នាងយូឌីតស្នាក់អាស្រ័យនៅក្នុងជំរំខ្មាំងសត្រូវ
១ លោកហូឡូភែរនាំនាងទៅកាន់តុរបស់លោក ដែលមានសុទ្ធតែចាន និងកែវដែលធ្វើពីប្រាក់។ លោកបញ្ជាឲ្យគេយកម្ហូបអាហារ និងស្រារបស់លោកផ្ទាល់ មកជូននាងពិសា។ ២ ប៉ុន្តែ នាងយូឌីតពោលថា៖ «នាងខ្ញុំមិនអាចបរិភោគអាហាររបស់លោកទេ ក្រែងនាំឲ្យនាងខ្ញុំប្រព្រឹត្តល្មើសនឹងវិន័យ។ នាងខ្ញុំនឹងបរិភោគអាហារ ដែលនាងខ្ញុំបានយកមកជាមួយ»។ ៣ លោកហូឡូភែរសួរថា៖ «នៅពេលស្បៀងអាហារទាំងនេះអស់ តើឲ្យយើងទៅរកអាហារដូចនេះសម្រាប់នាងឯណា! បើគ្មានជនជាតិអ៊ីស្រាអែលណាម្នាក់នៅក្នុងជំរំនេះផង?»។ ៤ នាងយូឌីតតបវិញថា៖ «ក្នុងនាមលោកម្ចាស់ដែលមានជីវិត ព្រះអម្ចាស់នឹងសម្រេចគម្រោងការរបស់ព្រះអង្គដោយសារនាងខ្ញុំ មុនពេលដែលត្រូវអស់ស្បៀងអាហារនេះទៅទៀត»។ ៥ នាយទាហានរបស់លោកហូឡូភែរនាំនាងចូលទៅក្នុងជំរំ ហើយនាងក៍សម្រាន្ដលក់រហូតដល់កណ្ដាលអធ្រាត្រ។ លុះថ្ងៃជិតរះ នាងក្រោកពីដំណេក ៦ ហើយឲ្យគេទៅជម្រាបលោកហូឡូភែរថា៖ «សូមលោកម្ចាស់ អនុញ្ញាតឲ្យនាងខ្ញុំចេញទៅក្រៅ ដើម្បីអធិដ្ឋាន»។ ៧ លោកហូឡូភែរបញ្ជាដល់អង្គរក្សរបស់លោកអនុញ្ញាតឲ្យនាងចេញទៅ។ នាងយូឌីតស្នាក់ក្នុងជំរំអស់រយៈពេលបីថ្ងៃ។ នៅពេលយប់ នាងតែងតែចេញពីជំរំទៅជ្រលងភ្នំក្បែរក្រុងបេតធូលី នាងតែងតែចុះងូតទឹកនៅត្រង់ប្រភពទឹកនោះ។ ៨ ពេលនាងឡើងមកវិញ នាងអង្វរព្រះជាម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល សូមព្រះអង្គនាំផ្លូវនាង ដើម្បីសង្គ្រោះជនជាតិអ៊ីស្រាអែលឲ្យមានសេរីភាពឡើងវិញ។ ៩ បន្ទាប់ពីជម្រះកាយឲ្យបរិសុទ្ធហើយ នាងក៏ត្រឡប់មកជំរំវិញ ហើយស្នាក់នៅទីនោះ រហូតដល់ពេលគេយកអាហារសម្រាប់ពេលល្ងាច មកជូននាងបរិភោគ។
ពិធីជប់លៀងរបស់លោកហូឡូភែរ
