២ម៉ាកាបាយ ៤

Written on 22/12/2025
Boy KANN

ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ធ្វើ​ទុក្ខ​បុក​ម្មេញ​ជន​ជាតិ​យូដា

លោក​ស៊ីម៉ូន​ចោទ​ប្រកាន់​លោក​អូនីយ៉ាស
 លោក​ស៊ីម៉ូន​ដែល​បាន​រាយ‌ការណ៍​អំពី​ឃ្លាំង​ប្រាក់ និង​អំពី​ប្រទេស​ជាតិ នៅ​តែ​មូល​បង្កាច់​លោក​អូនីយ៉ាស ដោយ​ពោល​ថា លោក​បាន​វាយ​ធ្វើ​បាប​លោក​អេលី‌យ៉ូដ័រ និង​បង្ក​ហេតុ​អាក្រក់​ទាំង​នោះ​ផង។  ទោះ​បី​លោក​អូនីយ៉ាស ជា​អ្នក​ធ្វើ​អំពើ​ល្អ​ដល់​ទីក្រុង​ក្តី ជា​អ្នក​ការ‌ពារ​បង‌ប្អូន​រួម​ជាតិ​ក្តី និង​ជា​អ្នក​កាន់​វិន័យ​ដោយ​ចិត្ត​ស្មោះ​ក្តី ក៏​លោក​ស៊ីម៉ូន​ហ៊ាន​ចោទ​ប្រកាន់​លោក​អូនីយ៉ាស​ថា ជា​ជន​ឃុប​ឃិត​ប្រឆាំង​នឹង​រដ្ឋ​អំណាច។  លោក​ស៊ីម៉ូន​ស្អប់​លោក​អូនីយ៉ាស​កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​គាត់​រើស​ជន​ខ្លះ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឃាត​កម្ម​ក្នុង​ក្រុង។  លោក​អូនីយ៉ាស​យល់​ថា ការ​ប្រឆាំង​គ្នា​ដូច្នេះ នាំ​ឲ្យ​កើត​អន្ត‌រាយ ហើយ​ឃើញ​ថា លោក​អាប៉ូឡូ‌នីយ៉ូស ជា​កូន​របស់​លោក​មេណេថេ ជា​អភិបាល​ស្រុក​ស៊ីរី និង​ស្រុក​ភេនីស៊ី​ទាំង​មូល ញុះ​ញង់​លោក​ស៊ីម៉ូន ឲ្យ​មាន​ចិត្ត​អាក្រក់​ប្រឆាំង​នឹង​គាត់។  ដូច្នេះ លោក​ចូល​ទៅ​គាល់​ស្តេច គ្មាន​គោល​បំណង​ចោទ​ប្រកាន់​ជន​រួម​ជាតិ​របស់​ខ្លួន​ទេ គឺ​លោក​គិត​តែ​ពី​ប្រយោជន៍​រួម ជា​ពិសេស​ផល​ប្រយោជន៍​របស់​ប្រជាជន​ទាំង​មូល។  លោក​យល់​ឃើញ​យ៉ាង​ច្បាស់​ថា ប្រសិន​បើ​ព្រះ‌រាជា​មិន​ចេញ​រាជ‌ក្រឹត្យ​ទេ​នោះ សន្តិ‌ភាព​ក៏​មិន​អាច​កើត​មាន ក្នុង​ចំណោម​មន្ត្រី​រាជ​ការ​ឡើយ រីឯ​លោក​ស៊ីម៉ូន​ក៏​មិន​ចោល​គំនិត​លេលា​របស់​គាត់​ដែរ។
មហា​បូជា‌ចារ្យ​យ៉ាសូន​បង្ខំ​ឲ្យ​ប្រជាជន​កាន់​តាម​អរិយ‌ធម៌​ក្រិក
(១មបា, ១.១០-១៥)
