ថ្ងៃអាទិត្យ រដូវធម្មតា អាទិត្យទី០៣ ឆ្នាំ«ក»
ពណ៌បៃតង
បុណ្យគោរព សន្តប៉ូលប្រែចិត្តជឿលើព្រះយេស៊ូ
សូមចុចទីនេះ
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៨,២៣-៩,៣)
កាលពីមុន ព្រះអម្ចាស់បានធ្វើឱ្យតំបន់សាប៊ូឡូន និងតំបន់ណែបថាលីត្រូវអាម៉ាស់ តែទៅអនាគត ព្រះអង្គនឹងប្រទានឱ្យស្រុកនៅតាមឆ្នេរសមុទ្រ ស្រុកនៅខាងកើតទន្លេយ័រដាន់ និងស្រុកកាលីឡេ ដែលសាសន៍ដទៃរស់នៅបានរុងរឿងឡើង។ ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច មានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នកដែលរស់នៅក្រោមអំណាចនៃសេចក្តីស្លាប់។ បពិត្រព្រះអម្ចាស់! ព្រះអង្គប្រោសប្រទានឱ្យប្រជាជាតិនេះបានចម្រើនឡើង ព្រមទាំងឱ្យគេមានអំណរដ៏លើសលប់។ គេនឹងសប្បាយរីករាយនៅចំពោះព្រះភក្រ្តព្រះអង្គ ដូចគេសប្បាយនៅរដូវចម្រូត ឬដូចនៅពេលចែកជ័យភណ្ឌដែរ។ ព្រះអង្គបំបាក់នឹមដែលខ្មាំងសត្រូវដាក់លើគេ ព្រះអង្គរំដោះគេឱ្យរួចពីការជិះជាន់សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចកាលពីសម័យដែលព្រះអង្គរំដោះបុព្វបុរសរបស់គេឱ្យរួចពីកណ្តាប់ដៃនៃជនជាតិម៉ាឌីយ៉ានដែរ។
ទំនុកតម្កើងលេខ ២៧ (២៦), ១-២.៤.១៣-១៤ បទពាក្យ ៧
| ១ | ព្រះអម្ចាស់ទ្រង់ជាពន្លឺ | នាមល្បីរន្ទឺព្រះសង្គ្រោះ | |
| មិនឱ្យខ្ញុំខ្លាចនរណាសោះ | ជាកំពែងខ្ពស់ជួយជីវិត | ។ | |
| ២ | ពេលពួកជនពាលជាបច្ចា | រូតរះម្នីម្នាចូលមកជិត | |
| ពួកគេចង់មកផ្តាច់ជីវិត | តែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល | ។ | |
| ៤ | ខ្ញុំទូលព្រះម្ចាស់នូវសេចក្តី | តែមួយគត់ខ្លីឱ្យបានច្បាស់ | |
| គឺចង់ស្នាក់នៅដំណាក់ព្រះ | ឥតមានក្រឡាស់មួយជីវិត | ។ | |
| ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ | ប្ញទ្ធានុភាពថ្កុំថ្កើងពិត | ||
| នឹងថ្វាយបង្គំម្ចាស់ជីវិត | ព្រះអង្គគង់ស្ថិតក្នុងវិហារ | ។ | |
| ១៣ | ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន | ឃើញសុខក្សេមក្សាន្តមិនអាស្រូវ | |
| មង្គលកើតពីព្រះម្ចាស់នៅ | ក្នុងលោកតទៅជាមិនខាន | ។ | |
| ១៤ | ចូរទុកចិត្តលើព្រះអម្ចាស់ | ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន | |
| ចូរមានកម្លាំងចិត្តក្លាហាន | នោះអ្នកនឹងមានសុខមង្គល | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ១,១០-១៣.១៧)
បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមទូន្មានបងប្អូនក្នុងព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើងថា ចូរមានចិត្តថ្លើមតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសម្រុងគ្នាទាំងស្រុង ដោយមានគំនិតតែមួយ និងមានយោបល់តែមួយ។ ខ្ញុំទទួលដំណឹងដោយសារក្រុមគ្រួសាររបស់នាងក្លូអេថា មានកើតការទាស់ទែងគ្នាក្នុងចំណោមបងប្អូន គឺម្នាក់ពោលថា “ខ្ញុំជាកូនចៅរបស់លោកប៉ូល! ”ម្នាក់ទៀតថា“ ខ្ញុំជាកូនចៅរបស់លោក អប៉ូឡូស!” ម្នាក់ទៀតថា “ខ្ញុំជាកូនចៅរបស់លោកកេផាស!” រីឯខ្ញុំវិញ ខ្ញុំជាកូនចៅរបស់ព្រះគ្រីស្ត!។ តើព្រះគ្រីស្តបែងចែកជាភាគច្រើនឬ? តើប៉ូលឬ ដែលគេឆ្កាងសម្រាប់បងប្អូន? ឬមួយក៏បងប្អូនបានទទួលពិធីជ្រមុជទឹកក្នុងនាមប៉ូល? ព្រះគ្រីស្តពុំបានចាត់ខ្ញុំឱ្យមកធ្វើពិធីជ្រមុជទឹកទេ គឺទ្រង់ចាត់ខ្ញុំឱ្យប្រកាសដំណឹងល្អវិញ។ ប៉ុន្តែ ខ្ញុំប្រកាសដំណឹងល្អ មិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញា ក្រែងធ្វើឱ្យការសោយទិវង្គតរបស់ព្រះគ្រីស្តនៅលើឈើឆ្កាងទៅជាអសារឥតការនោះឡើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (លក ១,៦៨-៧៩)
អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់យើង! ព្រះអង្គសព្វព្រះហប្ញទ័យចាត់ពន្លឺឱ្យយាងមកបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងភាពងងឹត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ៤,១២-១៧)
កាលព្រះយេស៊ូជ្រាបដំណឹងថា គេចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយ ព្រះអង្គភៀសចេញទៅស្រុកកាលីឡេ។ ព្រះអង្គចាកចេញពីភូមិណាសារ៉ែតទៅស្នាក់នៅក្រុងកាផានុមជិតមាត់សមុទ្រក្នុងតំបន់សាប៊ូឡូន និងតំបន់ណែបថាលី ដើម្បីឱ្យបានស្របនឹងសេចក្តីដែលមានចែងទុកដោយសារព្យាការីអេសាយថា៖ «ដែនដីសាប៊ូឡូន និងដែនដីណែបថាលីដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ! ស្រុកខាងនាយទន្លេយ័រដាន់ ស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅអើយ! ប្រជាជនដែលអង្គុយនៅក្នុងទីងងឹតបានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយលេចឡើង បំភ្លឺអស់អ្នករស់ក្នុងស្រុកដែលស្ថិតនៅក្រោមអំណាចនៃសេចក្តីស្លាប់»។ តាំងពីគ្រានោះមក ព្រះយេស៊ូចាប់ផ្តើមប្រកាសថា៖ «ចូរប្រែចិត្តគំនិត ដ្បិតព្រះរាជ្យនៃស្ថានបរមសុខនៅជិតបង្កើយហើយ!»។