១០ ដល់ថ្ងៃទីបួន លោកហូឡូភែរអញ្ជើញតែនាយទាហាន ដែលជាសហការីជិតដិតនឹងលោកតែប៉ុណ្ណោះ។ លោកមិនបានអញ្ជើញនាយទាហានឯទៀតៗទេ។ ១១ លោកមានប្រសាសន៍ ទៅកាន់លោកបាកូអាស ដែលជាមហាតលិកទទួលខុសត្រូវលើកិច្ចការទាំងអស់របស់លោកថា៖ «សូមទៅនិយាយលួងលោម បញ្ចុះបញ្ចូល ស្ត្រីជនជាតិហេប្រឺដែលលោកមើលថែរក្សា ឲ្យមកពិសាអាហារ និងស្រាជាមួយពួកយើង។ ១២ ប្រសិនបើយើងបណ្ដោយឲ្យស្ត្រីដ៏ល្អស្អាតបែបនេះរួចខ្លួន ដោយមិនបានឆក់ឱកាសសប្បាយជាមួយនាងទេនោះគួរឲ្យអាម៉ាស់ខ្លាំងណាស់។ បើយើងមិនបានឆ្លៀតឱកាសទេ នាងប្រាកដជាសើចចំអកដាក់យើងមិនខាន»។ ១៣ ពេលនោះ លោកបាកូអាសក៏ចាកចេញពីលោកហូឡូភែរ ទៅជួបនាងយូឌីត ហើយប្រាប់នាងថា៖ «ស្រស់ស្រីអើយ! ម្ចាស់ខ្ញុំអញ្ជើញនាងទៅជំរំរបស់លោក កុំរួញរាឡើយ! សូមនាងអញ្ជើញចូលរួមពិសាស្រាជាមួយពួកយើង នាងនឹងទទួលកិត្តិយស ហើយបានសប្បាយដូចពួកស្រីៗរបស់ជនជាតិអាស្ស៊ីរីនៅក្នុងរាជវាំងរបស់ព្រះបាទនេប៊ូកានេសារដែរ»។ ១៤ នាងយូឌីតឆ្លើយតបវិញថា៖ «តើនាងជានរណា ទើបហ៊ានបដិសេធការអញ្ជើញរបស់ម្ចាស់នាងខ្ញុំកើត!។ នាងខ្ញុំមិនរារែកធ្វើអ្វីៗទាំងអស់ ដែលគាប់ចិត្តលោកម្ចាស់ ដោយសប្បាយរីករាយអស់មួយជីវិត!»។ ១៥ នាងក្រោកឡើង យកសម្លៀកបំពាក់ដ៏ល្អប្រណីត និងគ្រឿងអលង្ការមកពាក់។ ស្រីបម្រើរបស់នាងចូលទៅក្នុងជំរំលោកហូឡូភែរ ហើយយកស្បែកចៀមដែលលោកបាកូអាសបានប្រគល់ឲ្យនាងប្រើប្រាស់ជារៀងរាល់ថ្ងៃ នៅពេលបរិភោគ។ ១៦ នាងយូឌីតចូលទៅក្នុងជំរំ ហើយទម្រេតខ្លួនលើស្បែកចៀមនោះ។ ពេលនោះ លោកហូឡូភែររំភើបចិត្ត ហើយស្រើបស្រាលជាខ្លាំង ដោយចង់រួមរស់ជាមួយនាង។ តាំងពីលោកឃើញនាងជាលើកដំបូងម្ល៉េះ លោកតែងរង់ចាំឱកាសល្អ ដើម្បីលួងលោមបញ្ចុះបញ្ចូលនាង។ ១៧ លោកហូឡូភែរ មានប្រសាសន៍ទៅកាន់នាងថា៖ «សូមនាងពិសាស្រាសប្បាយជាមួយយើង»។ ១៨ នាងយូឌីតតបវិញថា៖ «លោកម្ចាស់ ថ្ងៃនេះនាងខ្ញុំយល់ព្រមផឹកស្រា ព្រោះតាំងពីកើតមករហូតដល់សព្វថ្ងៃ នាងខ្ញុំពុំដែលមានកិត្តិយសដូចថ្ងៃនេះទេ!»។ ១៩ នាងយូឌីតបរិភោគម្ហូបអាហារដែលអ្នកបម្រើបានរៀបចំពីផ្ទះនៅទល់មុខលោកហូឡូភែរ។ ២០ លោកហូឡូភែរសប្បាយចិត្តយ៉ាងខ្លាំង ព្រោះតែនាងយូឌីត។ លោកផឹកស្រាយ៉ាងច្រើនលើសពីពេលណាៗទាំងអស់។