អ្នកដឹកនាំត្រូវស្វែងយល់អំពីព្រះប្រាជ្ញាញាណ
១ ស្តេចទាំងឡាយ សូមស្តាប់ និងយល់! អស់អ្នកដែលគ្រប់គ្រងផែនដីអើយ សូមអញ្ជើញមកសិក្សា! ២ អស់អ្នកដែលមានអំណាចលើមហាជនទាំងឡាយ ហើយអួតអាងថា ខ្លួនត្រួតត្រាលើប្រជាជាតិដ៏ច្រើនឥតគណនាអើយ សូមផ្ទៀងត្រចៀកស្តាប់! ៣ សូមជ្រាបថា អស់លោកបានទទួលអំណាចគ្រប់គ្រងពីព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គនឹងពិនិត្យមើលកិច្ចការដែលអស់លោកធ្វើ ព្រះអង្គតាមសង្កេតមើលគោលបំណងរបស់អស់លោក។ ៤ អស់លោកកាន់អំណាចក្នុងនាមព្រះអម្ចាស់ ដែលជាព្រះមហាក្សត្រ។ ប្រសិនបើអស់លោកមិនគ្រប់គ្រងដោយយុត្តិធម៌ មិនគោរពច្បាប់ ហើយមិនធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។ ៥ នោះព្រះអង្គនឹងដាក់ទោសអស់លោកយ៉ាងទាន់ហន់ គួរឲ្យភ័យខ្លាច ដ្បិតព្រះអង្គវិនិច្ឆ័យទោសអ្នកកាន់អំណាចដោយឥតត្រាប្រណី។ ៦ ព្រះអង្គតែងតែលើកលែងទោស និងអាណិតមេត្តាអ្នកតូចតាច តែព្រះអង្គវិនិច្ឆ័យទោសយ៉ាងតឹងរ៉ឹង ចំពោះអ្នកកាន់អំណាច។ ៧ ព្រះដែលជាម្ចាស់នៃមនុស្សទាំងអស់មិនយោគយល់នរណាឡើយ ហើយព្រះអង្គក៏មិនគិតពីឋានៈរបស់គេដែរ ព្រោះព្រះអង្គបង្កើតមនុស្សទាំងតូច ទាំងធំ ហើយថែរក្សាមនុស្សទាំងអស់តាមរបៀបតែមួយ។ ៨ ប៉ុន្តែ ព្រះអង្គពិនិត្យពិច័យមើលអ្នកមានអំណាចយ៉ាងហ្មត់ចត់។ ៩ អ្នកកាន់អំណាចទាំងឡាយអើយ! ខ្ញុំសូមជម្រាបសេចក្តីទាំងនេះជូន ដើម្បីឲ្យអស់លោករៀនមានប្រាជ្ញា និងចៀសវាងការវង្វេង។ ១០ អស់អ្នកដែលកាន់តាមវិន័យដ៏វិសុទ្ធឥតខ្ចោះ ព្រះជាម្ចាស់នឹងរាប់គេទុកជាមនុស្សដ៏វិសុទ្ធ ហើយអស់អ្នកដែលសុខចិត្តទទួលការអប់រំពីវិន័យទាំងនោះ នឹងអាចដោះសារការពារខ្លួន នៅពេលព្រះអង្គវិនិច្ឆ័យទោស។ ១១ ហេតុនេះសូមយកចិត្តទុកដាក់ស្តាប់ពាក្យរបស់ខ្ញុំ! សូមស្វះស្វែងប្រាថ្នាចង់បានពាក្យនេះ ហើយទទួលការអប់រំផង។
មនុស្សសុចរិតរមែងរកឃើញព្រះប្រាជ្ញាញាណ