 ព្រះ‌បាទ​សេលើគូស​សោយ​ទិវង្គត​ហើយ។ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ហៅ​អេពីផាន​ឡើង​ស្នង​រាជ្យ។ លោក​យ៉ាសូន ជា​ប្អូន​របស់​លោក​អូនីយ៉ាស ដណ្ដើម​យក​មុខ‌ងារ​ជា​មហា​បូជា‌ចារ្យ។  លោក​សុំ​ចូល​គាល់​ព្រះ‌រាជា ហើយ​សន្យា​ថា នឹង​ថ្វាយ​ប្រាក់​ចំនួន​មួយ‌ម៉ឺន​គីឡូ‌ក្រាម និង​ប្រាក់​ពីរ‌ពាន់​ពីរ‌រយ​គីឡូ‌ក្រាម​ទៀត ដែល​បាន​មក​ពី​ការ​ហូត​ពន្ធដារ​ផ្សេងៗ។  ប្រសិន​បើ​ព្រះ‌រាជា​អនុញ្ញាត​ឲ្យ​លោក​សង់​កីឡា‌ដ្ឋាន និង​មណ្ឌល​សម្រាប់​ហ្វឹក​ហ្វឺន​យុវ‌ជន ព្រម​ទាំង​ធ្វើ​ជំរឿន​ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម ដែល​អាច​ចូល​សញ្ជាតិ​អន់ទី‌យ៉ូក​នោះ លោក​យ៉ាសូន​សន្យា​ថា នឹង​ថ្វាយ​ប្រាក់​ចំនួន​បួន‌ពាន់​គីឡូ‌ក្រាម​ថែម​ទៀត។  ព្រះ‌រាជា​ក៏​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក។ ពេល​លោក​យ៉ាសូន​ដណ្ដើម​អំណាច លោក​ណែ​នាំ​បង‌ប្អូន​រួម​ជាតិ ឲ្យ​ប្ដូរ​របៀប​រស់​នៅ​តាម​អរិយធម៌​ក្រិក​វិញ។ ១១ លោក​លុប​បំបាត់​ចោល​រាជ​ក្រឹត្យ ដែល​ស្ដេច​អនុគ្រោះ​ឲ្យ​ជន​ជាតិ​យូដា​មិន​បាច់​បង់​ពន្ធ នៅ​ពេល​លោក​យ៉ូហាន ជា​ឪពុក​របស់​លោក​អឺប៉ូឡែម​ធ្វើ​អន្តរា‌គមន៍។ (នៅ​គ្រា​នោះ គេ​ចាត់​ឲ្យ​លោក​អឺប៉ូឡែម​ទៅ​ក្រុង​រ៉ូម​ក្នុង​ឋានៈ​ជា​ទូត ដើម្បី​ចង​សម្ពន្ធ‌មិត្ត និង​ចង​មិត្ត‌ភាព​ជា​មួយ​ជន​ជាតិ​រ៉ូម៉ាំង)។ លោក​យ៉ាសូន​បំផ្លាញ​ទំនៀម​ទម្លាប់​ដែល​ស្រប​តាម​ធម្ម‌វិន័យ ដើម្បី​អនុវត្ត​តាម​ទំនៀម​ទម្លាប់់ ដែល​ផ្ទុយ​ពី​ធម្ម‌វិន័យ។ ១២ លោក​សប្បាយ​ចិត្ត​ដោយ​បាន​សង់​កីឡា‌ដ្ឋាន​នៅ​ជើង​ភ្នំ​នៃ​ទី​ក្រុង ហើយ​នាំ​យុវ‌ជន​ដ៏​ស្អាតៗ​ជាង​គេ​មក​ហាត់​ហ្វឹក​ហ្វឺន តាម​របៀប​ក្រិក។ ១៣ ហេតុ​នេះ​ហើយ​បាន​ជា​អារ្យ‌ធម៌​ក្រិក និង​ឥទ្ឋិ‌ពល​បរទេស ចូល​មក​ក្នុង​ស្រុក​យូដា​ច្រើន​ហួស​កម្រិត ដោយ​សារ​តែ​ចិត្ត​ពាល​ហួស​និស្ស័យ​របស់​លោក​យ៉ាសូន។ គាត់​ជា​ជន​អន្ឋពាល