ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី០២ ឆ្នាំ«គ»
ពណ៌ស
បុណ្យរម្លឹក សន្តហ្រ្វង់ស័រ នៅសាល
ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
សូមចុចទីនេះ
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (២សម ១,១-៤.១១-១២.១៩.២៣-២៧)
កាលព្រះបាទសាអ៊ូលសោយទិវង្គតផុតទៅ ដោកដាវីឌវាយឈ្នះជនជាតិអាម៉ាឡេក ហើយវិលត្រឡប់មកក្រុងស៊ីឡាក់វិញ លោកក៏ស្នាក់នៅក្រុងនោះពីរថ្ងៃ។ នៅថ្ងៃទីបីមានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសាអ៊ូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាលជាសញ្ញាកាន់ទុក្ខ។ កាលបានជួបលោកដាវីឌហើយ គាត់ក្រាបថ្វាយបង្គំ។ លោកដាវីឌសួរថា៖« អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទភៀកខ្លួនចេញពីជំរំអ៊ីស្រាអែល»។ លោកដាវីឌសួរទៀតថា៖ «តើមានរឿងអ្វីកើតឡើង? ចូររៀបរាប់ប្រាប់ខ្ញុំមកមើល៍!»។ បុរសនោះឆ្លើយថា៖«ទាហានអ៊ីស្រាអែលបាក់ទ័ពរត់ខ្ចាត់ខ្ចាយនៅពេលប្រយុទ្ធ ហើយទាហានជាច្រើនស្លាប់ សូម្បីតែព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថានជាបុត្រ ក៏សោយទិវង្គតដែរ»។ លោកដាវីឌចាប់ហែកសម្លៀកបំពាក់របស់លោក អស់អ្នកដែលនៅជាមួយលោក ដ៏ធ្វើដូចលោកដែរ។ ពួកគេកាន់ទុក្ខ យំសោក និងតមអាហាររហូតដល់ល្ងាច ដើម្បីរំលឹកដល់ព្រះបាទសាអ៊ូល សម្តេចយ៉ូណាថានជាបុត្រ ព្រមទាំងកងទ័ពរបស់ព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែលដែលបានបូជាជីវិតនៅលើសមរភូមិ។
លោកដាវីឌស្មូតពាក្យទំនួញដូចតទៅ៖ «អ៊ីស្រាអែលអើយ! ហេតុអ្វីបានជាវិរជនរបស់អ្នកត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងនេះ? ហេតុអ្វីបានជាទាហានដ៏ខ្លាំងត្រូវបាត់បងជីវិតដូច្នេះ? ព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថាន ជាមនុស្សគួរឱ្យស្រឡាញ់ និងគោរពរាប់អាន ពេលរស់គឺរស់ជាមួយគ្នា ហើយពេលសោយទីវង្គតក៏សោយទីវង្គតជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចឥន្រ្តី ហើយខ្លាំងដូចសិង្ហ។ ឱកូនស្រីនៃជនជាតិអ៊ីស្រាអែលអើយ ចូរយំស្រណោះព្រះបាទសាអ៊ូលទៅ ព្រោះទ្រង់តែងប្រទានឱ្យពួកនាងមានសម្លៀកបំពាក់ដ៏រុងរឿង ត្រចះត្រចង់ព្រមទាំងមានរំយោលមាសទៀតផង។ ហេតុអ្វីបានជាទាហានដ៏ខ្លាំងពូកែត្រូវស្លាប់ក្នុងពេលប្រយុទ្ធដូច្នេះ?។ ហេតុអ្វីបានជាសម្តេចយ៉ូណាថានត្រូវខ្មាំងវាយប្រហារនៅលើកំពូលភ្នំដូច្នេះ?។ បងយ៉ូណាថានអើយ! ខ្ញុំឈឺចុកចាប់ខ្លោចផ្សា ដោយសារបាត់បង់រូបបង បងមានតម្លៃសម្រាប់ខ្ញុំណាស់ សេចក្តីស្រឡាញ់របស់បង ប្រសើរជាងសេចក្តីស្រលាញ់របស់ស្រីៗទៅទៀត។ ហេតុអ្វីបានជាទាហានដ៏ខ្លាំងពូកែត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាវីរបុរសដ៏ឆ្នើមត្រូវិនាសអន្តរាយអស់ដូច្នេះ?»។
ទំនុកតម្កើងលេខ ៨០ (៧៩),២-៣.៥-៧) បទព្រហ្មគីតិ
| ២. | ព្រះម្ចាស់ជាគង្វាល | អ៊ីស្រាអែលសូមសណ្តាប់ | |
| ពូជពង្សលោកយ៉ូសែប | ដែលព្រះអង្គបានដឹកនាំ | ។ | |
| ដូចជាអ្នកគង្វាល | ចាំយាមឃ្វាលចៀមថែទាំ | ||
| គេរស់ដោយសុខដុម | សូមសម្តែងព្រះបារមី | ។ | |
| ៣. | ឱ្យពួកកុលសម្ព័ន្ធ | អេប្រាអ៊ីមឃើញស្នាដៃ | |
| និងជាតិផ្សេងៗក្តី | សូមទ្រង់លៃជួយសង្គ្រោះ | ។ | |
| ៥. | បពិត្រព្រះជាម្ចាស់ | ទ្រង់ជាព្រះគង់ខ្ពស់ឆ្ងាយ | |
| ខ្ពស់ហួសព្រះទាំងឡាយ | ម្តេចមិនស្រាយពិរោធចេញ | ។ | |
| ៦. | មេ្តចទ្រង់មកដាក់ទោស | ចាប់កំហុសយើងទៅវិញ | |
| ឱ្យទឹកភ្នែកហូរចេញ | ដូចគង្គាមិនចេះចប់ | ។ | |
| ៧. | ទ្រង់ធ្វើឱ្យប្រជា | ជិតខាងគ្នាឈ្លោះសំអប់ | |
| ដណ្តើមមិនចេះស្កប់ | យកទឹកដីរបស់យើង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (កក ១៦,១៤)
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យស្វែងរកព្រះបន្ទូលរបស់ព្រះបុត្រាព្រះអង្គដោយក្តីស្រឡាញ់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៣,២០-២១)
ព្រះយេស៊ូយាងចូលផ្ទះ ហើយបណ្តាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឱ្យព្រះអង្គ និងក្រុមសាវ័ករកពេលបរិភោគមិនបានសោះ។ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមកដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ ។