ទេវទូតប្រគល់ក្រាំងមួយតូចឲ្យលោកយ៉ូហាន
១ ខ្ញុំឃើញទេវទូត*ខ្លាំងពូកែមួយរូបទៀតចុះពីលើមេឃមក មានពពក*ព័ទ្ធជុំវិញខ្លួន មានឆព្វណ្ណរង្សីនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចសសរភ្លើង។ ២ ដៃលោកកាន់ក្រាំងតូចមួយដែលបើកស្រាប់ លោកដាក់ជើងស្ដាំលើសមុទ្រ ជើងឆ្វេងលើដីគោក។ ៣ លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងដូចសឹង្ហគ្រហឹម ហើយពេលទេវទូតនោះបន្លឺសំឡេង ផ្គរទាំងប្រាំពីរក៏លាន់ឮឡើងដែរ។ ៤ ពេលផ្គរលាន់ឮរួចហើយ ខ្ញុំហៀបនឹងសរសេរទុក ស្រាប់តែឮសំឡេងមួយពោលពីលើមេឃមកថា៖ «ចូរលាក់សេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះឲ្យជិត កុំសរសេរទុកឡើយ»។ ៥ រីឯទេវទូតដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្ដាំឡើងទៅលើមេឃ ៦ ហើយស្បថក្នុងព្រះនាមព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី សមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ។ ទេវទូតនោះបានពោលយ៉ាងឱឡារិកថា «គ្មានពន្យារពេលទៀតឡើយ ៧ នៅគ្រាណាទេវទូតទីប្រាំពីរបន្លឺសំឡេងឡើង គឺនៅពេលលោកចាប់ផ្ដើមផ្លុំត្រែ ព្រះជាម្ចាស់នឹងសម្រេចតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ ដូចព្រះអង្គបានប្រទានដំណឹងល្អទុកជាមុន តាមរយៈពួកព្យាការី*ជាអ្នកបម្រើរបស់ព្រះអង្គ»។
៨ បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖ «សូមអញ្ជើញទៅយកក្រាំងតូចបើកស្រាប់ ក្នុងដៃទេវទូតដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។ ៩ ខ្ញុំក៏ដើរទៅរកទេវទូតនោះ ទាំងសុំឲ្យលោកប្រគល់ក្រាំងតូចមកខ្ញុំ។ លោកពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឲ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។ ១០ ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃទេវទូតមកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំ លុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។ ១១ បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងព្រះបន្ទូលសាជាថ្មីទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសានានា និងអំពីស្ដេចជាច្រើនផង»។