ពុំ​មែន​ជា​មហា​បូជា‌ចារ្យ​ទេ។ ១៤ ក្រុម​បូជា‌ចារ្យ​មិន​យក​ចិត្ត​ទុក​ដាក់​បម្រើ​អាសនៈ​ទេ គឺ​ពួក​គេ​មិន​គោរព​ព្រះ‌វិហារ ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ថ្វាយ​យញ្ញ‌បូជា​ឡើយ។ ពេល​ឮ​ស្នូរ​ជួង​បន្លឺ​ឡើង ពួក​គេ​ប្រញាប់​ប្រញាល់​ចេញ​ទៅ​ទទួល​ប្រេង ដែល​មាន​ចែក​ក្នុង​កីឡា‌ដ្ឋាន ទោះ​បី​ធម្ម‌វិន័យ​ហាម​ឃាត់​ក៏​ដោយ។ ១៥ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​កិត្តិយស ដែល​បាន​មក​តាម‌រយៈ​ប្រពៃណី​ដូន‌តា​ទេ គឺ​គិត​តែ​ពី​រក​កិត្តិយស ដែល​បាន​មក តាម​របៀប​ក្រិក​វិញ។ ១៦ ហេតុ​នេះ​ហើយ នៅ​ពេល​ក្រោយ ពួក​គេ​ជួប​ប្រទះ​នឹង​ការ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ ព្រោះ​គេ​ខិត​ខំ​យក​តម្រាប់​តាម​ជន​ជាតិ​ក្រិក និង​ខិត​ខំ​ធ្វើ​ឲ្យ​បាន​ដូច​គេ​ទាំង​អស់ តែ​ជន​ជាតិ​ក្រិក​ក្លាយ​ទៅ​ជា​ខ្មាំង​សត្រូវ ជិះ​ជាន់​សង្កត់​សង្កិន​ពួក​គេ​វិញ។ ១៧ មនុស្ស​ដែល​បំពាន​វិន័យ​របស់​ព្រះ‌ជាម្ចាស់ រមែង​តែង​តែ​ទទួល​ផល​វិបាក! ដូច​ព្រឹត្តិ‌ការណ៍ ដែល​កើត​មាន​នៅ​ជំនាន់​ក្រោយ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ស្រាប់។
១៨ នៅ​គ្រា​នោះ មាន​ការ​ប្រកួត​កីឡា​នៅ​ក្រុង​ទីរ៉ុស ដូច​គេ​ធ្លាប់​ចាត់​ចែង​រៀង​រាល់​បួន​ឆ្នាំ​ម្ដង ដោយ​មាន​ទាំង​ស្ដេច​យាង​ចូល​ទត​ដែរ។ ១៩ ជន​អន្ឋពាល​យ៉ាសូន​នេះ​ចាត់​តំណាង​ជន​ជាតិ​យូដា ដែល​ចូល​សញ្ជាតិ​អន់ទី‌យ៉ូក ឲ្យ​ទៅ​ចូល​រួម​ប្រកួត​កីឡា​ជា​មួយ​គេ ព្រម​ទាំង​នាំ​យក​ប្រាក់​បី‌រយ​ដួង​សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អេរ៉ាគ្លេស។ ប៉ុន្តែ ពួក​អ្នក​ដែល​នាំ​យក​ប្រាក់​នេះ​ទៅ យល់​ឃើញ​ថា​មិន​គួរ​ចំណាយ​ប្រាក់​សម្រាប់​ធ្វើ​យញ្ញ‌បូជា​នេះ​ទេ គួរ​ទុក​ប្រាក់​នេះ​សម្រាប់​ចំណាយ​ក្នុង​ករណី​ផ្សេង​វិញ។ ២០ ហេតុ​នេះ ពួក​អ្នក​ដែល​នាំ​យក​ប្រាក់​សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ព្រះ‌អេរ៉ាគ្លេស​សម្រេច​ថា យក​ប្រាក់​នោះ​ធ្វើ​នាវា​ចម្បាំង​ផ្ទុយ​ពី​បំណង​របស់​លោក​យ៉ាសូន។
