊ូរី។ ក្នុងសំបុត្រនោះ ទ្រង់សរសេរថា៖«ចូរដាក់អ៊ូរីឱ្យនៅសមរភូមិមុខ ត្រង់កន្លែង​ដែលក្តៅបំផុត រួចដកទ័ពថយមកវិញ ដោយទុកឱ្យគាត់នៅតែម្នាក់ឯង ដើម្បីឱ្យបច្ចាមិត្រប្រហារជីវិតគាត់»។ លោកយ៉ូអាប់សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ ហើយដាក់លោកអ៊ូរីនៅកន្លែងដែលលោកដឹងថាមានសត្រូវខ្លាំងពូកែ។ កងទ័ពត្រូវចេញមកច្បាំងទល់នឹងកងទ័ពរបស់លោកយ៉ូអាប់។ ពួកគេសម្លាប់ពលទាហានខ្លះ​ក្នុងជួរទ័ពរបស់ព្រះបាទដាវីឌ រីឯលោកអ៊ូរីជាជនជាតិហេតក៏ស្លាប់ដែរ។

ទំនុកតម្កើងលេខ ៥១ (៥០),៣-៧.១០-១១ បទពាក្យ ៧

៣. ឱព្រះជាម្ចាស់ទូលបង្គំ សូមលើកទោសខ្ញុំហើយមេត្តា  
  តាមព្រះហប្ញទ័យករុណា លើសលប់អស្ចារ្យព្រះអង្គផង
  សូមលើកទោសឱ្យទូលបង្គំ ផុតទុក្ខក្រៀមក្រំគ្រានេះម្តង  
  ព្រះទ័យអាណិតអាសូរផង ព្រោះតែព្រះអង្គឥតមានខ្ចោះ
៤. សូមជួយលុបលាងខ្ញុំឱ្យជ្រះ ឱ្យស្អាតស្រឡះពីកំហុស  
  ជួយជម្រះខ្ញុំស្អាតផងចុះ ឱ្យបរិសុទ្ធអស់អំពើបាប
៥. ទូលបង្គំដាក់ខ្លួនសុំទទួល ឥតមានប្រែប្រួលសុំសារភាព  
  រូបទូលបង្គំបានសាងបាប ដិតដល់នៅជាប់ក្នុងអារម្មណ៍
៦. ទូលបង្គំប្រព្រឹត្តអំពើទាស់ ព្រះហប្ញទ័យស្មោះព្រះនៃខ្ញុំ  
  ហើយបានប្រព្រឹត្តរឿងមិនសម​ ក្បត់ព្រះឧត្តមធ្វើពាលា
  ទោះជាព្រះអង្គដាក់ទុក្ខទោស ទៅតាមកំហុសខ្ញុំយ៉ាងណា  
  ទ្រង់នៅសុចរិតបរិសុទ្ធថ្លា ទោះជាម្តេចម្តាទ្រង់គ្មានខុស
៧. ខ្ញុំមានកំហុសពីកំណើត តាំងតែពីកើតមកឯណោះ  
  បាបខ្ញុំជាប់ប្រាណមិនចេះអស់ មកទល់ពេលនេះមិនរសាយ
១០. សូមប្រាប់ឱ្យទូលបង្គំដឹង ថាព្រះអង្គហ្នឹងអត់ទោសពៃរ៍  
  នោះខ្ញុំនឹងមានអំណរក្រៃ ចិត្តសោករីងរៃប្រែរីករាយ
១១. ព្រះម្ចាស់អើយសូមកុំទតមក បាបច្រើនគរគោកខ្ញុំនោះឡើយ  
  សូមលុបកំហុសដែលមានហើយ ឱ្យបានធូរស្បើយល្អបំផុត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានព្រោះព្រះបន្ទូលព្រះអង្គក្នុងដួងចិត្តយើង។ អ្នកទទួលព្រះបន្ទូលនេះនឹងធ្វើឱ្យព្រះបន្ទូលនេះបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៤,២៦-៣៤)

ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ដែលព្រោះស្រូវពូជនៅក្នុងស្រែរបស់ខ្លួន។ ទោះបីគាត់ដេកក្តី ក្រោកក្តី យប់ក្តី​ ថ្ងៃក្តី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំដឹងថា គ្រប់ពូជនោះដុះរបៀប​ណាឡើយ ដ្បិតដីធ្វើឱ្យពូជបង្កើតផលដោយខ្លួនឯង មុនដំបូងមាពន្លកលេចឡើង​បន្ទាប់​មក ក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។ លុះស្រូវទុំ គេយកកណ្តៀវមកច្រូត ដ្បិតដល់រដូវច្រូតហើយ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូច​ព្រះ​រាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណាមកប្រដូចនឹងព្រះរាជ្យ​របស់ព្រះអង្គ? ព្រះរាជ្យរបស់ព្រះជាម្ចាស់ ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង។ កាល​គេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ លុះព្រោះរួចហើយ​គ្រាប់ពូជនោះក៏ដុះឡើង ធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ អាចឱ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។ ព្រះយេស៊ូតែងប្រកាសព្រះបន្ទូល ដោយប្រើពាក្យប្រស្នារបៀបនេះ តាមតែគេអាច​​យល់បាន។ ព្រះអង្គតែងមានព្រះបន្ទូលទៅគេ សុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែ ពេលនៅ​ដាច់ឡែកពីបណ្តាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ក្រុមសាវ័ក។