១២ ព្រះប្រាជ្ញាញាណភ្លឺចិញ្ចែងចិញ្ចាចជានិច្ចមិនចេះស្រអាប់ឡើយ។ ព្រះប្រាជ្ញាញាណបង្ហាញព្រះអង្គឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ អស់អ្នកដែលស្វែងរកព្រះប្រាជ្ញាញាណ ក៏រកឃើញព្រះអង្គយ៉ាងស្រួលដែរ។ ១៣ អ្នកដែលប្រាថ្នាចង់បានព្រះប្រាជ្ញាញាណ ព្រះអង្គបង្ហាញឲ្យគេស្គាល់ មុនគេរកឃើញព្រះអង្គទៅទៀត។ ១៤ អ្នកដែលក្រោកពីព្រលឹម ដើម្បីស្វែងរកព្រះប្រាជ្ញាញាណមិននឿយហត់ឡើយ ដ្បិតគេនឹងឃើញព្រះប្រាជ្ញាញាណគង់នៅមាត់ទ្វារផ្ទះរបស់ខ្លួន។ ១៥ អ្នកណាមានចិត្តឆេះឆួល ប្រាថ្នាចង់បានព្រះប្រាជ្ញាញាណ អ្នកនោះមុខជាយល់ដឹងយ៉ាងល្អឥតខ្ចោះ។ រីឯអ្នកដែលប្រុងស្មារតីដោយនឹកដល់ព្រះប្រាជ្ញាញាណ មុខជារួចពីកង្វល់គ្រប់បែបយ៉ាងក្នុងពេលឆាប់ៗ។ ១៦ ចំណែកព្រះប្រាជ្ញាញាណវិញ ព្រះអង្គស្វែងរកអស់អ្នកដែលសមនឹងទទួលព្រះអង្គ ព្រះអង្គក៏សម្ដែងឲ្យពួកគេឃើញដោយព្រះហឫទ័យសប្បុរស ក្នុងគ្រប់កិច្ចការដែលគេធ្វើ ហើយយាងមកជួបពួកគេ គ្រប់ពេលដែលគេគិត។ ១៧ អ្នកណាប៉ងប្រាថ្នាដោយចិត្តស្មោះសរចង់ឲ្យព្រះប្រាជ្ញាញាណអប់រំខ្លួន អ្នកនោះចាប់ផ្តើមមានព្រះប្រាជ្ញាញាណហើយ! ១៨ អ្នកណាប្រាថ្នាចង់ទទួលការអប់រំ អ្នកនោះស្រឡាញ់ព្រះប្រាជ្ញាញាណហើយ។ អ្នកដែលស្រឡាញ់ព្រះប្រាជ្ញាញាណ រមែងកាន់តាមវិន័យរបស់ព្រះអង្គ អ្នកដែលប្រព្រឹត្តតាមវិន័យ មុខជាមានជីវិតមិនចេះសាបសូន្យ។ ១៩ រីឯជីវិតមិនចេះសាបសូន្យ ធ្វើឲ្យខ្លួនស្ថិតនៅក្បែរព្រះជាម្ចាស់ ២០ ដូច្នេះ ការប៉ងប្រាថ្នាចង់បានព្រះប្រាជ្ញាញាណ រមែងនាំមនុស្សទៅកាន់រាជសម្បត្តិ។ ២១ អ្នកដឹកនាំជាតិសាសន៍ទាំងឡាយអើយ! ប្រសិនបើអស់លោកស្រឡាញ់រាជបល្ល័ង្ក និងអំណាច ចូរគោរពព្រះប្រាជ្ញាញាណទៅ នោះអស់លោកមុខជាគ្រងរាជ្យអស់កល្បជានិច្ចពុំខាន។
២២ តើព្រះប្រាជ្ញាញាណជាអ្វីទៅ ហើយព្រះប្រាជ្ញាញាណមានដើមកំណើតយ៉ាងដូម្តេច? ខ្ញុំសូមជម្រាបជូនអស់លោក ខ្ញុំមិនលាក់លៀមសេចក្តីអាថ៌កំបាំងណាឡើយ។ ខ្ញុំនឹងរៀបរាប់អំពីកំណើតនៃព្រះប្រាជ្ញាញាណតាំងពីដើមដំបូងបង្អស់ ខ្ញុំនឹងបរិយាយយ៉ាងច្បាស់នូវសេចក្តី ដែលត្រូវស្គាល់អំពីព្រះអង្គ ដោយមិនប្រាសចាកពីសេចក្តីពិតឡើយ។ ២៣ ខ្ញុំគ្មានបំណងលាក់តម្រិះទុកក្នុងខ្លួន ព្រោះគំនិតបែបនេះមិនចុះសំរុងជាមួយព្រះប្រាជ្ញាញាណទេ។ ២៤ ផ្ទុយទៅវិញ ប្រសិនបើមានអ្នកប្រាជ្ញច្រើន ពិភពលោកមិនត្រូវវិនាសឡើយ ហើយស្តេចដែលមានតម្រិះតែងតែនាំសេចក្តីសុខសាន្តមកឲ្យប្រជារាស្រ្ត។ ២៥ ហេតុនេះ ចូរបណ្តោយឲ្យខ្ញុំបង្រៀនអស់លោក! អស់លោកមុខជាទទួលប្រយោជន៍ពុំខាន។