ប្រជាជន​ក្រុង​យេរូ‌សាឡឹម​អបអរ‌សាទរ​ព្រះ‌បាទ​អន់ទី‌យ៉ូគូស
២១ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ចាត់​លោក​អាប៉ូឡូ‌នីយ៉ូស ជា​កូន​របស់​លោក​មេណេថេ ទៅ​ស្រុក​អេស៊ីប ដើម្បី​ចូល​រួម​ពីធី​អភិសេក​របស់​ព្រះ‌បាទ​ភីឡូ‌មេទ័រ។ នៅ​ពេល​នោះ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ជ្រាប​ថា ស្ដេច​ស្រុក​អេស៊ីប​មិន​យល់​ស្រប​នឹង​នយោ‌បាយ​របស់​ខ្លួន​ទេ។ ដូច្នេះ ព្រះ‌រាជា​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​នឹង​សន្តិ‌សុខ ក្នុង​រាជា‌ណាចក្រ​របស់​ខ្លួន។ ហេតុ​នេះ​ហើយ ព្រះ‌អង្គ​យាង​ទៅ​ក្រុង​យ៉ូប៉េ រួច​បន្ត​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម​ទៀត។ ២២ លោក​យ៉ាសូន និង​ប្រជាជន​ក្នុង​ក្រុង ទទួល​ស្វាគមន៍​ព្រះ‌រាជា​យ៉ាង​អធិក‌អធម យាង​ព្រះ‌រាជា​ចូល​ទីក្រុង​ទាំង​អបអរ ក្រោម​ពន្លឺ​ភ្លើង​ចន្លុះ និង​សំឡេង​ជយ‌ឃោស​ផង។ បន្ទាប់​មក ព្រះ‌រាជា​នាំ​កង‌ទ័ព​ទៅ​បោះ​ទី​តាំង​នៅ​ស្រុក​ភេនីស៊ី។
លោក​ម៉េណេឡា​ឡើង​ធ្វើ​ជា​មហា​បូជា‌ចារ្យ
២៣ បី​ឆ្នាំ​ក្រោយ​មក លោក​យ៉ាសូន​ចាត់​លោក​ម៉េណេឡា ជា​ប្អូន​របស់​លោក​ស៊ីម៉ូន ដែល​បាន​រៀប​រាប់​ខាង​លើ ឲ្យ​នាំ​យក​ប្រាក់​មួយ​ចំនួន​ទៅ​ថ្វាយ​ស្តេច ព្រម​ទាំង​ចរចា​អំពី​ការ​ងារ​សំខាន់ៗ។ ២៤ លោក​ម៉េណេឡា​ចូល​គាល់​ព្រះ‌រាជា ដោយ​ធ្វើ​ឫក​ពារ​ជា​អ្នក​មាន​អំណាច​យ៉ាង​ខ្ពង់​ខ្ពស់។ គាត់​យក​ប្រាក់​ចំនួន​បី‌រយ​ណែន លើស​ពី​ប្រាក់​របស់​លោក​យ៉ាសូន​ថ្វាយ​ព្រះ‌រាជា ដើម្បី​ទទួល​មុខងារ​ជា​មហា​បូជា‌ចារ្យ​ជំនួស​លោក​យ៉ាសូន។ ២៥ លោក​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​កាន់​រាជ​ក្រឹត្យ​តែង​តាំង​ពី​ព្រះ‌រាជា ប៉ុន្តែ លោក​មិន​បាន​ប្រព្រឹត្ត​អ្វី ឲ្យ​សម​នឹង​ឋានៈ​របស់​ខ្លួន​ជា​មហា​បូជា‌ចារ្យ​ទេ គឺ​លោក​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ កាន់​អំណាច​ផ្តាច់​ការ គ្មាន​ត្រា​ប្រណី​ដូច​សត្វ​សាហាវ។ ២៦ ដូច្នេះ លោក​យ៉ាសូន​ដែល​ដណ្តើម​មុខងារ​ជា​មហា​បូជា‌ចារ្យ​ពី​បង​របស់​ខ្លួន ក៏​ត្រូវ​អ្នក​ដទៃ​ដណ្តើម​យក​មុខងារ​នេះ ពី​គាត់​វិញ​ដែរ ហើយ​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អាំម៉ាន់។ ២៧ រីឯ​លោក​ម៉េណេឡា​វិញ គាត់​ឡើង​កាន់​អំណាច​មែន ប៉ុន្តែ គាត់​មិន​យក​មាស​ប្រាក់​ទៅ​ថ្វាយ​ព្រះ‌រាជា ដូច​ពាក្យ​ដែល​លោក​សន្យា​នោះ​ទេ។ ២៨ លោក​សូស្ត្រាត​ដែល​ជា​មេ​បញ្ជា​ការ​នៅ​ក្រុង​យេរូ‌សាឡឹម ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រមូល​ពន្ធដារ នៅ​តែ​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ប្រាក់​នោះ។ ទី​បញ្ចប់ ព្រះ‌រាជា​កោះ​ហៅ​អ្នក​ទាំង​ពីរ​ឲ្យ​ចូល​គាល់។ ២៩ លោក​ម៉េណេឡា​ឲ្យ​លោក​លីស៊ីម៉ាក ជា​ប្អូន បំពេញ​មុខងារ​ជា​មហា​បូជា‌ចារ្យ​ជំនួស​លោក រីឯ​លោក​សូស្ត្រាត​ក៏​ឲ្យ​លោក​ក្រាទែស ធ្វើ​ជា​មេទ័ព​របស់​ពួក​ទាហាន​កោះ​គីប្រុស​ជំនួស​លោក​ដែរ។
លោក​អូនីយ៉ាស​ត្រូវ​គេ​ធ្វើ​ឃាត
៣០ នៅ​គ្រា​នោះ អ្នក​ក្រុង​តារសូស និង​អ្នក​ក្រុង​ម៉ាឡូស បះ​បោរ​ប្រឆាំង​នឹង​ស្តេច ព្រោះ​ស្តេច​បាន​ប្រគល់​ក្រុង​ទាំង​ពីរ​ទៅ​ឲ្យ​នាង​អន់ទី‌យ៉ូឃីស ជា​ស្នំ‌ឯក​របស់​ស្តេច។ ៣១ ដូច្នេះ ព្រះ‌រាជា​យាង​ចេញ​យ៉ាង​ប្រញាប់ ដើម្បី​បង្ក្រាប​ពួក​បះ​បោរ ដោយ​ទុក​ឲ្យ​លោក​អន់ដ្រូនីក ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ ទទួល​បន្ទុក​ជំនួស។ ៣២ លោក ម៉េណេឡា​យល់​ឃើញ​ថា នេះ​ជា​ឱកាស​ល្អ​សម្រាប់​គាត់​ហើយ! គាត់​ក៏​លួច​យក​គ្រឿង​មាស​ខ្លះ​ពី​ទី​សក្ការៈ ជូន​ជា​អំណោយ​ដល់​លោក​អន់ដ្រូនីក។ គាត់​ក៏​ឆ្លៀត​លក់​គ្រឿង​មាស​ប្រាក់​ខ្លះ​ទៀត នៅ​ក្រុង​ទីរ៉ុស និង​ក្រុង​ជិត​ខាង។ ៣៣ លោក​អូនីយ៉ាស​ទទួល​ព័ត៌​មាន​យ៉ាង​ច្បាស់​អំពី​រឿង​នេះ លោក​ក៏​ភៀស​ខ្លួន​ទៅ​ពួន​ក្នុង​វិហារ​នៅ​ក្រុង​ដាប់ណេ ក្បែរ​ក្រុង​អន់ទីយ៉ូក ជា​ជម្រក​ដែល​គ្មាន​នរណា​មាន​សិទ្ធិ​ចូល​បាន ហើយ ចោទ​ប្រកាន់​លោក​ម៉េណេឡា​យ៉ាង​ខ្លាំង។ ៣៤ លោក​ម៉េណេឡា ជួប​លោក​អន់ដ្រូនីក​ជា​សម្ងាត់ ហើយ​ញុះ​ញង់​ឲ្យ​សម្លាប់​លោក​អូនីយ៉ាស។ ដូច្នេះ លោក​អន់ដ្រូនីក​ទៅ​ជួប​លោក​អូនីយ៉ាស ដោយ​ប្រើ​ល្បិច‌កល លោក​លូក​ដៃ​ស្តាំ​ទៅ​គេ​បញ្ជាក់​ថា លោក​អត់​ទោស​ឲ្យ​ទាំង​ស្បថ​ស្បែ។ ធ្វើ​ដូច្នេះ លោក​បញ្ចុះ​បញ្ចូល​លោក​អូនីយ៉ាស ឲ្យ​ចេញ​ពី​ជម្រក ទោះបី​លោក​អូនីយ៉ាស​នៅ​តែ​មាន​ការ​សង្ស័យ​ក្តី។ លុះ​លោក​អូនីយ៉ាស​ចេញ​ពី​ជម្រក​ហើយ លោក​អន់ដ្រូនីក​សម្លាប់​គាត់​ភ្លាម ដោយ​មិន​គោរព​យុត្តិ‌ធម៌​សោះ​ឡើយ។ ៣៥ ឃាត​កម្ម​ដ៏​អយុត្តិ‌ធម៌​លើ​មនុស្ស​សុច​រិត​នេះ មិន​គ្រាន់​តែ​បណ្តាល​ឲ្យ​ជន​ជាតិ​យូដា​ជ្រួល​ច្របល់ ប៉ុណ្ណោះ​ទេ សូម្បី​តែ​សាសន៍​ដទៃ​ជាច្រើន​ក៏​ទាស់​ចិត្ត និង​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​ដែរ។
៣៦ កាល​ព្រះ‌រាជា​យាង​ត្រឡប់​មក​ពី​បង្ក្រាប​អ្នក​ក្រុង​ស៊ីលីស៊ី​វិញ ជន​ជាតិ​យូដា​នៅ​ក្រុង​អន់ទីយ៉ូក និង​ជន​ជាតិ​ក្រិក​មួយ​ចំនួន ដែល​ស្អប់​ខ្ពើម​អំពើ​អាក្រក់​ដូច​ជន​ជាតិ​យូដា នាំ​គ្នា​ចូល​ទៅ​គាល់​ស្តេច តវ៉ា​អំពី​អំពើ​ឃាត​កម្ម​ដែល​គ្មាន​ហេតុ​ផល​លើ​លោក​អូនីយ៉ាស។ ៣៧ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​មាន​ព្រះ‌ហឫទ័យ​សោក​សង្រេង អាណិត‌អាសូរ​លោក​អូនីយ៉ាស​ខ្លាំង​ណាស់ ព្រះ‌រាជា​ព្រះ‌អង្គ​ព្រះ​កន្សែង ដោយ​នឹក​ដល់​ប្រាជ្ញា និង​ចិត្ត​ស្លូត​ត្រង់​របស់​លោក។ ៣៨ ព្រះ‌រាជា​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង បញ្ជា​ឲ្យ​គេ​ដោះ​អាវ​ស្វាយ​ពី​លោក​អន់ដ្រូនីក​ចេញ​ភ្លាម ហែក​សម្លៀក​បំពាក់​នោះ​ចោល ហើយ​បណ្តើរ​អាក្រាត​ក្នុង​ក្រុង​ទាំង​មូល រហូត​ដល់​កន្លែង​ដែល​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់​បំផុត ដោយ​ប្រហារ​ជីវិត​លោក​អូនីយ៉ាស ព្រះ‌អង្គ​ក៏​ប្រហារ​ជីវិត​ឃាតករ​នៅ​ទីនោះ​ដែរ។ ព្រះ‌អម្ចាស់​ដាក់​ទោស​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​លោក​អន់តូនីក។
លោក​លីស៊ីម៉ាក​ត្រូវ​ស្លាប់
៣៩ នៅ​គ្រា​នោះ លោក​លីស៊ីម៉ាក​បាន​លួច​យក​គ្រឿង​សក្ការៈ​ជា​ច្រើន ក្នុង​ព្រះ‌វិហារ​នៃ​ក្រុង​យេរូ‌សាឡឹម ដោយ​ផ្សំ​គំនិត​ជាមួយ​លោក​ម៉េណេឡា ជា​បង។ គ្រឿង​ប្រដាប់​ដែល​ធ្វើ​ពី​មាស និង​ប្រាក់​ជា​ច្រើន​ត្រូវ​បាត់​បង់។ ដំណឹង​នេះ​ក៏​លេច​ឮ​ពាស​ពេញ​ក្នុង​ក្រុង។ ប្រជាជន​នាំ​គ្នា​បះ​បោរ​ប្រឆាំង​នឹង​លោក​លីស៊ីម៉ាក។ ៤០ ពេល​លោក​លីស៊ីម៉ាក​ឃើញ​ប្រជាជន​បះ​បោរ ទាំង​កំហឹង​ពុះ​កញ្ជ្រោល​ដូច្នេះ លោក​រៀប​ចំ​កង‌ទ័ព ប្រហែល​បី‌ពាន់​នាក់ ចេញ​ទៅ​បង្ក្រាប​មហា‌ជន​ដោយ​អយុត្តិ‌ធម៌ ក្រោម​ការ​ដឹក​នាំ​របស់​លោក​អូរ៉ានូស ជា​មនុស្ស​ដែល​មាន​អាយុ​ច្រើន ហើយ​លេលា​ផង។ ៤១ ប្រជាជន​សង្កេត​ឃើញ​ថា កង‌ទ័ព​វាយ​ប្រហារ​មក​លើ​ពួក​គេ​ដូច្នេះ គឺ​បណ្តាល​មក​ពី​លោក​លីស៊ីម៉ាក ហេតុ​នេះ អ្នក​ខ្លះ​យក​ដុំ‌ថ្ម អ្នក​ខ្លះ​យក​ព្រនង់​មក​វាយ អ្នក​ខ្លះ​យក​ផេះ​ដែល​នៅ​ក្បែរ​អាសនៈ ក្តាប់​បាច​មក​លើ​កង‌ទ័ព​របស់​លោក​លីស៊ីម៉ាក ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង។ ៤២ ពួក​គេ​វាយ​កង‌ទ័ព​មួយ​ចំនួន​ធំ​ឲ្យ​របួស ហើយ​ខ្លះ​ត្រូវ​ស្លាប់​ទៀត​ផង។ គេ​បណ្តេញ​អ្នក​ដែល​នៅ​សេស​សល់​ឲ្យ​រត់​អស់ ហើយ​ប្រហារ​ជីវិត​លោក​លីស៊ីម៉ាក ដែល​ជា​អ្នក​ប្លន់​គ្រឿង​សក្ការៈ​នៅ​ក្បែរ​ឃ្លាំង​នោះ។
៤៣ គេ​ប្តឹង​លោក​ម៉េណេឡា​ពី​ហេតុ​ការណ៍​ទាំង​នេះ។ ៤៤ កាល​ព្រះ‌រាជា​យាង​ទៅ​ក្រុង​ទីរ៉ុស ក្រុម​ព្រឹទ្ធា‌ចារ្យ​ចាត់​មេធាវី​បី​នាក់​ឲ្យ​និយាយ​តវ៉ា​ការ‌ពារ​ក្តី​របស់​គេ នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​របស់​ព្រះ‌រាជា។ ៤៥ លោក​ម៉េណេឡា​ដឹង​ថា គាត់​មុខ​ជា​ចាញ់​ក្តី​ជា​ពុំ​ខាន ហេតុ​នេះ គាត់​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​ជា​ច្រើន​ដល់​លោក​ផ្ទូលេមេ ជា​កូន​របស់​លោក​ដូរីមែន ដើម្បី​ទូល​ព្រះ‌រាជា​ឲ្យ​គាត់​បាន​ឈ្នះ​ក្តី​នោះ។ ៤៦ ដូច្នេះ​លោក​ផ្ទូលេមេ​នាំ​ព្រះ‌រាជា​ទៅ​ទីលាន​ខាង​ក្រៅ ដោយ​យក​លេស​ថា ទៅ​យក​ខ្យល់‌អាកាស ហើយ​ទូល​ស្តេច​ឲ្យ​ដូរ​ព្រះ‌ហឫទ័យ។ ៤៧ ព្រះ‌រាជា​លើក​លែង​ទោស​ជន‌ពាល​ម៉េណេឡា ដែល​ជា​អ្នក​បង្ក​គ្រោះ​កាច​ទាំង​អស់​នេះ ឲ្យ​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ទាំង​អស់។ ផ្ទុយ​ទៅ​វិញ ស្តេច​កាត់​ទោស​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​ដែល​ឡើង​ការ‌ពារ​ក្តី​របស់​គេ។ សូម្បី​តែ​ជន​ជាតិ​ស៊ីត​ដ៏​ឃោរ​ឃៅ ក៏​គេ​ចេះ​គិត​ថា ប្រសិន​បើ​ពួក​គេ​ជា​អ្នក​វិនិច្ឆ័យ​ក្នុង​រឿង​នេះ ពួក​គេ​មុខ​ជា​ដោះ​លែង​ជន​ស្លូត​ត្រង់​ទាំង​នោះ​ឲ្យ​រួច​ខ្លួន​ពុំខាន!។ ៤៨ រំពេច​នោះ គេ​ប្រហារ​ជីវិត​អស់​អ្នក​ដែល​បាន​និយាយ​ការ‌ពារ​ក្រុង​ស្រុក​ភូមិ និង​គ្រឿង​ប្រដាប់​សក្ការៈ។ ការ​នេះ​ពិត​ជា​អយុត្តិ‌ធម៌​មែន!។ ៤៩ ហេតុ​នេះ អ្នក​ក្រុង​ទីរ៉ុស ទាស់​ចិត្ត​នឹង​អំពើ​អាក្រក់​នេះ ហើយ​នាំគ្នា​ជួយ​ធ្វើ​ពិធី​បញ្ចុះ​សព​អ្នក​ទាំង​នោះ​យ៉ាង​អធិក​អធម។ ៥០ ចំពោះ​លោក​ម៉េណេឡា នៅ​តែ​កាន់​អំណាច​រហូត ដោយ​សារ​តែ​អ្នក​គ្រប់​គ្រង​មាន​ចិត្ត​លោភ​លន់។ គាត់​មាន​ចិត្ត​កាន់​តែ​អាក្រក់​ឡើងៗ ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​យ៉ាង​ធំ​របស់​បង‌ប្អូន​រួម​ជាតិ។